Thursday, June 19, 2025
Homeនយោបាយត្រឡប់មកផ្ទះយើងវិញ សម រង្ស៊ី អំពាវនាវពលករខ្មែរនៅថៃ ស្របសម្តេចហ៊ុន សែន

ត្រឡប់មកផ្ទះយើងវិញ សម រង្ស៊ី អំពាវនាវពលករខ្មែរនៅថៃ ស្របសម្តេចហ៊ុន សែន

ភ្នំពេញ ៖ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើង nទៀន (អតីតគណបក្សសម រង្ស៊ី) ដែលតែងតាំងខ្លួនឯងជាប្រធានក្រុមប្រឹក្សាភិបាលជាតិតស៊ូ សព្វថ្ងៃកំពុងរស់និរទេសនៅប្រទេសបារាំង បានអំពាវនាវឲ្យពលករខ្មែរ នៅប្រទេសថៃ វិលត្រឡប់មកផ្ទះយើង (កម្ពុជា) វិញ ។ ការអំពាវនាវរបស់អតីតមេបក្សប្រឆាំងរូបនេះ ស្របទៅនឹងសម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមុននេះបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ធ្វើការនៅប្រទេសថៃ វិលត្រលប់មកប្រទេសខ្លួនវិញ ខណៈដែលជម្លោះព្រំដែនកម្ពុជា-ថៃ កាន់តែឡើងកម្តៅ ហើយពលករខ្មែរ ត្រូវបានជនជាតិថៃជ្រុលនិយម វង្វេងប្រវត្តិសាស្ត្រ មួយចំនួន ប្រមាថមើលងាយ។

 គួរកត់សម្គាល់ថា សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានគណ បក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំង អ្នកនយោបាយចាស់វស្សាទាំងពីររូបនេះ ត្រូវបានដឹងថា តែងតែប្រើវោហារសព្ទវាយប្រហារគ្នា ទៅវិញទៅមក មិនសំចៃមាត់។ ក៏ប៉ុន្តែនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ គឺក្នុងគ្រាដែលកម្ពុជានិងប្រទេសថៃ កំពុងមានជម្លោះរឿងព្រំដែន គេសង្កេតឃើញថា មេដឹកនាំទាំងពីរ បានបង្ហាញសារ ក្នុងជំហរស្របគ្នា ក្រៅពីប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ លោកទាំង២ បានណែនាំឱ្យពលករខ្មែរ ដែលកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសថៃ ប្រមាណ ២លាននាក់ វិលត្រឡប់មកកម្ពុជា វិញ។

 លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ថា “ពលករខ្មែរ ទៅធ្វើការនៅថៃ មានប្រហែល ២លាននាក់។ ដើម្បីសុវត្ថិភាព សូមបងប្អូនត្រឡប់ទៅកម្ពុជា ផ្ទះរបស់យើង មួយរយៈសិន“ ។

លោកសម រង្ស៊ី បានសរសេរបន្ថែម នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ថា “ទាំងទាហាន ទាំងពលករ សុទ្ធតែជាប់បំណុលវ័ណ្ឌកដូចគ្នា ដំណោះស្រាយ ផ្អាកសងបំណុលមួយរយៈសិន និងទាមទារបញ្ចុះការប្រាក់សមរម្យ ដូចប្រទេសដទៃទៀត“ ។

ស្របគ្នានេះដែរ លោកអេង ឆៃអ៊ាង អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីជំនិតលោកសម រង្ស៊ី បានលើកឡើងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ថា “ទាហាន ពលករចេញពីថៃ និងពលរដ្ឋជាប់ព្រំដែនខ្មែរ-ថៃ គួរតែត្រូវបានពន្យារពេលសងបំណុលធនាគារមួយរយៈ“ ។

 លោកអេង ឆៃអ៊ាង បានសរសេរបន្ថែម នៅថ្ងៃដដែលថា “ស្ថានភាពខ្មែរ-ថៃ មិនល្អ បងប្អូនពលករ ត្រឡប់ទៅផ្ទះយើងសិន រដ្ឋាភិបាល បានសន្យាជួយពន្យារពេលសងបំណុលបងប្អូនហើយ“ ។

 ជាមួយគ្នានោះដែរ លោកស្រី មួរ សុខហួរ អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ និងជាប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ជាសហការីជំនិតលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានថ្លែងចូលរួមជាមួយនឹងផែនការរាជរដ្ឋាភិបាល ក្នុងការរកសុវត្ថិភាព ភាពថ្លៃថ្នូរ ជូនដល់ប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ វិញ ឲ្យរស់នៅអភិវឌ្ឍន៍ភូមិយើងជាមួយគ្នា ជារៀងរហូត កុំឲ្យមានការធ្វើចំណាកស្រុកទៀត ។

 លោកស្រី មួរ សុខហួរ បានថ្លែងតាមបណ្ដាញសង្គមថា «បងប្អូនជនរួមជាតិ! ឥឡូវយើងជាពលរដ្ឋខ្មែរ ចូលរួមជាមួយគ្នា នៅក្នុងការវិលត្រលប់មកវិញនៃពលករខ្មែរចំណាកស្រុកនៅប្រទេសថៃ ។ យើងឃើញថា ដំណោះ ស្រាយទាំងមូល គឺជាដំណោះស្រាយកញ្ចប់ ទាំងពីបូរណភាពទឹកដី ទាំងសុវត្ថិភាពនៃពលរដ្ឋនៅតំបន់ដែលពាក់ព័ន្ធ ហើយនិងការវិលត្រលប់មកវិញដោយភាពថ្លៃថ្នូរ ឲ្យមានសុវត្ថិភាពពីពលករចំណាកស្រុកនៅប្រទេសថៃ មានរហូតទៅដល់ជិត ២លាននាក់ ។ យើងចាប់ផ្ដើមដំបូង យើងចូលរួមជាមួយនឹងផែនការនៃរាជរដ្ឋាភិ បាល នៅក្នុងការរកសុវត្ថិភាព ភាពថ្លៃថ្នូរ ជូនទៅដល់កូនចៅយើង កូនក្មួយយើង ជាពិសេស ខ្មែរទាំងមូល ឲ្យក្លាយទៅជាតំបន់មួយ ទីកន្លែងមួយ ដែលយើងរស់នៅក្នុងភូមិយើង អភិវឌ្ឍន៍ភូមិយើង ជាមួយគ្នារៀងរហូត កុំឲ្យមានការធ្វើចំណាកស្រុកទៀត“ ។

គួបញ្ជាក់ថា ការអំពាវនាវរបស់លោកសម រង្ស៉ី និងសហការីខាងលើនេះ គឺស្របគ្នានឹងសម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងអំពាវនាវទាំងតាមសំណេរតាមបណ្តាញសង្គម និងការថ្លែងសារ ។ ជាក់ស្តែង ក្នុងការថ្លែងពិសេស ពាក់ព័ន្ធពលករខ្មែរនៅប្រទេសថៃ និងការបិទព្រំដែនឯក តោភាគី របស់យោធាថៃ ព្រមទាំងស្ថានភាពថ្មីៗ នៃជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឱកាសបើកសម័យប្រជុំពេញអង្គព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចហ៊ុន សែន បានបញ្ជាក់ថា ពលរដ្ឋខ្មែរ ធ្វើការនៅថៃ ហើយគ្មានលិខិតស្នាម ត្រូវទៅរកលិខិតស្នាមនៅស្ថានទូត ឬកុងស៊ុលកម្ពុជា ដែលមានអនុព័ន្ធការងារផងដែរ។ សម្ដេច បានថ្លែងថា ពលរដ្ឋខ្មែរ គ្មានលិខិត ហើយអាចធ្វើដំណើរមកបាន គឺរាជរដ្ឋាភិបាល ទទួលយកទាំងអស់ ខាងកម្ពុជា មិនត្រូវការលិខិតស្នាមអ្វីទាំងអស់។ សម្តេច អំពាវនាវ និងលើកទឹកចិត្តឲ្យបងប្អូនពលករខ្មែរ វិលត្រឡប់មកស្រុកវិញ មិនអាចទុកពលរដ្ឋខ្មែរ ឱ្យក្រុមជ្រុលនិយមថៃ ប្រមាថមើលងាយបាននោះឡើយ។

