Friday, May 23, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចេញពីផឹក បុ---/កកង់បីក្រឡាប់ បើកឡានរត់

ចេញពីផឹក បុ—/កកង់បីក្រឡាប់ បើកឡានរត់

ភ្នំពេញ ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោក បើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយម៉ូតូកង់បី ១គ្រឿង ពេញទំហឹង បណ្តាលឱ្យក្រឡាប់កង់បី ខូចខាត និងអ្នកបើកកង់បី រងរបួសស្រាល។ ចំណែករថយន្តបង្កហេតុ មិនព្រមឈប់ដោះស្រាយ បែរជាព្យាយាមបើករត់គេច តែត្រូវបងប្អូនប្រជាពលរដ្ឋប្រដេញតាមឃាត់បាន ប្រគល់ឱ្យសមត្ថកិច្ច។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុចស្តុបវត្តមហាមន្ត្រី ផ្លូវព្រះសីហនុ កែងផ្លូវ១៦៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូកង់បី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AC-3887 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីលិច ទៅកើត លុះមកដល់ចំណុចកើតហេតុ មានភ្លើងស្តុបអាទិភាព ទើបម៉ូតូកង់បី បានបន្តបើកតិចៗទៅមុខ ស្រាប់តែរំពេចនោះ មានរថយន្ត ១គ្រឿង ម៉ាក Lexus RX-400h ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AG-3186 បើកបរដោយបរុសម្នាក់ ធ្វើដំណើរក្នុងទិសដៅស្របគ្នាជាមួយម៉ូតូកង់បី ក្នុងល្បឿនយ៉ាងលឿន ទាំងស្ថានភាពស្រវឹងជោក រួចជ្រុលទៅបុកម៉ូតូកង់បី ពីក្រោយ ពេញទំហឹង បណ្តាលឱ្យក្រឡាប់កង់បី ខូចខាតធ្ងន់ ព្រមទាំងធ្វើឱ្យបុរសជាអ្នកបើកកង់បី រងរបួសរលាត់ដៃជើង។

ប្រភពដដែល បន្តថា ក្រោយបង្កហេតុរួច អ្នកបើកបររថយន្តបង្កហេតុ មិនព្រមឈប់ទទួលខុសត្រូវនោះទេ បែរជាព្យាយាមបើករថយន្តរត់គេច រហូតដល់ជិតវិទ្យាល័យសន្ធរម៉ុក ផ្លូវកម្ពុជាក្រោម កែងផ្លូវ២៥៣ សង្កាត់ទឹក ល្អក់ទី១ ខណ្ឌទួលគោក ទើបត្រូវបានបងប្អូនប្រជាពលរដ្ឋ ប្រដេញតាមឃាត់បាន ប្រគល់ឱ្យសមត្ថកិច្ចជំនាញតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានយកមធ្យោបាយទាំងអស់ រួមទាំងអ្នកបើកបរ ទៅផ្នែកជំនាញ នៃអធិការខណ្ឌបឹងកេងកង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

RELATED ARTICLES