Sunday, May 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះរោងចំប៉ើង២ ខាតបង់២ម៉ឺនដុល្លារ

ភ្លើងឆេះរោងចំប៉ើង២ ខាតបង់២ម៉ឺនដុល្លារ

ខេត្តបាត់ដំបង ៖ រោងដាក់គំនរចំបើង ដ៏ធំ ចំនួន២ខ្នង ដែលសង់ជាប់គ្នា ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឱ្យខូចខាតអស់ ដោយមិនដឹងមូលហេតុ ធ្វើឱ្យរងការខាតបង់គិតជាទឹកប្រាក់ អស់ទឹកប្រាក់ប្រមាណ២ម៉ឺនដុល្លារ។ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិតាពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល។

រោងដាក់គំនរចំបើងដ៏ធំ ចំនួន២ខ្នងនោះ សង់ពីដែក ប្រក់ស័ង្កសី មានទំហំ ២៥ម៉ែត្រ គុណនឹង ៣០ម៉ែត្រ មានម្ចាស់ឈ្មោះជឿន ម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពម្ចាស់រោងចំបើង បានរៀបរាប់ប្រាប់សមត្ថកិច្ចថា រោងចំបើងនេះ គាត់ធ្វើពីដែកសុទ្ធ ចំនួន២ខ្នង និងមានផ្ទុកចំបើង ចំនួន១៧០០០ដុំ ដែលទើបប្រមូលទិញពីតាមស្រែនានា ដែលម្ចាស់ទើបច្រូតរួច។ ប៉ុន្តែគាត់មិនទាន់ដឹងពីមូលហេតុដែលនាំឱ្យមានអគ្គិភ័យឆាបឆេះរោងចំបើងរបស់គាត់នៅឡើយទេ។

បន្ទាប់ពីកើតមានហេតុការណ៍ខាងលើ សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ និងទប់ស្កាត់កុំឱ្យឆាបឆេះរាលដាលកាន់តែធ្ងន់ ប៉ុន្តែមិនអាចជួយបង្ក្រាបភ្លើងឆេះគំនរចំបើង ជិត២ម៉ឺនដុំនោះបានឡើយ បើទោះជាកម្លាំងពន្លត់ អគ្គិភ័យ បានប្រឹងប្រែងបាញ់ទឹកពន្លត់យ៉ាងណាក្តី ។

តាមការបញ្ជាក់ពីម្ចាស់រោងចំបើងខាងលើ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា អគ្គិភ័យបានឆេះរោងដាក់ចំបើង ទាំង២ខ្នងខូចខាតទាំងស្រុង និងចំបើង ចំនួន១៧០០០ដុំ ដែលប៉ាន់ស្មានជាទឹកប្រមាណ២ម៉ឺនដុល្លារ។ ដោយឡែក ពាក់ព័ន្ធនឹងអគ្គិភ័យនេះ ទាំងម្ចាស់រោងចំបើង និងសមត្ថកិច្ច នៅមិនទាន់ដឹងច្បាស់ពីមូលហេតុនៅឡើយ៕

RELATED ARTICLES