ភ្នំពេញ ៖ ថ្វីត្បិតតែបច្ចុប្បន្ន សេដ្ឋកិច្ចមិនល្អ មានតារាខ្លះថ្ងូរដាច់បាយ ប៉ុន្ដែសម្រាប់តារាដែលលេងម៉ូដឡានប្រជែងគ្នា បង្ហាញភាពហ៊ឺហា នៅតែមាន ដើម្បីទាញចំណាប់ អារម្មណ៍ពីមហាជន។ សម្រាប់ឆ្នាំ២០២៥ នេះ មានការកត់សម្គាល់ថា មានតារាដល់ទៅ ៩ដួងជិះរថយន្ដលំដាប់សេដ្ឋី ម៉ាក Rolls Royce ដោយខ្លះមានទាំងកងអង្គរក្សហែហមអមដំណើរតាមផ្លូវទៀតផង។

១- ព្រាប សុវត្ថិ ៖ ព្រាប សុវត្ថិ អាយុ៥០ឆ្នាំ មានទ្រព្យមហាសាល តាំងពីមុនចូល Galaxy ហើយបច្ចុប្បន្នលោកក៏ជិះរថយន្ដម៉ាក Rolls Royce ផងដែរ ក្នុងចំណោមរថយន្ដជាច្រើនគ្រឿងទៀត អមដោយអង្គរក្សបើកម៉ូតូធំតាមពីក្រោយ ។ បន្ទាប់ពីឡើងឧកញ៉ា ៣ឆ្នាំនេះ ព្រាប សុវត្ថិ បានពង្រីកមុខរបរជាបន្ដបន្ទាប់ ពិសេសហាងបាយ បើកទៅដល់ខេត្តមណ្ឌលគិរី ដែលធ្វើឲ្យអតីតតារាហង្សមាស រូបនេះ កាន់តែកើនទ្រព្យ ។ ប៉ុន្ដែ៥ឆ្នាំចុងក្រោយនេះ ព្រាប សុវត្ថិ មិនធ្លាប់ប្រកាសពីកំណើនទ្រព្យលោកជាសាធារណៈម្ដងណាទេ ខណៈដែលកាលពីខែកញ្ញា ឆ្នាំ២០២០ មនុស្សជំនិតលោក ទម្លាយប្រាប់អ្នកកាសែតថា តារាកូន៣ ព្រាប សុវត្ថិ ច្រៀងជាង២០ឆ្នាំ សល់លុយប្រមាណ ៣០លានដុល្លារ ។

២- ខេមរៈ សិរីមន្ដៈ ៖ លោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ អាយុ៤០ឆ្នាំ ក៏ជិះ Rolls Royce ដែរ និងមានរថយន្ដផ្សេងៗទៀត ទុកឲ្យប្រពន្ធជិះ។ លោកថៃ មិនធ្លាប់ប្រកាសពីទ្រព្យសម្បត្តិរបស់ខ្លួនទេ តែក្រោយឡើងឧកញ៉ា ជាង៣ឆ្នាំ លោកកាន់តែលេងខ្លួនប្លែកទៅៗ ដូចជាពេលខ្លះថតបីខ្លា និងពាក់សក់ក្រញាញ់ ជាដើម។ អតីតតារាសាន់ដេរូបនេះ ក៏បង្ហាញអំណាចរបស់ខ្លួនមិនធម្មតាដែរ ព្រោះទៅណាមកណាមានអង្គរក្សហែហមឆ្វេងស្ដាំជានិច្ច ។ ប៉ុន្ដែតាំងពីលោកថៃ ចូលជ្រកនៅ Galaxy ជាង២ឆ្នាំនេះ គេពិបាកសន្និដ្ឋានថា តើលោកលេខ១ ឬលេខ២ ព្រោះព្រាប សុវត្ថិ មិនដែលធ្វើជាតួរងឡើយ ។

៣- ខៀវ សានសាណា ៖ ពិធីការិនីដែលត្រូវប៉ាន់តាមបណ្ដាក្រុមហ៊ុន Agency ទាំងឡាយ ព្រោះចេះភាសារអង់គ្លេសយ៉ាងស្ទាត់ជំនាញរូបនេះ ក៏ជិះរថយន្ដម៉ាក Rolls Royce ដែរ ក្នុងចំណោមឡានផ្សេងទៀតដែលនាងមាន។ សានសាណា រៀបការជាមួយអ្នកជំនួញអចលនទ្រព្យ ជនជាតិអូស្រ្ដាលី លោក Seraj Satton កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ប៉ុន្ដែមិនទាន់មានកូនទេ ក្រោយចាប់ដៃគ្នា ៩ឆ្នាំ ។ ប៉ុន្ដែចំណងស្នេហាជាមួយស្វាមីមុន សាណា មានកូនពីរនាក់ គឺកូនប្រុសច្បង ឈ្មោះសេមមី បូវសឺរ (Sammy Bowser) អាយុ១៤ឆ្នាំ កំពុងរស់នៅប្រទេសកាណាដា ជាមួយអតីតស្វាមីនាង ខណៈកូនស្រីទី២ ឈ្មោះដូនណា បូវសឺរ (Donna Bowser) អាយុ១៣ឆ្នាំ រស់នៅស្រុកខ្មែរ ក្រោមការគ្រប់គ្រងរបស់នាង។

