Friday, June 27, 2025
Homeនយោបាយសម្តេចហ៊ុន សែន ស្នើមេទ័ពជើងគោកជប៉ុន ជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

សម្តេចហ៊ុន សែន ស្នើមេទ័ពជើងគោកជប៉ុន ជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើមេបញ្ជាការកងទ័ពជើងគោកជប៉ុន ជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយបញ្ជាក់ជំហររបស់កម្ពុជា គឺចង់ដោះស្រាយដោយសន្តិវិធី និងគោរពទៅតាមច្បាប់អន្តរជាតិ គឺចង់ឃើញការដោះស្រាយដោ យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជំហរដោះស្រាយដោយសន្តិវិធី ក្នុងបញ្ហាព្រំដែននេះ ត្រូវបានលោកមេបញ្ជាការកងទ័ពជើងគោកជប៉ុន គាំទ្រ ។

សម្តេចហ៊ុន សែន បានស្នើឡើងបែបនេះ ក្នុងឱកាសដែលសម្តេច បានអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ ម៉ូរិស៊ិតា យ៉ាស៊ុណូរិ (Morishita Yasunori) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។ 

យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនេះ សម្ដេចហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះលោកមេបញ្ជាការទ័ពជើងគោកជប៉ុន និងចាត់ទុកដំណើរទស្សនកិច្ចនេះ ជាផ្នែកមួយនៃការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន ឲ្យកាន់តែល្អប្រសើរ។ និយាយដោយឡែក ជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំ រវាងកងទ័ពវិស័យការពារជាតិនៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ សម្ដេចហ៊ុន សែន ក៏បានសម្ដែងនូវក្ដីរីករាយចំពោះនាវាជប៉ុន កន្លងមកដែលបានចុះចតនៅកំពង់ផែរាម ដោយបានជោគជ័យ កាលពីខែមេសា នេះជាផ្លែផ្កាមួយនៃការពង្រីកទំនាក់ទំនងទ្វេភាគី ក្នុងក្របខ័ណ្ឌកងទ័ព រវាងកម្ពុជា-ជប៉ុន។ សម្ដេច ក៏អបអរសាទរចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសជប៉ុន កាលពីកន្លងទៅថ្មីៗនេះ ដែលបានទទួល ផ្លែផ្កាជោគជ័យ និងអបអរចំពោះលោកមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដែលទទួលនូវគ្រឿង ឥស្សរិយយសពីសម្ដេច ហ៊ុន ម៉ាណែត ក្នុងពេលដែលបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ជា ពិសេសឆ្លើយតបទៅកាន់បេសកកម្មរបស់លោក ដែលបានចូលរួមចំណែកក្នុងការជួយពង្រឹងនិងពង្រីកវិស័យការពារជាតិ នៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ លោកមេបញ្ជាការទ័ពជើងគោកជប៉ុន បានសម្ដែងនូវក្ដីអរគុណចំពោះសម្ដេចហ៊ុន សែន ដែលបានចំណាយពេលវេលា និងអនុញ្ញាតឲ្យរូបលោក ជាមួយសហការី បានចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងស្ដាប់យោបល់របស់សម្ដេច ហើយលោកមេបញ្ជាការ តំណាងឲ្យកងទ័ពជប៉ុន ក៏បានចូលរួមរំលែកមរណទុក្ខចំពោះការស្លាប់របស់យុទ្ធជនកម្ពុជា លោក សួន រ៉ោន កាលពីពេលថ្មីៗនេះ ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។

ជាមួយគ្នានេះ សម្ដេចហ៊ុន សែន បានអរគុណចំពោះលោកមេបញ្ជាការទ័ពជើងគោកជប៉ុន ដែលបានចូលរួមរំលែកមរណទុក្ខ មកកាន់យុទ្ធជនកម្ពុជា ដែលត្រូវបានទាហានថៃ បាញ់សម្លាប់ កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ។ សម្ដេចហ៊ុន សែន បានសម្ដែងនូវក្ដីពេញចិត្តចំពោះភាពជាដៃគូយុទ្ធសាស្រ្តរបស់កម្ពុជា និងជប៉ុន ដែលបានកើតឡើងមានភាពរីកចម្រើន ជាពិសេសនៅក្នុងវិស័យការពារជាតិ។

សម្ដេចហ៊ុន សែន បានសង្កេតឃើញថា នៅក្នុងផ្នែកពាណិជ្ជកម្ម និងផ្នែកវិនិយោគនៃប្រទេសទាំងពីរ ក៏មានការរីកចម្រើន និងមានការកើនឡើងជាបន្តបន្ទាប់ ដែលជាផ្នែកមួយក្នុងការជំរុញនូវទំហំពាណិជ្ជកម្ម និងជាការរុញច្រាននូវទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយ ឲ្យទៅជាមួយគ្នា។

