ភ្នំពេញ ៖ ក្មេងទំនើង ១ក្រុម មានគ្នាប្រមាណ ១០នាក់ ជិះម៉ូតូ ៥គ្រឿង បាននាំគ្នាបង្ហោះម៉ូតូតាមផ្លូវសាធារណៈ យ៉ាងអនាធិបតេយ្យ បង្កការរំខានដល់ពលរដ្ឋ ស្ទើររាល់យប់ រហូតដល់ប្រជាពលរដ្ឋទ្រាំលែងបាន ស្នើដល់កម្លាំងសមត្ថកិច្ចជួយទប់ស្កាត់។

ជាក់ស្តែង កាលពីម៉ោង១០យប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ មានក្មេងទំនើង ១ក្រុម មានគ្នា១០នាក់ ម៉ូតូ ៥ គ្រឿង បានជិះចុះជិះឡើង រួចបានធ្វើសកម្មភាពបង្ហោះម៉ូតូ យ៉ាងអនាធិបតេយ្យ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ធ្វើឱ្យរំខានដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង និងត្រូវបានប្រជាពលរដ្ឋថតវីដេអូ ជាប់ស្លាកលេខម៉ូតូរបស់ក្មេងទំនើង ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LO-5115 រួចរាយការណ៍សុំអន្តរាគន៍ពីសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ លោកសាយ ចំរើន នាយប៉ុស្តិ៍នគរបាលចោមចៅទី១ បានចាត់ កម្លាំងចុះអន្តរាគមន៍ភ្លាមៗ តែក្រុមក្មេងទំនើងទាំងនោះ បានជិះគេចចេញទៅបាត់អស់ទៅហើយ។
ពលរដ្ឋបានលើកឡើងថា ស្ទើរតែរៀងរាល់យប់ ក្រុមក្មេងទំនើងទាំងនោះ តែងតែជិះម៉ូតូបង្ហោះតាមដងផ្លូវខាងលើ ក្នុងភូមិទួលពង្រ ដូច្នេះស្នើកម្លាំងសមត្ថកិច្ច មេត្តាជួយល្បាត ដើម្បីទប់ស្កាត់និងបង្ក្រាបក្មេងទំនើងទាំងនោះផង៕