ភ្នំពេញ ៖ ស្រីស្អាត អ៊ីង អ៊ីង បានចែកផ្លូវគ្នាជាមួយតារាចម្រៀងនិងសម្ដែង លោកម៉ា ច័ន្ទបញ្ញា ៧ឆ្នាំមកហើយ ខណៈដែលកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ លោកច័ន្ទបញ្ញា ដែលគ្រាំគ្រាបេះដូងជាច្រើនឆ្នាំ ដោយសារស្ដាយស្នេហ៍អតីទសង្សារនោះ បានភ្ជាប់ពាក្យជាមួយគូស្នេហ៍ថ្មី កញ្ញា ព្រាប ពេជ្ររស្មី មានចាស់ទុំទងសងខាងបានចូលរួមដឹងឮ បើទោះជាមិនសូវមានតារារួមអាជីពច្រើនទៅចូលរួមអបអរសាទរក្ដី ។

លោកច័ន្ទបញ្ញា បានបង្ហាញអារម្មណ៍រីករាយនៅពេលដែលលោកបានរកឃើញម្ចាស់ស្នេហ៍ថ្មីដែលច្បាស់លាស់ ហើយតាមព័ត៌មានថា លោកត្រៀមរៀបការនៅចុងឆ្នាំ២០២៥ នេះទៀតផង។ ដំណឹងនេះមានន័យថាអ៊ីង អ៊ីង នឹង ត្រូវអតីតសង្សាររៀបការមុនជាមិនខាន ។

ទោះជាយ៉ាងណា អ៊ីង អ៊ីង ក៏មិនមែនបេះដូងទំនេរដែរ ព្រោះនាងបានភ្ជាប់ស្នេហាថ្មីជាមួយបុរសរូបសង្ហា តារាសម្ដែង ពឹង ច័ន្ទបូមី ហៅពឹង ពុទ្ធិស័ក្ត រយៈពេលជាង១ឆ្នាំ ទៅហើយ ប៉ុន្ដែលោកពុទ្ធិស័ក្ត ប្រាប់អ្នកយកព័តមានយើងថា លោកគ្មានគម្រោងភ្ជាប់ពាក្យ ឬរៀបការឆាប់ៗនេះទេ ហើយក៏មិនអាចកំណត់ថា នឹងរៀបចំនៅពេល ណាដែរ ព្រោះចិត្តលោកចង់ឲ្យមានមុខរបរផ្ទាល់ខ្លួនសិន ទើបគិតគួររឿងរៀបការតាមក្រោយ តែសព្វថ្ងៃចំ ណងស្នេហាមួយនេះ មានចាស់ទុំទាំងសងខាងបានដឹងឮអស់ទៅហើយ ។

អ៊ីង អ៊ីង ជាតារាមានសម្រស់លេចធ្លោម្នាក់ ដែលមិនខ្វះបុរសអ្នកមានទ្រព្យ តាមស្នេហាឡើយ ប៉ុន្ដែនាងផាត់ចោលសំណើប្រុសក្រៅសិល្បៈ ហើយជ្រើសស្នេហ៍ជាតារាដូចគ្នាពោលគឺចង់សាងស្នេហាជាមួយអ្នកដែលយល់ដឹងច្បាស់ពីអាជីពខ្លួនដូចគ្នា ដើម្បីបន្ដអាជីពចាស់តទៅទៀត។

លោកពុទ្ធិស័ក្ត ថ្លែងថា ទោះជាលោកនិងអ៊ីង អ៊ីង បានទៅសិក្សារការរកស៊ីមុខរបរមួយចំនួន នៅប្រទេសចិន មកលក់នៅកម្ពុជា តែលោកនិងគូស្នេហ៍ ក៏មិនចោលសិល្បៈដែរ ពោលគឺបន្ដធម្មតា ដោយគ្រោងថតមាតិការជាច្រើន ជាមួយអ៊ីង អ៊ីង ទៀតផង ។

សូមបញ្ជាក់ថា នៅក្នុងពិភពសិល្បៈ គូស្នេហ៍តារាខ្លះ ទោះជាប្រេះឆាមែន តែពួកគេនៅរាប់អានគ្នាធម្មតា ប៉ុន្ដែខ្លះទៀតមិននិយាយស្ដីរកគ្នាសូម្បីតែមួយម៉ាត់ ។ សម្រាប់អ៊ីង អ៊ីង និងអតីតគូស្នេហ៍ លោកច័ន្ទបញ្ញា ក៏មិនអាចរាប់អានគ្នាបានដែរ ប៉ុន្ដែពួកគេមិនដែលចោទ ឬហែកហួរគ្នាពីបញ្ហានាំឲ្យចែកផ្លូវគ្នានោះឡើយ ពោលគឺរក្សារ ភាពស្ងប់ស្ងាត់រៀងៗខ្លួន ។ Fan ចង់ឲ្យស្រីស្អាតអ៊ីង អ៊ីង ប្រញាប់ដឹកដៃគូស្នេហ៍ថ្មី លោកពឹង ពុទ្ធិស័ក្ត ភ្ជាប់ពាក្យ និងត្រៀមរៀបការដូចលោកច័ន្ទបញ្ញា ដែរដើម្បីកុំឲ្យចំណងស្នេហាមានការប្រែប្រួល ។ ប៉ុន្ដែខ្លះថា ពេលនេះ អ៊ីង អ៊ីង និងលោកពុទ្ធិស័ក្ត ចិត្តមួយថ្លើមមួយទៅហើយ អ៊ីចឹងទោះជាពន្យារពេលរៀបការ ដើម្បីរកលុយសិន ក៏ស្នេហាមិនប្រឈមហានិភ័យទេ ព្រោះបើអ៊ីង អ៊ីង ចង់ធ្វើប្រពន្ធមន្រ្ដីធំ ម្ល៉េះសមពេលនេះនាងមិនភ្ជាប់ស្នេហាជាមួយតារាដូចគ្នាឡើយ ៕
