ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចមើមត្រាវ របស់ប្រជាពលរដ្ឋ ប្រមាណ២០គីឡូក្រាម និងថែមទាំងបានកាប់បំផ្លាញ ដើមត្រាវ របស់ជនរងគ្រោះ អស់ប្រមាណជិត១០០គុម្ពថែមទៀត ទីបំផុតត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ច ស្រាវជ្រាវឈាន ដល់ការឃាត់ខ្លួនជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នៅត្រង់ចំណុចចម្ការត្រាវ១កន្លែង ស្ថិតក្នុងភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង។
ជនរងគ្រោះជាម្ចាស់ចម្ការត្រាវ មានឈ្មោះម៉ឺន ភក្តី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះគីម សំណាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង (មានសារ ធាតុញៀន)។
ចំពោះសម្ភារៈបាត់បង់និងខូចខាត រួមមាន មើមត្រាវ ទម្ងន់២០គីឡូក្រាម និងដើមត្រាវ ចំនួន៨៩គុម្ព ត្រូវបានកាប់បំផ្លាញចោលនៅក្នុងចម្ការ។ រីឯវត្ថុតាងចាប់យក រួមមាន មើមត្រាវ ទម្ងន់ ២០គីឡូក្រាម និងកណ្តៀវផ្លែដែក ដងឫស្សី ចំនួន១។
លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឱ្យដឹងថា កន្លងមកជនរងេគ្រាះជាម្ចាស់ចម្ការខាងលើ តែងតែបាត់ដំណាំត្រាវ របស់ខ្លួនជាញឹកញាប់។ លុះមកដល់វេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ជនរងគ្រោះបានធ្វើដំណើរចេញពីផ្ទះ មានគ្នា ២នាក់ បំណងទៅឃ្លាំមើលចម្ការត្រាវ របស់ខ្លួន។ លុះមកដល់វេលាម៉ោង ៣និង៣០នាទីទៀបភ្លឺថ្ងៃដដែល បានប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពកាប់ដើមត្រាវ និងលួចមើលត្រាវដាក់បាវ។ ភ្លាមៗនោះ ជនរងគ្រោះបានឃាត់ខ្លួនជនសង្ស័យ និងសាកសួរ រួចរាយ ការណ៍ ជូនសមត្ថកិច្ចតែម្តង។
ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ បានចុះទៅអន្តរាគមន៍ដល់កន្លែងកើត ហេតុ និងនាំខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង យកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួច និងកាប់បំផ្លាញត្រាវរបស់ជនរងគ្រោះតែម្នាក់ឯងប្រាកដមែន ហើយក៏ធ្លាប់បានប្រើប្រាស់គ្រឿងញៀន រយៈពេល ១ឆ្នាំកន្លងមកហើយ។
ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