Thursday, May 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានខូច ឈប់ជួសជុល គេបុ.../កស្លាប់

ឡានខូច ឈប់ជួសជុល គេបុ…/កស្លាប់

ខេត្តបាត់ដំបង ៖ រថយន្តធុនធំ ១គ្រឿង កំពុងបើកបរលើដងផ្លូវសុខៗ ក៏ខូច ទើបអ្នកបើកបរបានចតលើចិញ្ចើមផ្លូវ រួចទាក់ទងហៅជាងមកជួសជុល ស្រាប់តែបន្តិចក្រោយមក ខណៈដែលជាងកំពុងជួសជុល មានរថយន្ត ធុនធំ ១គ្រឿងទៀត បានជ្រុលមកបុកទាំងកំរោល បណ្តាលឱ្យបុរសជាតៃកុងរថយន្តដែលខូច បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកជាងជួសជុលរថយន្តម្នាក់ រងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ រីឯរថយន្តបង្កហេតុ បានបន្ថែមល្បឿនរត់បាត់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវហាយវេ ជិតផ្លូវបំបែកទៅភ្នំសំពៅ ស្ថិតក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តធុនធំ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-9383 បើកបរដោយឈ្មោះឈុន សុបញ្ញា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិវត្តចែង ឃុំអូរដំបង១ ស្រុកសង្កែ ធ្វើដំណើរក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ រថយន្តបានខូច ទើបអ្នកបើកបរបានឈប់ចតនៅចិញ្ចើមផ្លូវ ហៅជាងមកជួសជុល។

ប្រភពដដែល បន្តថា លុះមួយសន្ទុះក្រោយមក មានរថយន្តធុនធំ ១គ្រឿងទៀត មិនស្គាល់ម៉ាក បើកមកពីក្រោយ បុកពេញទំហឹង បណ្តាលឱ្យអ្នកបើកបរដែលកំពុងបើកទ្វាររថយន្តស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកជាងជួសជុល រងរបួសធ្ងន់ រីឯរថយន្តបង្កហេតុ បានបន្ថែមល្បឿនគេចបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានដឹកបញ្ជូនជនរង គ្រោះដែលរងរបួស ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ចំណែករថយន្តត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីស្រាវជ្រាវរកភាគីបង្កហេតុ ឱ្យចូលខ្លួនមកដោះស្រាយតាមនីតិវិធី។

ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES