Wednesday, June 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធសម្រាលកូន ធ្លា---/ក់ឈាមស្លាប់ ប្តីបន្ទោសពេទ្យ

ប្រពន្ធសម្រាលកូន ធ្លា—/ក់ឈាមស្លាប់ ប្តីបន្ទោសពេទ្យ

ខេត្តស្វាយរៀង ៖ ស្ត្រីមានផ្ទៃពោះម្នាក់ ឈឺពោះសម្រាលកូន ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាលកូននៅមន្ទីរពេទ្យបង្អែកជីភូ លុះក្រោយពីសម្រាលកូនតាមធម្មជាតិរួច គ្រូពេទ្យទម្លាក់សុក ស្រាប់តែមានស្ថានភាពធ្លាក់ឈាមខ្លាំង និងត្រូវបានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង តែអកុសល ដោយសារស្ថានភាពធ្ងន់ធ្ងរពេក ស្ត្រីរងគ្រោះបានបាត់បង់ជីវិត ទើបក្រុមគ្រួសារសព បន្ទោសទៅលើក្រុមគ្រូពេទ្យ ថាមានការធ្វេសប្រហែស។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង២០នាទី ថ្ងៃត្រង់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

ស្ត្រីរងគ្រោះដែលបាត់បង់ជីវិត ក្រោយសម្រាល មានឈ្មោះអ៊ុក ស្រី អាយុ៣៧ឆ្នាំ មានលំនៅ ភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមប្រភពក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះ ឈ្មោះអ៊ុក ស្រី បានឱ្យដឹងថា ស្ត្រីរងគ្រោះ បានសម្រាលកូន នៅមន្ទីរពេទ្យបង្អែក ជីភូ កាលពីវេលាម៉ោង ១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ លុះក្រោយពីក្រុមគ្រូពេទ្យបានជួយសម្រាលកូនរួច ស្រាប់តែស្ត្រីរងគ្រោះ បានធ្លាក់ឈាមយ៉ាងខ្លាំង រហូតដល់បាត់ស្មារតី។ បន្ទាប់មក ត្រូវបានគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកជីភូ បានបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរខេត្តស្វាយរៀង។ លុះបញ្ជូនទៅដល់ ក្រុមគ្រូពេទ្យខេត្ត បានប្រាប់មកពួកគាត់ជាក្រុមគ្រួសារថា សង្ឃឹមតែ ៥ភាគ រយប៉ុណ្ណោះ ដោយអ្នកជំងឺត្រូវបានវះកាត់ប៉ះពាល់ស្បូន និងទងសុក ខូចអស់ហើយ។ លុះក្រោយមក ស្ត្រីរងគ្រោះ បានបាត់បង់ជីវិតនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

ជុំវិញករណីខាងលើនេះ  នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានចេញសេចក្តីបំភ្លឺមួយ ពាក់ព័ន្ធនឹងការបានបង្ហោះផ្សព្វផ្សាយរូបភាព ខ្លឹមសារព័ត៌មាន ក្នុងបណ្តាញសង្គម ជុំវិញករណីការស្លាប់ស្ត្រីអាយុ៣៤ឆ្នាំ ខាងលើ ក្រោយសម្រាលកូន។

តាមរយៈសេចក្តីបំភ្លឺខាងលើ មន្ទីរសុខាភិបាលខេត្តស្វាយរៀង ឱ្យបញ្ជាក់ថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១រសៀល ស្ត្រីអាយុ៣៤ឆ្នាំ ពពោះកូនទី៥ រស់នៅភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បានមកសម្រាលកូននៅមន្ទីរពេទ្យបង្អែកជីភូ និងបានសម្រាលកូនតាមធម្មជាតិ នៅវេលាម៉ោង១ៈ៥០នាទីយប់។ ក្រោយពីទម្លាក់សុក ស្ត្រីខាងលើ មានស្ថានភាពធ្លាក់ឈាមខ្លាំង ស្បូនខ្សោយ (មិនកន្ត្រាក់) ក្រុមគ្រូពេទ្យ បានសង្គ្រោះតាមបច្ចេកទេស និងបានបញ្ជូនមកសង្គ្រោះបន្ត នៅមន្ទីរពេទ្យខេត្តស្វាយរៀង។

ពេលស្ត្រីបានបញ្ជូនមកដល់មន្ទីរពេទ្យខេត្តស្វាយរៀង ក្រុមគ្រូពេទ្យផ្នែកសម្ភព បានពិនិត្យឃើញថា ស្ត្រីមានសភាពបាត់បង់ឈាម ជាពិសេស ស្បូនក្នុងសភាពមិនកន្ត្រាក់ (ខ្សោយខ្លាំង) ក្រុមគ្រូពេទ្យបានសង្គ្រោះ ដោយបញ្ចូលឈាម និងវះកាត់ស្បូន ជាបន្ទាន់ ដើម្បីឃាត់ឈាម តាមលក្ខណៈស្តង់ដារបច្ចេកទេស។

ទោះបីក្រុមគ្រូពេទ្យខិតខំធ្វើការសង្គ្រោះ និងវះកាត់ស្បូន ដើម្បីឃាត់ឈាម ទៅតាមបច្ចេកទេស ក៏ស្ថានភាពអ្នកជំងឺ មិនអាចសង្គ្រោះបាន និងបានទទួលមរណភាព នៅវេលាម៉ោង ១២ៈ២០នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយបំផុតជាមួយក្រុមគ្រួសារសព សូមវិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ…៕

RELATED ARTICLES