Sunday, June 8, 2025
Homeព័ត៌មានសិល្បៈនាយឆាង ក្រុមទម្ងន់យក្ស ស្លា---/ប់ដោយជំងឺធាត់

នាយឆាង ក្រុមទម្ងន់យក្ស ស្លា—/ប់ដោយជំងឺធាត់

ភ្នំពេញ ៖  នាយឆាង តារាកំប្លែងក្រុមទម្ងន់យក្ស ដែលមានសមាជិក ៤នាក់នោះ សុទ្ធតែមានទម្ងន់ជាង២០០ គីឡូក្រាម បានស្លាប់ដោយជំងឺធាត់ (ស្ទះសរសៃឈាមបេះដូង) បន្ទាប់ពីសមាជិកក្រុមរបស់ខ្លួន គឺនាយធុង បានស្លាប់ កាលពីមួយឆ្នាំមុន ។ ការស្លាប់របស់នាយឆាង ពេលនេះ បានធ្វើឲ្យមានការស្ដាយស្រណោះពីទស្សនិកជន និងក្រុមរបស់ខ្លួន ខណៈដែលម្ដាយរបស់យុវជនវ័យ២៥ឆ្នាំរូបនេះ ជួបប្រទះការខ្វះខាតក្នុងជីវភាព អំពាវនាវសុំជំនួយធ្វើបុណ្យសពកូនប្រុស ឲ្យបានសមរម្យទៅតាមប្រពៃណីព្រះពុទ្ធសាសនា។

  តាមប្រភពលោកខ័ណ្ឌ ច័ន្ទសុផល ជាមន្រ្តីយោធា និងជាអ្នកលេងបណ្តាញសង្គមល្បីឈ្មោះម្នាក់ បានបញ្ជាក់ពីស្ថានភាពជំងឺរបស់នាយឆាង មុនពេលស្លាប់ តាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ថា “១ឆ្នាំគត់ ដែលឆ្នាំទៅ ប្អូនឆាង ដេកសង្គ្រោះបន្ទាន់ ត្រូវបានជួយសង្គ្រោះដោយក្រុមគ្រូពេទ្យ TYDA និងពេទ្យ បានចេញបញ្ជាដាច់ខាត ឲ្យបន្ថយការហូប និងហាត់ប្រាណ ព្រោះជំងឺធាត់គាត់ បានវាយប្រ ហារ អាចស្ទះសសៃឈាមបេះដូង ដោយសារខ្លាញ់អាក្រក់ឡើងជាខ្លាំង ។ នេះជាថ្ងៃគម្រប់ខួប ១ឆ្នាំ ដែលនាយឆាង បានចេញពីពេទ្យ ហើយថ្ងៃនេះ ក៏នាយឆាង បានលាចាកលោកផងដែរ ដោយសារជំងឺស្ទះសរសៃឈាមបេះដូង“ ។

  លោកច័ន្ទសុផល បន្តថា “ម្តាយនាយឆាង កំពុងអំពាវនាវសុំជំនួយ ក្នុងការរៀបចំធ្វើបុណ្យសព ព្រោះគាត់ក្រីក្រ ។ ទោះជីវភាពខ្ញុំខ្វះខាតដែរ ក៏ខ្ញុំសូមចូលរួមបច្ច័យ 5$ ដល់ប្អូនផងដែរ“ ។

  ជាមួយគ្នានេះ លោកស្រី ទ្រី ដាណា ម្ចាស់ហាងពេជ្រ ដែលធ្លាប់ជួយថវិកាព្យាបាលនាយឆាង កាលនៅរស់ នាពេលកន្លងមក បានបញ្ជាក់តាមទំព័រហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃដដែលនោះថា “នាយឆាង អាយុទើប ២៥ឆ្នាំ បានលាទៅកាន់លោកខាងមុខហើយ អាណិតណាស់ នាងខ្ញុំចូលរួមរំលែកទុក្ខ ១លានរៀល។ នាងខ្ញុំបានផ្ដល់ជំនួយបន្តបន្ទាប់ ថវិកា រទេះរុញ បំពង់អុកស៊ីហ្សែន ចាប់ពីដឹងថា នាយឆាង ធ្លាក់ខ្លួនឈឺ ព្រោះទម្ងន់ជាង ២០០គីឡូក្រាម មិនមែនជារឿងស្រួលទេ តែធ្វើម៉េច បើគ្នាមានជំងឺតាំងពីក្មេងមក។ ពេលឮថា ឈឺខ្លាំង កាលខែ១នេះ នាងខ្ញុំក៏ជួយថែម 1000$ ទៀត តែជំងឺនេះ មិនអាចព្យាបាលជា។ ក្រុមគ្រូពេទ្យ TYDA និងលោក ជំទាវម៉ែ ក៏បានយកចិត្តទុកដាក់ជួយគាត់ អស់ពេលជាយូរមកហើយដែរ តែថ្ងៃនេះ មិនអាចឆ្លងផុត។ មានតែចូលរួមរំលែកទុក្ខប៉ុណ្ណោះ សូមនាយឆាង បានទៅកាន់សុគតិភព និងចាប់ជាតិថ្មី កុំឲ្យអភ័ព្វដូចជាតិនេះទៀត»។

  សូមជម្រាបថា នាយឆាង គឺជាសមាជិកម្នាក់ របស់ក្រុមកំប្លែងទម្ងន់យក្ស ដែលរួមមាន នាយធុង នាយស្មាច់ នាយឆាង និងនាយម៉េង ។ ក្រុមនេះតែងតែសម្ដែងរួមគ្នាជាក្រុមដោយមាននាយក្រឹប និងនាយពាង ផងដែរ ហើយផ្ដល់សំណើចជូនទស្សនិកជន តាមដានទស្សនាតាមទំព័រហ្វេសប៊ុក និងចែកចាយតាមបណ្ដាញសង្គមនានា និងយូធូបទៀតផងដែរ ដោយសារតែពួកគេសុទ្ធតែជាតារាទម្ងន់យក្ស ម្នាក់ៗទម្ងន់ជាង២០០គីឡូក្រាម។ ក្រោយសមាជិកនៃក្រុម ឈឺជាបន្តបន្ទាប់គ្នា មហាជនដែលជាអ្នកគាំទ្រ ក៏លែងបានឃើញសកម្មភាពក្រុម កំប្លែងនេះបន្តទៀត ព្រោះក្រៅពីនាងធុង ស្លាប់កាលពីឆ្នាំំមុន និងនាយឆាង ស្លាប់នៅពេលនេះ ក្រុមទម្ងន់យក្ស ទាំង៤នាក់នេះ នៅសល់តែ ២នាក់ប៉ុណ្ណោះ គឺនាយស្មាច់ និងនាយម៉េង ។

  គួររំលឹកថា ជុន ឆាង ហៅនាយឆាង កើតនៅក្នុងគ្រួសារមួយ ដែលមានជីវភាពក្រីក្រ និងមានបងប្អូន ចំនួន៦នាក់  ។ ឪពុករបស់គេ បានស្លាប់ជាច្រើនឆ្នាំមកហើយ នៅសល់តែម្ដាយមេម៉ាយ ប្រកបរបររើសអេតចាយ រស់នៅក្នុងសហគមន៍អណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ម្ដាយរបស់នាងឆាង ធ្លាប់បានប្រាប់ថា នាយឆាង មានជំងឺធាត់ តាំងពីនៅតូច ហើយក៏ធ្លាប់នាំទៅព្យាបាលនៅពេទ្យដែរ តែបានធូរស្បើយ ។ នាយឆាង បានធ្លាក់ខ្លួនឈឺខ្លាំង កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ នៅក្នុងវ័យ២៤ឆ្នាំ និងមានទម្ងន់ ២០០គីឡូក្រាម ។ ពេលនោះ ម្ដាយរបស់នាងឆាង បាននាំកូនយកទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកសុមៈ ហៅពេទ្យលោកសង្ឃ ហើយត្រូវគ្រូពេទ្យបា្រប់ថា មានជំងឺសួតធ្ងន់ធ្ងរ ។ បន្ទាប់មក ដោយខ្វះខាតក្នុងជីវភាព គ្មានប្រាក់ព្យាបាលកូន ម្ដាយនាយឆាង បានអំពាវនាវរកជំនួយ ហើយក៏មានសប្បុរសជនមួយចំនួន រួមមានលោកស្រី ទ្រី ដាណា ផងដែរ បានជួយឧបត្ថម្ភដល់ក្រុមគ្រួសារនាយឆាង ។ ចំណែកសម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ដល់ផ្ទះមួយខ្នង ដែលកំពុងស្នាក់នៅសព្វថ្ងៃនេះ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានផ្ដល់អំណោយ អង្ករ មី  ត្រីខ ទឹកស៊ីអ៊ីវ ឃីត១កញ្ចប់ និងថវិកា ១០លានរៀល ។

  ទោះជាទទួលបានការជួយឧបត្ថម្ភពីថ្នាក់ដឹកនាំ និងការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យយ៉ាងណា ក៏មិនអាចសង្រ្គោះជីវិតនាយឆាង ដែលមានជំងឺធាត់នេះបាន គឺគេបានស្លាប់ដោយស្ទះសរសៃឈាមបះដួង និងសួតធ្វើទុក្ខខ្លាំង នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ក្នុងអាយុ២៥ឆ្នាំ ទម្ងន់២១០គីឡូក្រាម ៕ កុលបុត្រ

RELATED ARTICLES