ភ្នំពេញ ៖ រដ្ឋមន្ត្រីសុខាភិបាល បានណែនាំមន្រ្តីសុខាភិបាល និងគ្រួពេទ្យទាំអអស់ ត្រូវបំពេញការងារដោយស្មារតីទទួលខុសត្រូវ ស្វាហាប់ ពុះពារ និងត្រូវខិតខំប្រឹងប្រែងបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រ សិទ្ធភាព ស័ក្តិសិទ្ធិភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានណែនាំបែបនេះ ក្នុងកិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារនិងលើកទិសដៅបន្ត ដែលមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងលោក លោកស្រីប្រធានការិយាល័យ និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Zoom) នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល។

កិច្ចចាប់ផ្តើម លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសរំលឹកដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាល អំពីប្រសិទ្ធភាពក្នុងការអនុវត្តការងារ ដោយត្រូវធ្វើការសហការប្រជុំឱ្យបានជាប្រចាំ ដើម្បីជាពន្លឺក្នុងការរួមគ្នាដោះស្រាយនូវបញ្ហាប្រឈម ស្វែងរកការងារអាទិភាពចំពោះមុខ។ មន្រ្តីសុខាភិបាល ត្រូវបំពេញការងារដោយស្មារតីទទួលខុសត្រូវ ស្វាហាប់ ពុះពារ ប្រៀបដូចការដំាដំណាំដែលទទួលបានផ្លែផ្អែម និងឆ្ងាញ់។ បន្ថែមពីនេះ លោកសាស្ដ្រាចារ្យ ណែនាំដល់មន្ត្រីសុខាភិបាល និងគ្រូពេទ្យទាំងអស់ ត្រូវខិតខំប្រឹងប្រែងក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ។ នៅតាមមន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការបម្រើសេវាសុខាភិបាល តាមបណ្តាព្រំដែន ដោយរៀបចំផែនការឱ្យបានគ្រប់ជំហាន។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ត្រូវធ្វើការរួមគ្នា សហការគ្នា ទោះក្នុងក្របខ័ណ្ឌវិមជ្ឈការថ្នាក់ក្រោមជាតិហើយក៏ដោយ ត្រូវតែអនុវត្តឱ្យបានល្អ និងប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ចំពោះបញ្ហាសុខភាពសាធារណៈ ត្រូវបន្តយកចិត្តទុកខ្ពស់ ជាពិសេសជំងឺឆ្លង ដោយពង្រឹងការ ងារចត្តាឡីស័ក ដើម្បីទប់ស្កាត់ការចម្លងជំងឺផ្សេងៗ ចូលមកប្រទេសកម្ពុជា ស្របតាមសភាពការណ៍វិវត្តន៍របស់សកលលោក។ ក្នុងអំឡុងពេលនៃរដូវស្សានេះ ត្រូវបង្កើនការយកចិត្តទុកបន្ថែមទៀត អំពីបញ្ហាជំងឺគ្រុនឈាម ដោយត្រូវតាមដាន និងមានវិធានការផ្សព្វផ្សាយ អប់រំដល់ប្រជាជន ពីការការពារខ្លួនពីជំងឺនេះ៕ ខៀវទុំ