៤- ចន ច័ន្ទលក្ខិណា ៖ តារាសម្ដែងជើងចាស់រូបនេះ ក៏ជិះរថយន្ដម៉ាក Rolls Royce ដែរ ខណៈដែលកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នាងត្រូវស្វាមី ឧកញ៉ាហេង ឡុង ធ្វើខួបកំណើតឲ្យគម្រប់អាយុ៤៥ឆ្នាំ ។ អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានគេហៅថា «ជំទាវ» ក្រោយក្លាយជាគូស្នេហ៍របស់លោកហេង ឡុង ប៉ុន្ដែចំណងស្នេ ហាជាង៦ឆ្នាំ មកនេះ មិនទាន់មានដំណឹងអ្នកទាំងពីរគ្រោងដឹកដៃគ្នាចូលរោងការឡើយ ។

៥- ឈួន សុវណ្ណឆៃ ៖ អ្នកមេម៉ាយកូន៣ ទ្រព្យស្ដុក រូបនេះក៏ជិះ Rolls Royce ដែរ ប៉ុន្ដែនាងមិនដែលបង្ហាញ មុខគូស្នេហាថ្មីជាសាធារណៈម្ដងណាទេ បន្ទាប់ពីបានលែងលះអតីតប្ដីលោក ប្រាក់ គន្ធី មន្រ្ដីបម្រើការនៅស្ថាន ទូតបារាំង ជាង១០ឆ្នាំមក។ ប្រភពខ្លះថា សុវណ្ណឆៃ មានមន្រ្ដីយោធាម្នាក់តាមស្នេហា តែនាងមិនដែលនិយាយរឿងស្នេហាទេ ។ អ្វីដែលតារាជាច្រើនស្ញប់ស្ញែងសុវណ្ណឆៃ នោះគឺពេលនាងទៅចូលរួមមង្គលការ ឬពិធីឡើងផ្ទះតារារួមអាជីពអ្នកនាងពាក់មាសជ្រែកខ្លួនតែម្ដង ហើយសូម្បីតែកាបូប និងខ្សែក្រវាត់នាង ក៏ធ្វើពីមាសដែរ ។

៦- លីឈី ៖ អតីតតារាសម្ដែង អ្នកនាងលីឈី ហ៊ឺហាជិះ Rolls Royce ដែរ បន្ទាប់ពីនាងក្លាយទៅជាប្រពន្ធឧកញ៉ា ប៊ុន រតនា ។ ទាំងលីឈី និងប្ដី ជាប់ដៃរកស៊ីរៀងៗខ្លួន ហេតុនេះនាងផ្ដាច់ខ្លួនពីអាជីពសម្ដែងទាំងស្រុងតែម្ដង ។ ប៉ុន្ដែប្ដីលីឈី ដែលជាអតីតអ្នកដឹកនាំខារ៉ាអូខេ និងផលិតកម្មវិធីទូរទស្សន៍ថោន ពេលនេះបើកឃ្លាំងលក់រថយន្ដនោះ នៅតែធ្វើមាតិកាខ្លះជាមួយតារាកំប្លែងមួយចំនួន។

៧- រស់ រាជ្ជសាល ៖ គ្មានអ្វីចម្លែកទេ ដែលលោករស់ រាជ្ជសាល ស្វាមីលោកស្រី ទ្រី ដាណា ជិះរថយន្ដ Rolls Royce នោះព្រោះមានភរិយាជាសេដ្ឋីទៅហើយ ។ រឿងដែលរា្ជសាល ត្រូវធ្វើ នាពេលនេះ គឺប្រឹងជួយមុខជំនួញប្រពន្ធ ឲ្យទៅមុខ ខណៈដែលភរិយាលោក មានលុយរាប់រយលានដុល្លារ ហេតុនេះទោះជាលោកសាល ចង់ជិះឧទ្ធម្ភាគចក្រ ក៏ប្រពន្ធសេដ្ឋិនី អាចផ្គាប់ចិត្តបានដែរ ។

៨- បឺរី ៖ តារាសម្ដែង លោកមាស វឌ្ឍនៈសម្បត្តិ ហៅបឺរី ក៏ធ្លាប់ជិះរថយន្ដម៉ាក Rolls Royce ស្លាកលេខឈ្មោះម៉ាដាមដា ក្រោយលោកភ្ជាប់ស្នេហាជាមួយអ្នកមេម៉ាយលក់ឡេ Online រូបនេះ ។ បើទោះជា មាន ព័តមានថា លោកបឺរី ប្រេះឆាជាមួយម៉ាដាមដា ច្រើនលើកច្រើនសាយ៉ាងណា ក៏លោកនៅតែអះអាងថា ស្នេហា នេះគ្មានការប្រែប្រួលដែរ ដោយថែមទាំងមានគម្រោងដឹកដៃគូស្នេហ៍ចូលរោងការ នាពេលខាងមុខទៀតផង ។

៩- ថុល សុភិទិ ៖ តារា Gen Musix រូបនេះត្រូវគូស្នេហ៍ទិញរថយន្ដម៉ាក Rolls Royce ឲ្យជិះកាលពីពេលថ្មីៗនេះ បន្ទាប់ពីលោកបានធ្វើខួបកំណើតឲ្យសង្សារ ជាអ្នកលក់ឡេ Online អ្នកមេម៉ាយរូបស្អាត នាងឡុង ម៉ានីន គម្រប់២៧ឆ្នាំ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ហើយលោកលុតជង្គង់សុំគូស្នេហ៍រៀបការ បំពាក់ចិញ្ចៀនបញ្ចាំចិត្ត។ ប៉ុន្ដែអតីតបេក្ខភាពCambodian Idol រដូវកាលទី៤ រូបនេះ មិនសូវលេចធ្លោដូចមុនទេ ក្រោយប្ដូរពីហង្សមាស មកGen Musix តែលោកបែរជាល្បីរឿងស្នេហា ជាងចម្រៀងទៅវិញ ៕
