Saturday, June 7, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទិញថ្នាំញៀនលក់ ២០លើក ទើបជា.../ប់ខ្នោះ

ទិញថ្នាំញៀនលក់ ២០លើក ទើបជា…/ប់ខ្នោះ

ខេត្តកណ្តាល ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀន យ៉ាងសកម្មម្នាក់ តែងទិញថ្នាំញៀនពីបក្ខពួក យកមករំលែកលក់បន្ត បានចំនួន ២០លើករួចមកហើយ លុះចុងក្រោយទើបនឹងជិះម៉ូតូត្រឡប់មកពីទិញថ្នាំញៀន ជួបនឹងកម្លាំងសមត្ថកិច្ចល្បាត ឃាត់ឆែកឆេរ ឃើញថ្នាំញៀន ៥កញ្ចប់ ក៏ចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ចំណុចមុខរោង ចក្របឹងឈូក ស្ថិតក្នុងភូមិព្រែកអង្គញ់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសាត មករា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង។

ចំពោះវត្ថុតាងដកហូត រួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៥កញ្ចប់ (ធំចំនួន២កញ្ចប់ មធ្យមចំនួន២កញ្ចប់ និងតូចចំនួន១កញ្ចប់) ម៉ូតូ ចំនួន១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HF-2453 និងឧបករណ៍ប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀន មួយចំនួន ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនឈានដល់ការបង្ក្រាបនេះ កម្លាំងជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាប និងកម្លាំងប្រជាការពារ បានចេញល្បាតតាមភូមិសាស្ត្រងាយរងគ្រោះ បានឃើញជនសង្ស័យខាង លើ កំពុងតែជិះម៉ូតូតាមផ្លូវ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានហៅឃាត់សាកសួរនិងធ្វើការឆែកឆេរលើខ្លួនរបស់ជនសង្ស័យ រកឃើញម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន៥កញ្ចប់ លាក់ទុកក្នុងហោប៉ៅខោមុខខាងស្តាំ។ ភ្លាមនោះកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួននិងរាយការណ៍មកផ្នែកជំនាញ ហើយក៏បាននាំខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង មកកាន់ផ្នែកជំនាញ ដើម្បីសាកសួរបន្ត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសាត មករា បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន៥កញ្ចប់នេះ ពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចទំនប់ឆ្កែឆ្កួត ក្នុងតម្លៃ ៣០ម៉ឺនរៀល ដើម្បីយកមករំលែកលក់បន្ត ហើយកន្លងមក ខ្លួនធ្លាប់ជួញដូរគ្រឿងញៀន បានរយៈពេលជិតមួយខែមកហើយ និងធ្លាប់ទៅទិញថ្នាំញៀន នៅទំនប់ឆ្កែឆ្កួត បានចំនួន ២០លើក ដោយក្នុង១លើកៗ ពេលខ្លះខ្លួនទិញតម្លៃ ១០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល។

 ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES