ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចគាស់ទូកុងតឺន័រ លួចបានសម្ភារៈជាច្រើន រួចរត់គេចខ្លួនបាត់ លុះក្រោយមកត្រូវបានកម្លាំងជំនាញអាវុធហត្ថ បើកការស្រាវជ្រាវ ឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីលួចគាស់ទូកុងតឺន័រនេះ បានកើតឡើង កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ រហូតមកដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ទើបកម្លាំងជំនាញអាវុធហត្ថស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានម្នាក់។
តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីលួចគាស់ទូកុងតឺន័រ កើតឡើងស្ថិតក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ និងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេ បញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខណ្ឌកំបូល និងខណ្ឌដង្កោ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ យកមកសាកសួរ។

ចំពោះសម្ភារៈបាត់បង់រួមមាន ទូកុងតឺន័រ ១ទូ (ដាក់សម្ភារៈសំណង់)។ រីឯវត្ថុតាងចាប់យក រួមមាន ទូកុងតឺន័រ ២កំណាត់ ទូរស័ព្ទដៃ ១គ្រឿង បង្អួចកញ្ចក់ ៣វង់ ទ្វារកញ្ចក់ ១វង់ ស៊ីទែនទឹក ចំណុះ១០០០លីត្រ ជណ្តើរដែក១ ធុងសាំងដែក និងកំណាត់ទុយោជ័រ មួយចំនួន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល រៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