ខេត្តមណ្ឌលគិរី ៖ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៥ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចេញប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិផ្សេងៗទូទាំងខេត្ត បានចំនួន៩០ករណី និងដកហូតវត្ថុតាងបទល្មើស ជាច្រើន ក្នុងនោះបានបញ្ជូនជនសង្ស័យប្រុសស្រី ចំនួន៥១នាក់ ទៅសាលាដំបូងខេត្ត។

លោកហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញពីរដ្ឋមន្ត្រីក្រសួង បរិស្ថាន អ៊ាង សុផល្លែត មន្ត្រីមន្ទីរបរិស្ថានទាំងអស់ បានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីការពារសម្បត្តិធនធានធម្មជាតិនៅទូទាំងខេត្ត និងអនុវត្តច្បាប់ក្រមបរិស្ថាន ១០០ភាគរយ។ លោកបញ្ជាក់ថា ក្នុងនោះមន្ត្រីមន្ទីរបរិស្ថានខេត្ត បានចុះល្បាតជាប់ជាប្រចាំ និងតាមបង្ក្រាបបទល្មើសផ្សេងៗនៅក្នុងដែនជម្រកសត្វព្រៃ ទាំង៥ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ដោយក្នុងឆមាសទីមួយពោលរយៈពេល ៦ខែនេះ បង្ក្រាបបទល្មើស ចំនួន៩០ ករណី និងបញ្ជូនជនសង្ស័យប្រុសស្រី ចំនួន៥១នាក់ ទៅសាលាដំបូងខេត្ត។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា វត្ថុតាងដែលបានរឹបអូសពីបទល្មើសបង្ក្រាបធនធានធម្មជាតិ ក្នុងនោះរួមមាន រថយន្ត ចំនួន១៣គ្រឿង អាបុលរុញដី ចំនួន១គ្រឿង គោយន្តកន្ត្រៃ ចំនួន២គ្រៀង ម៉ូតូ ចំនួន៩១គ្រឿង រ៉ឺម៉កម៉ូតូ ៤គ្រឿង និងកង់រទេះ ២គ្រឿង។ លើសពីនេះ មានរណារយន្ត ១២៨គ្រឿង អាវុធកែច្នៃ ២២ដើម អាវុធអាកាស្វ័យប្រវត្តិ ចំនួន១ដើម គ្រាប់បាដាង ២ប្រអប់ គ្រាប់គីបតូច ចំនួន១ខ្សែ រំសេវ កន្លះប្រអប់ អន្ទាក់ ៣១ខ្សែ អន្ទាក់មាន់ព្រៃ ២២៥ខ្សែ អន្ទាក់គោ ១ ៣៤៤ម៉ែត្រ អន្ទាក់ខ្សែកាប ចំនួន៦ខ្សែ ជំរំខុសច្បាប់ ១៤រោង ឈើអារចម្រុះប្រណិត និងវត្ថុតាងជាច្រើនទៀត។

បន្ថែមពីការបង្ក្រាបបទល្មើសផ្សេងៗ លោកប្រធានមន្ទីរ បានដឹកនាំមន្ត្រីក្រោមឱវាទ លើកស្លាកហាមឃាត់នៅក្នុងដែនជម្រកសត្វព្រៃមួយចំនួន និងបណ្តុះកូនឈើ ជាច្រើនប្រភេទ ដើម្បីចែកជូនកូនឈើជូនប្រជាពលរដ្ឋ និងតាមស្ថាប័នជាច្រើនទៀត យកទៅដាំដុះលើកកម្ពស់សោភ័ណភាពបៃតង។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមចូលរួមថែរក្សាសម្បត្តិធនធានធម្មជាតិ តាមយុទ្ធសាស្ត្រចក្រា របស់រាជរដ្ឋាភិបាល ក៏ដូចជាចូលរួមគោរពនូវក្រមបរិស្ថានដែលច្បាប់បានកំណត់ ដូចជា កុំឱ្យរុករានទន្ទ្រានដីរបស់រដ្ឋ កាប់ឆ្ការ រំលោភព្រៃធនធានធម្មជាតិ កុំបរបាញ់សត្វព្រៃ និងកែច្នៃអាវុធខុសច្បាប់ ដែលអាចឈានទៅដល់ការជាប់ទោសទណ្ឌ និងកុំប្រើប្រាស់ថង់ប្លាស្ទិក ទៅលើម្ហូបអាហារ ព្រោះវាអាចបង្ក ចេញជាតិពុលប៉ះពាល់ទៅដល់សុខភាពធ្ងន់ធ្ងរ។

លោកហាស់ វិបុល សង្កត់ធ្ងន់ថា ការចូលរួមចំណែកថែរក្សារបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ ជារឿងសំខាន់ ព្រោះប្រទេសរបស់យើងសម្បូរទៅដោយសម្បត្តិធនធានធម្មជាតិដ៏មហា សាល ហើយអាចទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនាខេត្តរបស់យើង ដើម្បីជាចរន្តសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិផងដែរ៕