ភ្នំពេញ ៖ សុគន្ធ និសា បានចាប់ដៃតារាចម្រៀងលោកខាយ (KAI) ជាលើកដំបូង ក្នុងចម្រៀងបែប Acoustic បទទី១ «ចាំបាត់ៗ» ចេញនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដែលនេះជាលើកដំបូងបំផុតសម្រាប់តារាទាំងពីរ ក្នុងការចាប់ដៃគ្នាច្រៀងជាដៃគូ។ ប្រភពបានឲ្យដឹងថាសម្រាប់និសា ធ្លាប់ចាប់ដៃគូច្រៀងជាមួយតារាជាច្រើនដួងមកហើយ ប៉ុន្ដែសម្រាប់លោកខាយ ជាលើកទី១ ដែលលោកបានចាប់ដៃគូជាមួយតារាល្បី មានបទពិសោ ធន៍ច្រើនដូចនិសា ព្រោះកន្លងមក គេធ្លាប់ឃើញតែលោកច្រៀងជាប្រភេទបទទោលប៉ុណ្ណោះ ។

លោកហង្ស ថារ៉ូ ជាស្ថាបនិកកម្មវិធី Acoustic Duet និងគ្រប់គ្រងតារាចម្រៀង លោកខាយ បានឲ្យដឹងថា មូលហេតុដែលតារាទាំងពីរ ឈានមកចាប់ដៃគ្នាច្រៀង ជាលើកទី១ រួមគ្នានេះគឺជាការផ្ដើមគំនិតពីលោកតែម្ដង ។ លោកថារ៉ូ ថាក្រោយពីលោកបង្ហាញពីផែនការខាងលើ ទាំងអ្នកនាងសុគន្ធ និសា និងលោកខាយ សុទ្ធតែពេញចិត្តគ្នាទៅវិញទៅមក ក្នុងការច្រៀងជាដៃគូ ហើយដំណាក់កាលដំបូង លោករៀបចំឲ្យចេញបទចម្រៀង មួយបទ ក្នុងមួយសប្ដាហ៍ រយៈពេល ៣សប្ដាហ៍ដំបូងសិន ដោយសប្ដាហ៍ទី១ បទចម្រៀង ចេញនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ហើយផែនការបន្ទាប់ នឹងមានជាមួយតារាចម្រៀងផ្សេងៗទៀតផងដែរ ។

សុគន្ធ និសា ធ្លាប់ចាប់ដៃគូជាមួយតារាចម្រៀងល្បីៗ ជាច្រើនមកហើយ ដូចជាលោកព្រាប សុវត្ថិ, ណុប បាយ៉ារិទ្ធ, ឆន សុវណ្ណរាជ, រិន សាវ៉េត, នីកូ និងចុងក្រោយជាមួយលោករ៉ូលីន ជាដើម ។ អតីតតារាហង្សមាស រូបនេះ ទោះជាមានស្វាមី ជិត៨ឆ្នាំ តែរូបសម្រស់នៅតែផូរផង់ មិនបែកសាច់ ឬឡើងគីឡូជ្រុលនោះទេ ហេតុនេះ ឲ្យតែផលិតបទចម្រៀងត្រូវ នាងនៅតែល្បី។ សម្រាប់និសា ដែលចាប់ដៃជាមួយលោកខាយ នាពេលនេះ គឺជាបទពិសោធន៍ថ្មីមួយទៀត ក្នុងការច្រៀងបែប Acoustic ប៉ុន្ដែអ្នកដែលទទួលបានការចាប់អារម្មណ៍ច្រើន ឬចំ ណេញនោះ គឺលោកខាយ ព្រោះលោកបានចាប់ដៃជាមួយតារាដែលល្បីស្រាប់ នាំឲ្យទីផ្សារចម្រៀងរបស់លោក មានទស្សនិកជនស្គាល់កាន់តែច្រើនជាមិនខាន ។

លោកខាយ (KAI)
លោកហង្ស ថារ៉ូ បន្ថែមថា បទចម្រៀងរបស់សុគន្ធ និសា និងលោកខាយ ច្រៀងរួមគ្នានោះ មិនមែនជាបទថ្មីទេ គឺបទចាស់ៗដែលលើកយកមកច្រៀង Cover ឡើងវិញ។ លោកថានិសា ប្រៀបបានជាអ្នកខ្លាំង (Legend) របស់ហង្សមាស ហើយលោកខាយ ពីមុន ច្រើនតែចេញបទទោល ហេតុនេះការជួបគ្នាជាលើកដំបូង នឹងធ្វើឲ្យទស្សនិកជនប្លែកជាមិនខាន ខណៈដែលបទចម្រៀងដែលតារាទាំងពីរច្រៀងរួមគ្នានោះ គឺផ្ដោតលើទីផ្សារយុវវ័យ ។


សូមបញ្ជាក់ថា សុគន្ធ និសា បានចាកចេញពីផលិតកម្មរស្មីហង្សមាស កាលពីចុងឆ្នាំ២០២៤ ហើយពេលនេះ នាងងាកមកផលិតបទចម្រៀងដោយខ្លួនឯង ដូចគ្នាទៅនឹងមាស សុខសោភា, ពេជ្រ សោភា និងវី ឌីណែត ជាដើម ។ និសា ត្រូវបានមហាជនចាត់ទុកជាតារាស្រគត់ស្រគំម្នាក់ ដែលទៅដល់ណា ក៏មាន Fan ហើយមុនចាប់ដៃជាមួយលោកខាយ នាងក៏បានច្រៀង Cover បទល្បីៗរបស់ខ្លួនពីមុនមកដែរ ដូចជាបទ «Please Stop» ជាដើម ។ អ្នកគាំទ្រនិសា ថាទោះជាអតីតតារាផលិតកម្មរស្មីស្ទឹងសង្កែ, Spak Music និងហង្សមាស រូបនេះ ចាប់ដៃជាមួយតារាណា ក៏ពួកគេនៅតែគាំទ្រដែរ ប៉ុន្ដែរឿងដែលពួកគេខកចិត្ត គឺអ្នកនាងប៊ុន សុគន្ធា អាយុ៤០ឆ្នាំ រៀបការប្ដីជាង ៧ឆ្នាំ និងបានរៀបគម្រោងយកកូន តាំងពីឆ្នាំ២០២១ តែពេលនេះនៅតែរកកូនង៉ាមួយ មកបីប្រលែងលេងដូចគេមិនបាន ។ ប្រសិនបើនិសា ជោគជ័យតែអាជីពចម្រៀង តែបរាជ័យរឿងយកកូន នោះច្បាស់ជាធ្វើឲ្យសុភមង្គលក្នុងគ្រួសារនាង មិនសូវកក់ក្ដៅដូចឱក សុគន្ធកញ្ញា ដែលការប្ដីក្រោយនាង តែឥឡូវមានកូនប្រុសពីរនាក់ទៅហើយ ៕


