ខេត្តបន្ទាយមានជ័យ ៖ លោកស្វាយ ជា អភិបាលស្រុកម៉ាឡៃ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថស្រុក ចុះបង្ក្រាបករណីការនាំសត្វគោឆ្លងដែនពីប្រទេសថៃ ខុសច្បាប់ ចូលមកប្រទេសកម្ពុជា នៅចំណុចច្រកគោកស្បែង ស្ថិតក្នុងភូមិ សន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ដោយបានធ្វើ ការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ រួមមាន ទី១-ឈ្មោះភ័ណ្ឌ ផេង ភេទប្រុស អាយុ៣៥ឆ្នាំ និងទី២-ឈ្មោះផេង ផៃ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ។

ក្នុងថ្ងៃដដែលនោះដែរ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ដឹកនាំដោយលោកអនុសេនីយ៍ឯក ង៉ាម គឹមឆាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានទំនាក់ទំនងនិងធ្វើការប្រគល់-ទទួលជាមួយកម្លាំងប្រតិបត្តិការយោធាសឹករងបន្ទាយមានជ័យ ដែលប្រចាំការនៅព្រំដែនទិសបឹងត្រកួន ដោយលោកវរ សេនីយ៍ទោ ភួន ភារ័ត្ន បានធ្វើការប្រគល់-ទទួល ជនសង្ស័យម្នាក់ទៀតឈ្មោះស្រិប នៀត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ពាក់ព័ន្ធករណីនាំសត្វគោឆ្លងដែន ពីប្រទេសថៃខុសច្បាប់ នៅចំណុចភូមិតាសី ឃុំគោករមៀត ស្រុកថ្មពួក ផងដែរ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជានាំសត្វគោឆ្លងដែន ពីប្រទេសថៃដោយខុសច្បាប់ប្រាកដមែន។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធី៕
