Sunday, July 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជល់បែកកែវស្រាសង្សារបងធំ ព្រួតវ៉ៃសន្លប់ ជាប់ខ្នោះ៣

ជល់បែកកែវស្រាសង្សារបងធំ ព្រួតវ៉ៃសន្លប់ ជាប់ខ្នោះ៣

ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ បានចូលផឹកស៊ីនៅហាងមួយកន្លែង រួចបានដើរទៅជល់កែវជាមួយស្រីស្អាតម្នាក់ ដែលត្រូវជាសង្សាររបស់បងធំម្នាក់ ចៃដន្យអី ជល់កែវខ្លាំងពេក ធ្វើឱ្យបែកកែវស្រាសង្សារបងធំ ធ្វើឱ្យកើតមានជម្លោះ និងត្រូវក្រុមបងធំព្រួតវាយរហូតដួលសន្លប់។ ចំណែកក្រុមបងធំ បានព្យាយាមរត់គេចខ្លួន តែត្រូវកម្លាំងសន្តិសុខចាប់ក្របួចជាប់ ៣នាក់ ប្រគល់ឱ្យកម្លាំងជំនាញអាវុធហត្ថ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចផ្សារទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានកម្លាំងជំនាញអាវុធហត្ថចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ ណុបថាឡាត់ ប៉ានថានុន (NOPPAYAT PANTHANON) ភេទប្រុស អាយុ២១ឆ្នាំ ជាជនជាតិថៃ មុខរបរមិនពិតប្រាកដ។ ទី២-ឈ្មោះផាណាត់ សូផាផាត់កូ ស៊ីន (THANAT SOPHAPHATKOSIN) ភេទប្រុស អាយុ២៤ឆ្នាំ ជាជនជាតិថៃ មុខរបរមិនពិតប្រាកដ និងទី៣-ឈ្មោះឆមីន នេនឌី (CHAI MIN NENDEE) ភេទប្រុស អាយុ២២ឆ្នាំ ជាជន ជាតិថៃ មុខរបរមិនពិតប្រាកដ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឲ្យដឹងថា កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ មានករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយ បានកើតឡើង នៅចំណុចផ្សារទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ បង្កឱ្យជនរងគ្រោះម្នាក់ ដួលសន្លប់តី ក្នុងពេលនោះក៏មានក្រុម ១ផ្សេងទៀត មិនស្គាល់អត្តសញ្ញាណ បានមកជួយក្រុមជនសង្ស័យ ដោយវាយមកលើក្រុមជនរងគ្រោះ រួចរត់គេចខ្លួនបាត់ នៅសល់ជនសង្ស័យចំនួន៣នាក់ ត្រូវបានសន្តិសុខប្រចាំនៅទីនោះ ឃាត់ខ្លួន បាន សុទ្ធសឹងជាជនជាតិថៃ រួចរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះឃាត់មកឃាត់ខ្លួន នាំយកទៅធ្វើការសាកសួរ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានវាយទៅលើជនរងគ្រោះបណ្តាលឱ្យដួលសន្លប់ពិតប្រាកដមែន ដោយសារជនរងគ្រោះ ទៅជល់កែវស្រាជាមួយសង្សារបងធំរបស់ពួកគេ បណ្តាលឱ្យបែកកែវ ទើបពួកខ្លួនវាយទៅលើជនរងគ្រោះតែម្តង។

ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់ បញ្ជាការដ្ឋាន កងរាជអាវុធ ហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ក៏បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES