ខេត្តកំពង់ស្ពឺ ៖ កម្លាំងសមត្ថកិច្ចជំនាញខេត្តកំពង់ស្ពឺ បានចេញល្បាតបង្ការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញក្មេងទំនើង ១ក្រុម កំពុងប្រមូលផ្តុំគ្នានៅមាត់ស្ទឹងព្រែកត្នោត មិនចូលផ្ទះ ឃាត់សាកសួរ ទើបដឹងថា ជាមុខសញ្ញាក្រុមរហស្ស នាម WTY ( WAT TMEY K’NHEY JAS ) ប្រចាំខេត្តកំពង់ស្ពឺ ដែលតែងធ្វើសកម្មភាពដេញកាប់គ្នានៅពេលយប់ ដែលក្នុងនោះ បក្ខពួក ២នាក់ ធ្លាប់ត្រូវសមត្ថ កិច្ចចាប់ឃាត់ខ្លួនរួចមកហើយ។

ការបង្ក្រាបក្រុមក្មេងទំនើងនេះ បានធ្វើឡើង កាលពីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅត្រង់ចំណុចមុខ សណ្ឋាគារកំពង់ស្ពឺ ស៊ីធី (មាត់ស្ទឹងព្រែកត្នោត) ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន។
ក្រុមក្មេងទំនើងទាំង៩នាក់ ដែលជាសមាជិកក្រុម WTY ( WAT TMEY K’NHEY JAS ) ប្រចាំខេត្តកំពង់ស្ពឺ ដែលត្រូវកម្លាំង សមត្ថកិច្ចបង្ក្រាបបាន រួមមាន ទី១-ឈ្មោះស្រួន សិទ្ធិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន។ ទី២-ឈ្មោះគី បញ្ញាសិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន។ ទី៣-ឈ្មោះម៉ន ពុទ្ធា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន។ ទី៤-ឈ្មោះឈុន លីហួរ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរចុងភៅ រស់នៅភូមិសំណង់ ឃុំសង្កាត់រកាធំ ក្រុងច្បារមន។ ទី៥-ឈ្មោះចាន់ណា ណារុន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន។ ទី៦-ឈ្មោះណៃ ចាន់រស្មី ភេទប្រុ អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅ ភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន។ ទី៧-ឈ្មោះសេង ហេងរតនៈ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន។ ទី៨-ឈ្មោះមីន យូស្មី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន និងទី៩-ឈ្មោះហេង លីហួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន។

យោងតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ បានឱ្យដឹងថា ពួកគេគឺ ជាក្រុម WTY ( WAT TMEY K’NHEY JAS ) ហើយកន្លងមកក្រុមពួកខ្លួន តែងតែធ្វើសកម្មភាពប្រើប្រាស់អាវុធ ដេញកាប់គ្នារវាងក្រុមក្មេងដទៃទៀតដែលចេញមកពីក្លឹបកម្សាន្តនានាក្នុងខេត្ត ឬក្មេងនិយមដាច់យប់ អង្គុយតាមសួនច្បារសាធារណៈ ដែលជាបក្ខពួកឈ្មោះ ខន សំណាង ឈ្មោះនីម ម៉េង ឡុង ដែលសមត្ថកិច្ចបានឃាត់ខ្លួន កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥។

ចំពោះវត្ថុតាង ដែលសមត្ថកិច្ចដកហូតបាន រួមមាន ប្រាក់ ចំនួន៦ម៉ឺនរៀល ទូរស័ព្ទដៃ ៣គ្រឿង ម៉ូតូ ៣គ្រឿង (ម៉ាកហុងដា ស្កុបពី ពាក់ស្លាកលេខ ភ្នំពេញ 1KF-1280 ម៉ាក SUZUKI ពាក់ស្លាកលេខ ភ្នំពេញ 1LC-7303 និងម៉ាកហុងដា ឌ្រីម សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1FC-3433)។

ក្មេងទំនើងទាំង ៩នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