ខេត្តកំពង់ស្ពឺ ៖ រថយន្តដឹកប្រេង ១គ្រឿង ដឹកប្រេងចំណុះ ៣២០០០លីត្រ បើកបរឡើងចំណោតលោកយាយម៉ៅពេជ្រនិល មិនរួច ធ្វើឱ្យរអិលថយក្រោយ ធ្លាក់ផ្លូវចូលព្រៃ សំណាងល្អមិនបង្កឱ្យមានមនុស្សណាម្នាក់រងគ្រោះ ថ្នាក់ឡើយ។

ករណីនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុច ចំណោតលោកយាយម៉ៅពេជ្រនិល ចន្លោះគីឡូម៉ែត្រ១០២-១០៣ ស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។

លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ប្រាប់ថា មានករណីរថយន្តដឹកប្រេងឥន្ធនៈ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-9568 សណ្តោងស៊ឺមីរ៉ឺម៉ក ពាក់ ស្លាកលេខ ភ្នំពេញ 4B-7338 បើកបរដោយឈ្មោះ ម៉ី ចន្ថន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង (រថយន្ត ផ្ទុកប្រេងឥន្ធនៈ ប្រភេទសាំង ចំណុះ ៣២០០០លីត្រ) ជួបបញ្ហាបច្ចេកទេសនៅចំណុចឡើងចំណោតលោកយាយម៉ៅពេជ្រនិល។

លោកអធិការ បន្តថា នៅមុនពេលកើតហេតុ រថយន្តដឹកប្រេងខាងលើ បានបើកបរមកពីទិសខាងលិច ទៅទិសខាងកើត លុះមកដល់ចំណុចឡើងចំណោតលោកយាយម៉ៅពេជ្រនិល រថយន្តឡើងមិនរួច បានរអិលថយក្រោយ ធ្លាក់ផ្លូវ បណ្តាលឱ្យខូចខាតរថយន្តស្រាល សំណាងល្អ ពុំមានមនុស្សណាម្នាក់បានរងរបួសឡើយ។ក្រោយកើតហេតុ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងកម្លាំងនគរបាលចរាចរណ៍ បានជួយសម្របសម្រួលចរាចរណ៍ នៅគោលដៅកើតហេតុ និងស្ទួចរថយន្តចេញពីផ្លូវ៕
