Thursday, July 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអធិការរង លក់ដីខ្យល់

អធិការរង លក់ដីខ្យល់

ភ្នំពេញ ៖ លោកវរសេនីយ៍ទោ ជឿន សារួន អធិការរងខណ្ឌព្រែកព្នៅ ដែលរងការចោទប្រកាន់ថា លក់ដីខ្យល់ ទៅឱ្យប្រជាពលរដ្ឋ ជាច្រើនគ្រួសារនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ ហើយត្រូវបានប្រជាពលរដ្ឋលើកគ្នាតវ៉ាថា ទិញដីមិនបានដី បានតែខ្យល់នោះ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រជុំក្រុមប្រឹក្សាវិន័យ និងសម្រេចស្នើសុំការសម្រេចពីអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។

តាមប្រភពក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ថា កាលពីពេលថ្មីៗនេះ តាមបណ្តាញព័ត៌មានសង្គម បានផ្សព្វផ្សាយថា មានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បានធ្វើការតវ៉ា ពាក់ព័ន្ធបញ្ហាទិញដីឡូត៍ ពីលោកជឿន សារួន អធិការរងនគរបាលខណ្ឌព្រែកព្នៅ ស្ថិតនៅភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្រោយបង់លុយរួចហើយ និងកំពុងបង់លុយបន្ត តែមិនទទួលបានដី ហើយនិងប្លង់ដែលអធិការរងខណ្ឌព្រែកព្នៅ បានរត់គេចខ្លួនទៅក្រៅប្រទេសបាត់ហើយ។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តថា ចំពោះករណីលោកវរសេនីយ៍ទោ ជឿន សារួន អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ អត្តលេខ៨៣៨១២ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តទណ្ឌកម្មវិន័យ ក្រោមរូបភាពបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ពាក់ព័ន្ធនឹងមន្ត្រីរូបនេះ បានល្មើសវិន័យកងកម្លាំងនគរបាលជាតិ អវត្តមាន បាត់មុខគ្មានមូលហេតុ ដោយមិនបានមកបំពេញភារកិច្ចនៅអង្គភាព ជាច្រើនថ្ងៃមកហើយ មិនទទួលខុសត្រវចំពោះតួនាទីភារកិច្ចជានគរបាលជាតិ។ ដូចនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រជុំក្រុមប្រឹក្សាវិន័យ ហើយបានសម្រេចសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។

សូមបញ្ជាក់ថា ករណីអធិការរងខណ្ឌព្រែកព្នៅ លោកវរសេនីយ៍ទោ ជឿន សារួន ដែលបានធ្វើសកម្មភាពបង្កបញ្ហាពាក់ព័ន្ធនឹងរឿងរ៉ាវដីធ្លីជាមួយប្រជាពលរដ្ឋ ជារឿងបុគ្គល មិនជាប់ពាក់ព័ន្ធជាមួយនិងអង្គភាពនោះឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋជាច្រើនគ្រួសារ បាននាំគ្នាប្រមូលផ្តុំតវ៉ានៅទីតាំងដីឡូត៍ ដែលពួកគាត់ទិញពីម្ចាស់គម្រោង ដែលគេស្គាល់ថា គឺ លោកវរសេនីយ៍ទោ ជឿន សារួន អធិ ការរងនគរបាលខណ្ឌព្រែកព្នៅ តែមិនបានប្លង់រឹង និងមិនបានដី ពោលគឺមានតែគម្រោង បើទោះបីបង់លុយរួចយ៉ាងណាក្តី។ ទីតាំងគម្រោងដីឡូត៍នេះ ស្ថិតនៅភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ពលរដ្ឋរងគ្រោះខ្លះនៅខេត្តព្រៃវែង ជាកម្មការិនីកាត់ដេរ បានអះអាងថា ពួកគាត់សន្សំលុយមិនហ៊ានចាយ ដើ ម្បីមកបង់រំលស់ដី ខ្លះនៅខេត្តកណ្តាល ដោយយកលុយដែលកូនជូន មកបង់រំលស់ និងខ្លះជាកម្មករសំណង់ បានសន្សំលុយមកបង់ តែចុងក្រោយអស់រលីង ជាមួយដីមួយឡូត៍ តម្លៃ ៣៨០០ដុល្លារ។

តាមប្រភពព័ត៌មាន បានបញ្ជាក់ថា ម្ចាស់គម្រោងដីឡូត៍ ក្រុមហ៊ុន អិល ឌី លែន ខូអិលធីឌី គឺលោកវរសេនីយ៍ទោ ជឿន សារួន ដែលជាអធិការរងនគរបាលខណ្ឌព្រែកព្នៅ បានរត់គេចខ្លួនទៅក្រៅប្រទេសបាត់ហើយ។ប្រជាពលរដ្ឋរងគ្រោះ សំណូមពរឱ្យអាជ្ញាធរនៅតាមមូលដ្ឋាន ត្រូវពិនិត្យមើលឱ្យបានហ្មត់ចត់ និងច្បាស់លាស់ សម្រាប់គម្រោងពុះលក់ដីឡូត៍ ដើម្បីចូលរួមទប់ស្កាត់ការចាញ់បោក និងប៉ះពាល់ជីវភាពរបស់ពលរដ្ឋ៕

RELATED ARTICLES