Thursday, May 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រធានផ្សារ ប្រមូលភាស៊ីចិញ្ចើមផ្លូវ  តុលាការសម្រេចឃុំខ្លួន

ប្រធានផ្សារ ប្រមូលភាស៊ីចិញ្ចើមផ្លូវ  តុលាការសម្រេចឃុំខ្លួន

ភ្នំពេញ ៖ បុរសស្ត្រី ២នាក់ប្តីប្រពន្ធ ជាប្រធានផ្សារទួលពង្រ និងបក្ខពួក២នាក់ទៀត ដែលត្រូវបានអង្គភាពប្រ ឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការដើរប្រមូលលុយភាស៊ីពីប្រជាពលរដ្ឋ អាជីវករលក់ដូរតាមចិញ្ចើមផ្លូវ ដោយមិនទទួលបានសិទ្ធិពីរដ្ឋនោះ ត្រូវបានចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារ ជាបណ្តោះអាសន្ន នៅថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥។

លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ថា ជនសង្ស័យទាំង៤នាក់ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ ពីបទការប្រមូលចំណូលសារពើពន្ធដោយគ្មានសិទ្ធិ និងអំពើសមគំនិតក្នុងការប្រមូលចំណូលសារពើពន្ធដោយគ្មានសិទ្ធិ បទល្មើសមានចែងនិងផ្តន្ទាទោសមាត្រា ៨៩ នៃច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ ហើយសំណុំរឿងនេះ​ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ បន្តនីតិវិធី។

ទីបំផុតនៅថ្ងៃដដែលនោះ លោក ហុក ពៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរក្នុងសំណុំរឿងខាងលើ បានសម្រេចឃុំខ្លួនជនត្រូវចោទទាំង៤នាក់ រួមមានបុរសស្ត្រី ២នាក់ប្តីប្រពន្ធ ជាប្រធានផ្សារទួលពង្រ និងបក្ខពួក២នាក់ទៀត ជាសន្តិសុខផ្សារទួលពង្រ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅរសៀលថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានសម្រេចឃាត់ខ្លួនបុរសស្ត្រីប្តីប្រពន្ធ ជាប្រធានផ្សារទួលពង្រ និងបក្ខពួក ២នាក់ទៀត បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការដើរប្រមូលលុយភាស៊ីពីប្រជាពលរដ្ឋ អាជីវករលក់ដូរតាមចិញ្ចើមផ្លូវ ដោយមិនទទួលបានសិទ្ធិពីរដ្ឋ។

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ថា ករណីសន្តិសុខផ្សារទួលពង្រ ដើមប្រមូលលុយពីក្រុមអាជីវករលក់ដូរតាមដងផ្លូវ ដេលត្រូវបានសារព័ត៌មានចុះផ្សាយច្រើនសន្ធឹកសន្ធាប់នោះ គឺសន្តិសុខទាំងនោះ ធ្វើតាមបញ្ជារបស់បុរសស្ត្រី ២ប្តីប្រពន្ធ ជាប្រធានផ្សារទួលពង្រ ហើយពេលនេះ ប្តីប្រពន្ធជាប្រធានផ្សារទួលពង្រ និងសន្តិសុខ ២នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួន បញ្ជូនទៅតុលាការ។

លោក សយ ច័ន្ទវិចិត្រ បានបញ្ជាក់ថា ជនសង្ស័យ ទាំង៤នាក់ រួមមាន ទី១-ឈ្មោះណៃ ដាណែត ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរប្រធានផ្សារទួលពង្រ (ត្រូវជាប្រពន្ធ)។ ទី២-ឈ្មោះប៊ុន ស៊ិន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងថតវីដេអូ (ត្រូវជាប្តី)។ ទី៣-ឈ្មោះម៉ី សាផាត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរសន្តិសុខផ្សារទួលពង្រ និងទី៤-ឈ្មោះសាម៉ាក់ ឆាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសន្តិសុខផ្សារទួលពង្រ។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ ជាប់ពាក់ព័ន្ធនឹងអំពើពុក​រលួយ ក្នុងបទល្មើស “ប្រមូលចំណូលមិនមែនសារពើពន្ធ ដោយមិនទទួលបានសិទ្ធិពីរដ្ឋ តាមមាត្រា៨៩ និងមាត្រា៩៧ នៃច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងបទសមគំនិត តាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ”។

ក្រោយបញ្ចប់ការសាកសួរ មន្ត្រីនគរបាលយុត្តិធម៌ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចឃាត់ខ្លួនបុគ្គលទាំង៤ នេះ នៅវេលាម៉ោង ៤និង២០នាទីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ហើយបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ បន្ទាប់មក នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជនត្រូវចោទទាំង៤នាក់ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន។

គួររំលឹកថា កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីប្តីប្រពន្ធ ចំនួន២នាក់ ជាប្រធានផ្សារទួលពង្រ និងបក្ខពួក២នាក់ទៀត នៅចំណុចខាងមុខរោងចក្រហុងវ័ន ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ យកទៅសាកសួរ ពាក់ព័ន្ធការដើរយកលុយភាស៊ីពីអាជីវករលក់ដូរនៅតាមចិញ្ចើមផ្លូវ ធ្វើឱ្យក្រុមប្រជាពលរដ្ឋទាំងនោះ មានការក្តៅក្រហាយ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងើ គឺប្រជាពលរដ្ឋបានរាយការណ៍ថា មានជនសង្ស័យ ២នាក់ ឈ្មោះម៉ី សាផាត ភេទប្រុស និងឈ្មោះសា ម៉ាក់ឆាន ភេទប្រុស បានដើរប្រមូលលុយភាស៊ី ពីអ្នកលក់ដូរនៅលើផ្លូវសាធារណៈ ខាងមុខរោងចក្រហុងវ័ន ស្ថិតនៅចំណុចភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ប្រធានភូមិត្រពាំងថ្លឹង៤ និងប្រជាការពារភូមិត្រពាំងថ្លឹង៤ ប្រជាការពារសង្កាត់ចោមចៅទី១ បានសហការជាមួយសាលាខណ្ឌពោធិ៍សែនជ័យ បានចុះទៅដល់កន្លែងកើតហេតុខាងលើ បានឃើញជនសង្ស័យទាំង២នាក់ កំពុងដើរប្រមូលលុយពីអ្នកលក់ដូរ នៅទីតាំងខាងលើ ក៏បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើមកប្រគល់ឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីសាកសួរ ហើយជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបាននាំគ្នាដើរយកលុយពីប្រជាពលរដ្ឋលក់ដូរនៅលើផ្លូវសាធារណៈ ប្រាកដមែន ដោយមានបញ្ជាពីប្រធានផ្សារទួលពង្រ ឱ្យពួកខ្លួនដើរប្រមូលលុយឱ្យ ជារៀងរាល់ថ្ងៃ។

ប្រភពដដែល បន្តថា ពេលដែលសមត្ថកិច្ចកំពុងតែសាកសួរជនសង្ស័យទាំង២នាក់ ស្រាប់តែឃើញប្រធានផ្សារទួលពង្រ ២នាក់ប្តីប្រពន្ធ បានមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ហើយក៏ឃាត់ខ្លួនប្រធានផ្សារ ទាំង២នាក់ប្តីប្រពន្ធ ដែលមានឈ្មោះខាងលើ នៅចំណុចភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ប្រគល់ឱ្យសមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿង បញ្ជូន ទៅផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមនីតិវីធី៕

RELATED ARTICLES