 សម្ដេចហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះថា “អ្នកដែលត្រូវការលិខិតស្នាម គឺត្រូវទៅរកនៅឯស្ថានទូត និងបណ្ដាកុងស៊ុលកម្ពុជា ដែលក្នុងហ្នឹងមានអនុព័ន្ធការងារផងដែរ។ ប៉ុន្ដែសម្រាប់អ្នកដែលគ្មានលិខិត ហើយអាចធ្វើដំណើរមកបាន រាជរដ្ឋាភិបាលកម្ពុជា ទទួលយកទាំងអស់ មានឬគ្មានលិខិត ឲ្យតែជាជនជាតិខ្មែរ គឺយើងទទួលយកទាំងអស់ ព្រោះយើងត្រូវតែទទួលយកពលរដ្ឋយើងត្រឡប់មកវិញ កុំទុកឲ្យគេប្រមាថ កុំទុកឲ្យគេធ្វើបាប ព្រោះទង្វើនៃការរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃ ទៅលើពលករកម្ពុជា កំពុងបានឡើងកម្ដៅ។ ចំណុចនេះក៏សុំបញ្ជាក់ឡើងវិញថា អ្នកដែលត្រូវការលិខិត គឺត្រូវទៅរក ប្រសិនបើការធ្វើដំណើរ ខ្លួនត្រូវការធ្វើលិខិតទេ មកដល់ទល់ដែន ខាងកម្ពុជា គ្មានត្រូវការលិខិតស្នាមអ្វីទាំងអស់ ឲ្យតែពលរដ្ឋកម្ពុជា ត្រូវតែទទួលយក រួចហើយថែទាំឲ្យបានល្អ ដឹកជញ្ជូនទៅកាន់ភូមិកំណើត បន្តទៅនោះ ត្រូវរកការងារធ្វើ ដែលសព្វថ្ងៃនេះ មានសព្វរាប់ម៉ឺនកន្លែង ទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម ទាំងក្នុងវិស័យសំណង់ ។ ដូច្នេះការងារនេះ គឺជាការងារដែលយើងត្រូវរកឲ្យបងប្អូន ព្រោះចាកចេញពីនោះ យើងមានការងារធ្វើនៅក្នុងប្រទេសរបស់យើង ដែលកំពុងតែខ្វះពលកម្ម “ ។

នៅក្នុងឱកាសនោះដែរ សម្តេចហ៊ុន សែន បានធ្វើការកត់សម្គាល់ថា នៅពេលសម្តេច និងសម្តេចនាយករដ្ឋមន្ត្រី បង្ហោះសារពាក់ព័ន្ធពលករខ្មែរ តែងមានការលើកឡើងពីបញ្ហាបំណុល ដែលត្រង់ចំណុចនេះ សម្ដេច សូមថ្លែងអំណរគុណរបស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា ដែលទទួលយកសំណូមពររបស់រាជរដ្ឋា ភិបាល ក្នុងការសម្របសម្រួល ឬបន្ធូរបន្ថយសម្រាប់ការបង់បំណុលធនាគារ របស់ពលករដែលត្រឡប់មកកម្ពុជា ។ សម្ដេច បញ្ជាក់ថា មិនមែនឲ្យធនាគារ លុបចោលបំណុលពលរដ្ឋ ឬមិនសងធនាគារទេ ប៉ុន្តែសម្ដេច បន្តអំពាវនាវដល់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ ជួយសម្របសម្រួលដល់ពលករខ្មែរ ដែលត្រឡប់មកវិញ ហើយក៏បន្តអំពាវនាវដល់ពលករខ្មែរ ឱ្យត្រឡប់មកប្រទេសវិញ ព្រោះយើងមិនអាចទៅពឹងពាក់គេមួយជីវិតនោះទេ ត្រូវតែត្រឡប់មកវិញពេលនេះ ជាពេលវេលាដ៏សមស្រប ។

 សម្ដេចហ៊ុន សែន បានមានប្រសាសន៍បន្តថា “បន្តទៅទៀត គឺពាក់ព័ន្ធទៅនឹងបំណុលធនាគារ ពេលដែលខ្ញុំផុសតាមហ្វេសប៊ុកទៅ ឬក៏នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផុសតាមហ្វេសប៊ុកទៅ មានបងប្អូនខ្លះ បានលើក ឡើងអំពីការបន្ធូរដោយការជំពាក់ធនាគារនៅក្នុងស្រុក ។ រឿងនេះ ក្នុងនាមព្រឹទ្ធសភាកម្ពុជា ហើយក៏ជាប្រធានគណបក្សកាន់អំណាច ក៏សុំអរគុណចំពោះសមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានចេញសេចក្ដីថ្លែងការណ៍គាំទ្រនូវការអំពាវនាវរបស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទៅលើការបន្ធូរបន្ថយអ្នកដែលមានជាប់ជំពាក់ធនាគារ គឺអាចនឹងទទួលបាននូវការបន្ធូរបន្ថយ មិនមែនលុបចោលបំណុលទេ ក៏ប៉ុន្តែគឺជាការបន្ធូរបន្ថយ ។ ឧទាហរណ៍ បង់ការប្រាក់ ត្រូវពន្យារការប្រាក់ ឬក៏មិនយកការប្រាក់ ក្នុងរយៈពេលប៉ុន្មាន ទៅតាមលក្ខណសម្បត្តិ ហើយខ្ញុំក៏សុំអំពាវនាវជាបន្ត សុំឲ្យសមាគមធនាគារ ក៏ដូចជាសមាគមមីក្រូហិរញ្ញវត្ថុ ធ្វើ ការខិតខំដើម្បីជួយស្រោចស្រង់បងប្អូនដែលវិលត្រលប់មកពីប្រទេសថៃ មកកាន់កម្ពុជា ។ យើងមិនអាចនៅទីនោះអស់មួយជីវិតទេ សភាពការណ៍នេះ ក៏យើងត្រូវនិទស្សន៍ឲ្យបានដឹងមុនថា  នៅពេលដែលរឿងរ៉ាវព្រំដែនមិនទាន់ចប់ សភាពការណ៍ការប្រមាថ ការមាក់ងាយ នឹងមានជាបន្ត ។ ដូច្នេះបងប្អូន គួរតែត្រូវចាកចេញឲ្យបានមុនពេលដែលគេបណ្ដេញចេញ ឬត្រូវការប្រមាថ ការរើសអើង ។ កម្ពុជាកម្សត់ណាស់ទៅហើយ ពីមុន យើងខ្វះការងារធ្វើ ប៉ុន្តែឥឡូវយើងក៏មានការងារធ្វើនៅក្នុងប្រទេសរបស់យើង តែយើងត្រូវវិលត្រលប់មកកាន់ប្រទេសរបស់ខ្លួនវិញ ។ សង្ឃឹមថា បងប្អូននឹងធ្វើកិច្ចការងារនេះ ហើយសុំឲ្យទាំងស្ថានទូតយើងនៅប្រទេសថៃ បណ្ដាភ្នាក់ងារការងាររបស់យើង បណ្ដាកុងស៊ុល ត្រូវសម្របសម្រួលទៅលើរឿងនេះ អាជ្ញាធរនៅតាមព្រំដែន ត្រូវខិតខំធ្វើការងារនេះ ផ្នែកពាក់ព័ន្ធត្រូវខិតខំធ្វើការងារនេះ ដើម្បីដោះស្រាយបញ្ហាសម្រាប់បងប្អូនដែលត្រូវវិលត្រលប់ ។ យើងមិនអាចទៅពឹងពាក់គេមួយជីវិតទេ ត្រូវតែមកស្រុកហើយ ហើយពេលវេលានេះ គឺជាពេលវេលាស័ក្ដិសម“ ។ 

ពាក់ព័ន្ធការអំពាវនាវឱ្យពលករវិលត្រឡប់មកប្រទេសវិញនេះ រដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ បានត្រៀមរថយន្ត ៤០០គ្រឿង ដើម្បីត្រៀមដឹកប្រជាពលរដ្ឋ និងពលករ ដែលត្រូវចេញដំណើរពីព្រំដែនថៃ ទៅស្រុកកំណើត ដែលសកម្មភាពនេះ ជាការអនុវត្តតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល និងជាការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ។

មួយទៀតដែរ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់នាយករដ្ឋមន្ត្រី ដែលស្នើឱ្យសមាគមទាំងពីរ ពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកហិរញ្ញវត្ថុប្រជាពលករ ចំពោះអ្នកដែលមានជាប់ជំពាក់កម្ចីជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិ រញ្ញវត្ថុ ទៅតាមលទ្ធភាព ឬក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន។

យោងតាមសេចក្ដីថ្លែងការណ៍ របស់សមាគមទាំងពីរខាងលើ បញ្ជាក់ថា ខ្លួននឹងពិនិត្យឱ្យអស់លទ្ធភាពចូលរួមដាក់ចេញនូវវិធានការសមស្របក្នុងការបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់ប្រជាពលករ តាមរយៈការរៀបចំឥណទានឡើងវិញ ដែលជាយន្តការរបស់សមាគម បាននិងបន្តអនុវត្ត។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញថា បច្ចុប្បន្ន មានពលករកម្ពុជា ប្រមាណ១លាន ៣សែន ៨ម៉ឺននាក់ កំពុងបម្រើការងារនៅតាមប្រទេសនានា ចំនួន៧ ដោយពួកគេបានផ្ញើថវិកាមកសាច់ញាតិនៅកម្ពុជា ជាមធ្យមប្រមាណជិត ៣ពាន់លានដុល្លារ ក្នុង១ឆ្នាំ៕ កុលបុត្រ

RELATED ARTICLES