ភ្នំពេញ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន៣ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្ទះលេខ១៧៦ ផ្លូវបេតុង ភូមិតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងប្រតិបត្តិការជួយ សង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់ កងកម្លាំងសមត្ថកិច្ចជំនាញឱ្យចេញជួយអន្តរា គមន៍ បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលាកុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៧គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប និងមានរថយន្ត ជំនួយរបស់ក្រសួងមហាផ្ទៃ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៤ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹក។ ដោយក្នុងនោះកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅម៉ោង៦និង១០នាទីព្រលប់ថ្ងៃដដែល។
ចំពោះសំណង់រងគ្រោះ គឺជាប្រភេទថ្មប្រក់ស័ង្កសីទំហំ ៦ម៉ែត្រ គុណនឹង ២៨ម៉ែត្រ ឆេះបន្ទប់ទំហំ ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ ចំនួន១បន្ទប់ រួមមានប្លង់ផ្ទះ ចំនួន១ប្លង់ លុយ ចំនួន៦០ម៉ឺនរៀល និងសម្ភារៈក្នុងបន្ទប់មួយចំនួន តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ មិនបានបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសឡើយ៕