បន្ថែមពីនេះ សម្ដេចប្រធានព្រឹទ្ធសភា  បានប្រាប់ទៅមេបញ្ជាការទ័ពជើងគោកជប៉ុន ពីស្ថានភាពបញ្ហាពិត ប្រាកដ រវាងកម្ពុជា-ថៃ ដែលកំពុងកើតមានឡើង នាពេលបច្ចុប្បន្ន បន្ទាប់ពីសម្ដេច បានអរគុណចំពោះការចូលរួមរំលែកទុក្ខពីខាងភាគីជប៉ុន។ នៅក្នុងនោះ សម្ដេច បានពន្យល់ថា ជាការចាប់ផ្ដើមគឺដោយមានទាហានថៃ ឆ្លងដែនមកបាញ់សម្លាប់យុទ្ធជនកម្ពុជា បន្ទាប់មក ថៃ សម្រេចបិទច្រកព្រំដែន ជាឯកតោភាគី ជាដើម និងសកម្មភាពជាច្រើនទៀតដែលថៃ បានរំលោភមកកាន់កម្ពុជា បន្ថែមទៀត ដែលជាផ្នែកមួយកម្ពុជា ត្រូវតែមាន វិធានការក្នុងការទប់ស្កាត់ការឆ្លើយតបត្រឡប់ទៅវិញ។ យ៉ាងណាក៏ដោយ សម្ដេចហ៊ុន សែន បានបញ្ជាក់ចំ ពោះលោកមេបញ្ជាការទ័ពជើងគោកជប៉ុន ដោយច្បាស់ថា ជំហររបស់កម្ពុជា គឺការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការនៃការចរចាទ្វេភាគី និងការដោះស្រាយតាមផ្លូវច្បាប់អន្តរជាតិ ពោលគឺការដោះស្រាយដោយយកតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការដោះស្រាយបញ្ហានេះ នេះជាគោលជំហរយ៉ាងច្បាស់អំពីភាគីកម្ពុជា ជាពិសេសជាការលើកឡើងរបស់សម្ដេច ពីព្រោះសម្ដេច បានបញ្ជាក់ថា សម្តេច មិននឹកស្មានថា មានរឿងបែបនេះ ចំពោះបញ្ហាព្រំដែនរវាងប្រទេសទាំងពីរទាល់តែសោះ។ អ្វីដែលសម្តេច ចង់បាន គឺព្រំដែនមួយដែលមានកិច្ចសហប្រតិបត្តិការល្អ មិត្តភាព ព្រំដែនដែលមានការរួមគ្នា មិនចង់ឃើញមានការផ្ទុះអាវុធ ឬសង្រ្គាមជាមួយគ្នាឡើយ គឺចង់ឃើញតែភាពសន្តិភាពដែលបានកើតឡើង សម្រាប់ព្រំដែនប្រទេសកម្ពុជា។

សម្ដេចហ៊ុន សែន បានប្រាប់ទៅកាន់លោកមេបញ្ជាការទ័ពជើងគោកជប៉ុន ថា ក្រៅពីនេះ កម្ពុជា ចង់ស្នើឲ្យជប៉ុន ជួយដោះស្រាយជម្លោះនៃប្រទេសទាំងពីរ ប្រកបដោយសន្តិវិធី ហើយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ ជំរុញឲ្យភាគីដែលមានវិវាទជាមួយកម្ពុជា គឺភាគីថៃ ដោះស្រាយដោយសន្តិវិធី និងគោរពទៅតាមនិយាមឬច្បាប់អន្តរជាតិ ដែលជាជំហររបស់កម្ពុជាដែលចង់បាន និងចង់ឃើញការដោះស្រាយដោយតុលាការអន្តរជាតិ។

ក្នុងកិច្ចពិភាក្សា លោកមេបញ្ជាការទ័ពជើងគោកជប៉ុន បានអរគុណសម្ដេចហ៊ុន សែន ដែលបានបញ្ជាក់អំពីមូលហេតុ ស្ថានភាពពិត និងបញ្ហាព្រំដែនរបស់ប្រទេសកម្ពុជា ដែលមានជាមួយប្រទេសថៃ។ លោកបានបញ្ជាក់បន្ថែមថា អ្វីដែលជប៉ុន ចង់បាន គឺការដោះស្រាយដោយសន្តិវិធី ក្នុងបញ្ហាព្រំដែន៕ ខៀវទុំ

RELATED ARTICLES