Wednesday, July 2, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្ចីម៉ូតូគេជិះ ដឹកគ្នាដើរលួច ជា.../ប់ខ្នោះ៣

ខ្ចីម៉ូតូគេជិះ ដឹកគ្នាដើរលួច ជា…/ប់ខ្នោះ៣

ខេត្តកណ្តាល ៖ ជនសង្ស័យ៣នាក់ បានខ្ចីម៉ូតូអ្នកស្គាល់គ្នាជិះ រួចក៏ដឹកគ្នាទៅលួចដែកក្នុងរោងចក្រ ចំពេលម៉ូតូអស់សាំង បានទៅលួចសាំងម៉ូតូរ៉ឺម៉កដែលគេទុកចោលលើផ្លូវ ប៉ុន្តែត្រូវបានម្ចាស់គេទាន់ ស្រែកថាចោរៗ នាំគ្នាផ្តួលម៉ូតូចោលរត់គេចខ្លួន ចុងក្រោយត្រូវកម្លាំង ជំនាញអាវុធហត្ថ ចាប់ក្របួចជាប់ទាំង៣នាក់។

ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ បានធ្វើឡើង កាលពីវេលាម៉ោង៣និង២៥នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលគ្មានលេខ ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហួច លាងហួរ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ (អ្នកខ្ចីម៉ូតូ) មានសាធាតុញៀននិងធ្លាប់ជាប់ពន្ធនាគារ ១លើក នៅខេត្តកណ្តាល ឆ្នាំ២០១៨ ពីបទហិង្សាដោយចេតនា។ ទី២-ឈ្មោះប្រូ អាសាក់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមិនពិត (ជាអ្នកលួចសាំង) មានសាធាតុញៀន និងទី៣-ឈ្មោះវឿន សារឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិត (ជាអ្នកចូលលួចដែក) មានសាធាតុញៀន និងធ្លាប់ជាប់ពន្ធនាគារ ១លើក នៅខេត្តត្បូងឃ្មុំ ឆ្នាំ២០១៩ ពីបទ ប្រើ ប្រាស់គ្រឿងញៀន។ ជនសង្ស័យទាំង៣នាក់ខាងលើ ស្នាក់នៅផ្ទះជួលភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ជនរងគ្រាះ ចេញពីធ្វើការរោងចក្រ ក៏បានជួបជនសង្ស័យទាំង៣នាក់ នៅការ៉ាសសាំងក្បែររោងចក្រ ពេលនោះជនសង្ស័យឈ្មោះហួច លាងហួរ បានសុំខ្ចីម៉ូតូ ពីជនរងគ្រោះ ដោយប្រាប់ថា យកទៅដឹកអេតចាយមួយភ្លែត ទើបជនរងគ្រោះបានប្រគល់ម៉ូតូឱ្យ រួចហើយពួកគេបានជិះទៅបាត់ មិនឃើញយក ម៉ូតូមកប្រគល់ឱ្យវិញសោះ លុះព្រឹកឡើង ជនរងគ្រោះបានទៅសួររកម៉ូតូ ប៉ុន្តែត្រូវបានក្រុមជនសង្ស័យ ប្រាប់ថា បាត់ហើយ ទើបជនរង គ្រោះមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល។ ក្រោយពីទទួលបណ្តឹងរួច កម្លាំងអាវុធហត្ថស្រុកអង្គស្នួល បានចុះទៅ ដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ រួចនាំមកសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនបានខ្ចីម៉ូតូពីជនរងគ្រោះប្រាកដ មែន គឺដើម្បីជិះនាំគ្នាទៅលួចដែកនៅក្នុងរោងចក្រ ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ពេលទៅដល់គោលដៅ ស្រាប់តែម៉ូតូអស់សាំង ជនសង្ស័យឈ្មោះប្រូ អាសាក់ បានទៅលួចសាំងម៉ូតូរ៉ឺម៉ក ដែលគេទុកចោលលើផ្លូវ ប៉ុន្តែត្រូវបានម្ចាស់គេទាន់ស្រែកថា ចោរៗ គេបានផ្តួលម៉ូតូចោល រត់គេចខ្លួន។ ចំណែកជនសង្ស័យឈ្មោះហួច លាងហួរ និងឈ្មោះវឿន សារឿន ជាអ្នកដើរចូលទៅលួចដែក នៅក្នុងរោងចក្រ ដោយឮគេស្រែក ក៏នាំគ្នារត់គេចដែរ។ ចំពោះគ្រឿងញៀនពួកគេ ចេះប្រើប្រាស់ជាច្រើនឆ្នាំមកហើយ ទិញថ្នាំមកពីម្តុំក្តាន់ពី នៅរាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES