Sunday, June 15, 2025
Homeនយោបាយបញ្ចៀសសង្រ្គាម ប្តឹងទៅ ICJ មេបក្សជំនាន់ថ្មី សាទរកម្ពុជា ប្ដូរយុទ្ធសាស្រ្ត មិនប្តូរគោលដៅ

បញ្ចៀសសង្រ្គាម ប្តឹងទៅ ICJ មេបក្សជំនាន់ថ្មី សាទរកម្ពុជា ប្ដូរយុទ្ធសាស្រ្ត មិនប្តូរគោលដៅ

ភ្នំពេញ ៖ មេបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានលើកឡើងថា លោកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលបានប្ដូរយុទ្ធសាស្រ្ត ដើម្បីបញ្ចៀសសង្រ្គាមបង្ហូរឈាម រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ដោយបានទទួលយកការសម្រុះសម្រួលជាមួយភាគីថៃ ក្នុងការកែសម្រួលកម្លាំងកងទ័ពដែលឈរជើងនៅតំបន់មុំបី តែយ៉ាងណា អ្នកនយោបាយខ្មែររូបនេះ បានថ្លែងថា កម្ពុជា មិនអាចអត់ឱនឲ្យបានទេ នូវទង្វើរំលោភបំពានរបស់ថៃ មកលើបូរណភាពទឹកដីកម្ពុជា ដោយគូសផែនទីដោយខ្លួនឯង យកដីខ្មែរ ។ ដូច្នេះលោកចង់ឃើញរាជរដ្ឋាភិបាលកម្ពុជា ទោះបីជាប្ដូរយុទ្ធសាស្រ្តដើម្បីបញ្ចៀសសង្រ្គាមបង្ហូរឈាម តែត្រូវតែរក្សាគោលដៅដដែល ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ដោយស្វែងរកយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ដូច្នេះលោកសូមសាទរ នៅពេលបានឃើញរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរមិនប្រួលប្រែក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដែលមានវិវាទជាមួយប្រទេសថៃ ដោយបានសម្រេចបង្កើតគណៈ កម្មការរៀបចំឯកសារប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ។

 លោកមាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ថា “សង្ឃឹមថា កម្ពុជា ប្តូរយុទ្ធសាស្រ្ត មិនប្រឈមនឹងសង្រ្គាមដោយចុងកាណុងក្នុងសមរភូមិ ហើយរក្សាគោលដៅនៃយុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិICJ នៅដដែល!“។

 បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ថា ជាការប្ដូរយុទ្ធសាស្រ្ត ក្នុងការមិនចង់ប្រឈមនឹងការធ្វើសង្រ្គាម ប៉ុន្តែយើងក៏មិនអាចមិនធ្វើសង្រ្គាម ដើម្បីទប់នូវអ្វីដែលភាគីម្ខាង គឺកងទ័ពសៀម ដែលរំលោភបំពានមកលើអធិបតេយ្យ បូរណភាពទឹកដីយើងបានដែរ ហើយការចរចានៃគណៈកម្មាធិការជាតិ កិច្ចការព្រំដែន នៃប្រទេសទាំងពីរ តាម MUO ឆ្នាំ២០០០ ក៏យើងមិនអាចចោលបានដែរ ។ យ៉ាងណា កត្តាសំខាន់ បំណងពលរដ្ឋខ្មែរ ចង់ឃើញ ចង់បានការបញ្ជាក់ច្បាស់លាស់របស់រដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ពាក្យប្ដឹងនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។

 លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “សម្រាប់ទស្សនៈរបស់ខ្ញុំ នៅក្នុងសំណេរដែលខ្ញុំបានចង្អុលបង្ហាញ ជាគន្លឹះយុទ្ធសាស្រ្ត ក្នុងន័យថា កាលណាបើយើងបង្កើតជាសង្រ្គាម វាធ្វើឲ្យយើងខាតបង់នៃជនជាតិទាំងពីរ ហើយអរិភាពវានឹងកើតមាន ។ អ៊ីចឹងហើយខ្ញុំគិតថា គោលដៅរបស់រដ្ឋាភិបាល ត្រូវតែមានយុទ្ធសាស្រ្តបែបណាក្នុងការផ្លាស់ប្ដូរ ដើម្បីយើងឆ្ពោះទៅរកអ្វីដែលយើងមិនផ្លាស់ប្ដូរ គឺគោលដៅនៃយុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ អ៊ីចឹងខ្ញុំមើលឃើញរដ្ឋាភិបាល មានបែបផែនការយ៉ាងណានៃផែនការសម្រាប់ទទួលនូវការរៀបចំឯកសារប្ដឹងអំពីអ្វីដែលភាគីថៃ ដែលគាត់ចង់បានការចរចាជាទ្វេភាគី ហើយភាគីថៃ តែងតែធ្វើអ្វីជាឯកតោភាគី ដូចជាបញ្ហាគូសវាសផែនទី ដើម្បីរំលោភបំពានមកអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ។ អ៊ីចឹងហើយ យើងចង់ឃើញថា អ្វីដែលមានជាគំរូ ដូចជាការប្ដឹងផ្ដល់គ្នានៅទីក្រុងឡាអេ នៃតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដែលដឹកនាំដោយព្រះបរមរតនកោដ្ឋ សម្ដេចនរោត្ដម សីហនុ អីហ្នឹង ហើយបន្តបន្ទាប់មក នៅឆ្នាំ២០០៨ ក៏យើងបានឈ្នះក្ដីនៃប្រាសាទព្រះវិហារ ដដែលហ្នឹងទៀត“ ។

  លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងបទពិសោធន៍ដែលយើងមានអង្គហេតុ អង្គច្បាប់ ជាមួយនឹងយុត្តាធិការនៃភាគីទី៣ ដែលជាភាគីសមាជិករបស់អង្គការសហប្រជាជាតិ ហើយតុលាការ ICJ នៃតុលាការយុត្តិធម៌អន្តរជាតិ ក៏ជាសាខាមួយរបស់អង្គការសហប្រជាជាតិ ដែលក្នុងនាមជាប្រទេសហត្ថលេខី មានប្រទេសថៃ ប្រទេសយួន ប្រទេសឡាវ ក៏ដូចជាមហាអំណាចចិន អាមេរិក ក៏ដូចជាប្រទេសនៅក្នុងអាស៊ាន មួយចំនួន ក៏គាំទ្រឲ្យមានការជជែកគ្នាជាបែបផែននៃយុទ្ធវិធីគតិយុត្តនៃអង្គច្បាប់ ដែលតុលាការនេះ គឺជាសាខារបស់អង្គការសហប្រជាជាតិ ដើម្បីរកនូវការដោះស្រាយទំនាស់បែបណា ជាតឹកតាងមួយដែលយើងមានហើយ មានផែនទីដែលគូសវាសដោយរដ្ឋាភិបាលបារាំង នៅឆ្នាំ១៩០៤ និង១៩០៧ គឺផែនទីបានគូសបន្ទាត់ខណ្ឌចែក សីមារវាងប្រទេសថៃ និងប្រទេសកម្ពុជា នៅលើខ្នងភ្នំដងរែក ។ អ៊ីចឹងខ្ញុំថា ជាការប្ដូរយុទ្ធសាស្រ្តមួយដែរ ក្នុងការមិនចង់ប្រឈមនឹងការធ្វើសង្រ្គាម ប៉ុន្តែយើងក៏មិនអាចថាមិនធ្វើសង្រ្គាម ដើម្បីទប់នូវអ្វីដែលភាគីម្ខាង គឺកងទ័ពសៀម ដែលគាត់រំលោភបំពានដោយបែបណាមកលើអធិបតេយ្យ បូរណភាពទឹកដី ហើយការចរចានៃគណៈកម្មាធិការជាតិកិច្ចការព្រំដែន នៃប្រទេសទាំងពីរ តាម MUO ឆ្នាំ២០០០ហ្នឹង ក៏យើងមិនអាចចោលបានដែរ“ ។

  លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “ប៉ុន្តែដើម្បីជាគំរូ ជាតឹកតាងប្រវត្តិសាស្រ្ត កុំឲ្យមានរឿងច្រំដែលៗដដែលនៃបញ្ហាព្រំដែន នៃការចោទប្រកាន់របស់កងយោធាសៀម មកលើកម្ពុជា នៃអធិបតេយ្យ បូរណភាពទឹកដី គឺថាមានតែការប្ដឹង ការស្នើទៅតុលាការយុត្តិធម៌អន្តរជាតិ ហ្នឹងទេ ដែលជាការបង្ហាញនូវគោលរឹង ឲ្យដឹងគ្នានៃចំណុចរួមណាមួយជាឯកភាពគ្នា ចៀសវាងអរិភាពនៃប្រទេសជិតខាង ហើយយើងចង់ឃើញព្រំដែនសហប្រតិបត្តិការដោយសន្តិវិធី ជាមួយនឹងជំនួញជួញដូរផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខតំបន់ ទប់ស្កាត់នូវឧក្រិដ្ឋឆ្លងដែន នៃកិច្ចសហប្រតិការគ្នាទៅបញ្ហាគ្រឿងញៀន និងបញ្ហាជួញដូរមនុស្ស ក៏ដូចជាឧក្រិដ្ឋនានានៃការឆ្លងដែន ការលាងលុយកខ្វក់អីៗហ្នឹង យើងឃើញថា កើតមាន ជាពិសេសបញ្ហាគ្រឿងញៀន នៃតំបន់ត្រីកោណ មុំបីហ្នឹង វាមិនខុសពីតំបន់ត្រីកោណមុំបី នៅឯប្រទេសភូមា ប្រទេសឡាវ ក៏ដូចជាប្រទេសថៃ ហើយយ៉ាងណាមិញ គឺតំបន់មុំបី នៃខេត្តឧប៊ុន នៃប្រទេសថៃ ក៏ដូចជាខេត្តចំប៉ាសាក់ នៃប្រទេសឡាវ និងខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា ។ អ៊ីចឹងអាហ្នឹងសុទ្ធតែជាអាវក្រោះ យើងកុំភ្លេចថា ប្រទេសថៃ គឺជាប្រទេសដែលចុះហត្ថលេខា ទទួលដឹងឮ និងធានាការពារ ទប់ស្កាត់មិនឲ្យរដ្ឋបរទេសណារំលោភអធិបតេយ្យកម្ពុជា បាន បូរណភាពទឹកដី ឯករាជ្យភាព អព្យាក្រឹត ទៅនឹងការជួយកសាងនិងអភិវឌ្ឍដល់កម្ពុជា ទៅទៀត ក្នុងនាមនៃសន្ធិសញ្ញាទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១“ ។

  លោកមាជ សុណ្ណារ៉ា បានមានប្រសាសន៍បន្ថែមថា “អ៊ីចឹងហើយបានខ្ញុំចង់ចង្អុលបង្ហាញជាគន្លឹះ ក្នុងនាមជាប្រធានគណបក្សជំនាន់ថ្មី នៃបក្សក្រៅរដ្ឋាភិបាល យើងត្រូវបំពេញឲ្យគ្នានូវចន្លោះណាដែលជាអត្ថប្រយោជន៍នៃផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជារាស្រ្ត ជាពិសេសការស្រលាញ់ទឹកដីរបស់ប្រទេសកម្ពុជា នៃព្រំ ដែនមួយ ដែលមានសន្តិភាព មានកិច្ចសហប្រតិបត្តិការ មានជំនួញជួញដូរនឹងគ្នា ជាមិត្តភាព ជាជាងបង្កើតអរិភាពឲ្យគ្នា បញ្ហាអសន្តិសុខ អស្ថិរភាព វាមិនមែនជារឿងល្អនៃប្រទេសភូមិផងរបងជាមួយគ្នានោះទេ ។ ហើយយើងមានទស្សនមតិរបស់មជ្ឈដ្ឋានប្រជារាស្រ្តខ្មែរយើង គឺគាត់ចង់ឃើញឲ្យមានប្រៀបលើកងទ័ពថៃ លើរដ្ឋាភិបាលថៃ ដែលរំលោភបំពានដោយល្មើសច្បាប់ ល្មើសនឹងកិច្ចព្រមព្រៀង ល្មើសនឹង MOU អនុស្សរណៈឆ្នាំ២០០០ ជាពិសេសច្បាប់អន្តរជាតិ នៃតុលាការយុត្តិធម៌ក្រុងឡាអេ ជាដើមហ្នឹង គឺថាពលរដ្ឋចង់ឃើញឲ្យមានការប្ដឹងផ្ដល់ទៅស្ថាប័នអន្តរជាតិ ដែលចំណុះឲ្យអង្គការសហប្រជាជាតិ គាត់អត់ចង់ឃើញការចរចាណាមួយដែលចាញ់ប្រៀប ហើយក្នុងទឹកចិត្តគាត់ ថាបើមានសង្រ្គាម គាត់សឹងតែចូលរួមកាន់អាវុធ កាន់ដាវ កាន់អី ដើម្បីការពារបូរណភាពទឹកដី ដែលបរទេស សត្រូវឈ្លានពាន វាមើលងាយមើលថោកមកលើខ្មែរយើង ចង់រំលោភបំពានទឹកដីខ្មែរយើង ជាសម្បត្តិរបស់ប្រទេសសៀម ទៅទៀត ។ អ៊ីចឹងហើយ អានេះហើយគឺជាទឹកចិត្តដែលពលរដ្ឋចង់ឃើញរដ្ឋាភិបាល ប្ដេជ្ញា មានឆន្ទៈក្នុងការប្ដឹងផ្ដល់នូវអ្វីដែលរដ្ឋាភិបាលបង្ហាញនូវការចរចាទ្វេភាគី ឬក៏មិនចង់ឃើញប្រទេសជិតខាងភូមិផងរបងជាមួយគ្នាហ្នឹង ប្រើនូវសិទ្ធិឯកតោភាគី ហើយក៏មិនចង់បង្កើតសង្រ្គាម ឲ្យវាហិនហោចជាតិសាសន៍ ឬក៏ទ្រព្យសម្បត្តិ ឬក៏រាំងស្ទះនៃវិបត្តិសេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយបើថា ធ្វើសង្រ្គាម ក៏យើងអាចនឹងធ្វើ ដើម្បីកុំឲ្យគេរំលោភបូរណភាពទឹកដី អធិបតេយ្យ ។ អ៊ីចឹងនេះជាបំណងដែលពលរដ្ឋខ្មែរ ចង់ឃើញ ចង់បានអំពីការបញ្ជាក់ច្បាស់លាស់របស់រដ្ឋាភិបាលកម្ពុជា ទៅនឹងការដាក់ប្ដឹងផ្ដល់នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាដើមហ្នឹង“ ។

  ទោះបីជាយ៉ាងណា លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់បន្ថែមថា ក្នុងនាមប្រធានគណបក្សជំនាន់ថ្មី ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅ លោកសូមសម្ដែងនូវការសាទរចំពោះរាជរដ្ឋាភិបាល ដែលបានសម្រេចបង្កើតគណៈ កម្មការរៀបចំឯកសារប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដែលនេះបង្ហាញថា រាជរដ្ឋាភិបាល ពិតជាមានស្មារតីជាតិនិយម នៅក្នុងការប្រើយន្ត ការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែននេះ ដូចដែលសម្ដេចព្រះឪ សម្តេចតា នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ធ្លាប់បានធ្វើ និងបានឈ្នះក្ដី នៅក្នុងរឿងប្រាសាទព្រះវិហារ កាលពីឆ្នាំ១៩៦២ ។

 លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្ថែមថា “ខ្ញុំថាជាផ្លូវត្រឹមត្រូវ ជាជម្រើសដែលល្អបំផុត ទទួលបាននូវការសាទរពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ទាំងសហគមន៍អន្តរជាតិ ពិសេសប្រជារាស្រ្តខ្មែរ គាត់មានក្ដីសង្ឃឹម នូវអ្វីដែលប្រទេសជាតិគាត់ ត្រូវបានគេមើលងាយ មើលថោក ពិសេសរំលោភបំពានអធិបតេយ្យកម្ពុជា ការរើសអើងរបស់ជនជាតិថៃ មានន័យថា ជាតិសាសន៍ប្រកាន់ជាតិសាសន៍ ។ អាហ្នឹងយើងឃើញថា ជាការដែលរដ្ឋាភិបាល មានស្មារតីជាតិនិយម ហើយរដ្ឋាភិបាលដែលចេះស្ដាប់មតិប្រជារាស្រ្ត ។ ប្រជារាស្រ្ត ជាម្ចាស់ប្រ ទេស ម្ចាស់ឆ្នោត អ៊ីចឹងហើយ រដ្ឋាភិបាល ជាអ្នកបម្រើប្រជារាស្រ្ត អ៊ីចឹងត្រូវតែធ្វើអ្វីៗទៅតាមអ្វីដែលប្រជា រាស្រ្តចង់បាន មើលឃើញអំពីការគ្រោះថ្នាក់នៃជាតិ គឺធម្មតាប្រទេសជាតិមួយ កាលណាមានជាតិសាសន៍ មានកិត្តិយស គឺប្រទេសជាតិហ្នឹង ក៏វាទៅតាមហ្នឹងដែរ ជាពិសេសយើងរស់នៅអត់មានទឹក អត់មានដី ហើយបើគេរំលោភបំពានមកផ្ទះយើង តើយើងឈឺចាប់យ៉ាងណាទៅនឹងការមើលងាយថោក? ជាពិសេសចង់បានបូរណ ភាពទឹកដីរបស់កម្ពុជា ខ្ញុំថា ជាជម្រើសដ៏ត្រឹមត្រូវដែលរដ្ឋាភិបាល សម្រេចចិត្តក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នោះ ហើយក្នុងនាមប្រធានគណបក្សជំនាន់ថ្មី បក្សក្រៅរដ្ឋាភិបាល ជាបក្សប្រកួតប្រជែង អ៊ីចឹងហើយខ្ញុំមានការគាំទ្រ សាទរ ដូចដែលអ្វីប្រជាពលរដ្ឋ ចង់ឃើញនូវអ្វីជាការពិតនៅក្នុងការប្ដឹងផ្ដល់ទៅតុលាការយុត្តិធម៌អន្តរជាតិ ដូចដែលព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលព្រះអង្គ បានទាមទារតាមផ្លូវច្បាប់អន្តរ ជាតិ ជាមួយនឹងអ្វីដែលកម្ពុជា មិនចង់ទៅបំពាននៃប្រទេសជិតខាង ក្រៅតែពីរក្សានូវអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យភាព អព្យាក្រឹតរបស់កម្ពុជា ដូចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ អ៊ីចឹង ហើយកន្លងមក ក៏យើងធ្លាប់ប្ដឹងនៅតំបន់ប្រាសាទព្រះវិហារ ហ្នឹងដែរ ហើយយើងឈ្នះក្ដីនៅឆ្នាំ២០០៨ ទៅទៀត ។ អ៊ីចឹងអត់មានអីត្រូវរួញរាទេ ព្រោះអានេះយើងការពារអធិបតេយ្យ បូរណភាពទឹកដីយើង យើងអត់ត្រូវបង្កើតនូវអរិភាពទេ គឺថាយើងរកសន្តិភាពព្រំដែន សហប្រតិបត្តិការជំនួញជួញដូរទ្វេភាគី មិនអាចថៃ ដែលជាប្រទេសហត្ថលេខី ធានាការពារមិនឲ្យរដ្ឋបរទេសណាមករំលោភអធិបតេយ្យ បូរណភាពទឹកដីរបស់កម្ពុជា បែរជាគាត់សម្រេចឯកតោភាគី ក្នុងការរំលោភបំពាន គូសផែនទីដើម្បីយកដីខ្មែរ គឺថាយើងមិនអាចអត់ឱនឲ្យបានទេ“ ។

 គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដែលគណៈ កម្មការនេះ មានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ជាអនុប្រធាន លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធាន លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាអនុប្រធាន លោកឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាអនុប្រធាន និងលោកបណ្ឌិត ស៊ា កុសល រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រ តិបត្តិការអន្តរជាតិ ជាអនុប្រធាន ព្រមទាំងមានសមាជិក ចំនួន ១០រូបផ្សេងទៀត។

គណៈកម្មការរៀបចំឯកសារដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី មានភារកិច្ច ៖ -ពិនិត្យនិងសម្រេចជ្រើសរើសមេធាវីអន្តរជាតិ ការពារក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី តាមសំណើរបស់ក្រុមការងារកិច្ចការច្បាប់។ -ពិនិត្យនិងសម្រេចលើឯកសារដែលបានចងក្រងដោយក្រុមការងារកិច្ចការច្បាប់ ជាមួយមេធាវីអន្តរជាតិ សម្រាប់បញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ។ -ពិនិត្យនិងសម្រេចលើការងាររបស់ក្រុមការងារកិច្ចការការទូត តាមការចាំបាច់ ។ -ធ្វើទំនាក់ទំនងការងារជាមួយតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដំណើរការនីតិវិធីច្បាប់ ក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។ -ធ្វើជាតំណាងរបស់កម្ពុជា នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ ចាប់ពីដំណាក់កាលនៃការដាក់ពាក្យប្ដឹង រហូតដល់ការបញ្ចប់នីតិវិធីរបស់តុលាការយុត្តិធម៌អន្តរជាតិ។ -រាយការណ៍អំពីលទ្ធផលការងារ និងស្នើសុំការណែនាំតាមការចាំបាច់ពីប្រមុខរាជរដ្ឋាភិបាល។ -អនុវត្តការកិច្ចផ្សេងទៀត តាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។

គណៈកម្មការនេះ មានក្រុមការងារចំណុះចំនួន២ គឺ ១-ក្រុមការងារកិច្ចការច្បាប់ (មានភារកិច្ច ៖ -ពិនិត្យនិងផ្តល់យោបល់លើបញ្ជីឈ្មោះមេធាវីដែលបានមកពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីដាក់ជូនគណៈកម្មការពិនិត្យនិងសម្រេច។ -រៀបចំនិងចងក្រងឯកសារជាមួយមេធាវីអន្តរជាតិ សម្រាប់បញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដាក់ជូនគណៈកម្មការពិនិត្យនិងសម្រេច។ -សិក្សា ស្រាវជ្រាវ និងផ្តល់យោ បល់ផ្នែកច្បាប់ជូនគណៈកម្មការ) និង ២- ក្រុមការងារកិច្ចការការទូត (មានភារកិច្ចសម្របសម្រួលជាមួយស្ថានតំណាងកម្ពុជា នៅបរទេស ក្នុងទំនាក់ទំនងពាក់ព័ន្ធនឹងឯកសារនានាជាមួយមេធាវីអន្តជាតិ)៕ កុលបុត្រ

RELATED ARTICLES