សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្កុតត៍ បេសសានថ៍ (Scott Bessant) បានបង្ហាញពីវឌ្ឍនភាពគួរជាទីពេញចិត្ត ក្នុងការចរចាពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាស៊ីមួយចំនួន។

តាមប្រភព The Korea Times បានរាយការណ៍នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ថា រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessant បានកត់សម្គាល់ថា ក្នុងសន្និសីទវិនិយោគនៅទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអ៊ូឌីត លោកបានពិភាក្សាអំពីកិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសអាស៊ី។ លោកបានថ្លែងថា «ខ្ញុំផ្តោតលើកិច្ចព្រមព្រៀងអាស៊ី។ ក្នុងនោះចិន ច្បាស់ណាស់ជាប្រទេសធំជាងគេ»។
លោកបានបន្ថែមថា «ពួកយើងមានការពិភាក្សាប្រកបដោយផលិតភាព ជាមួយប្រទេសជប៉ុន ហើយឥណ្ឌូនេស៊ី បានត្រៀមខ្លួនរួចរាល់ហើយ ដូចគ្នានឹងតៃវ៉ាន់ បានផ្តល់ការផ្តល់ជូនល្អណាស់» ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើ ឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងចិន បានប្រកាសពីកិច្ចព្រមព្រៀងដើម្បីកាត់បន្ថយពន្ធ ជាបណ្ដោះអាសន្ន រយៈពេល ៩០ថ្ងៃ បន្ទាប់ពីកិច្ចពិភាក្សាក្នុងទីក្រុងហ្សឺណែវ។ ប្រទេសស្វីស ក្រោមកិច្ចព្រមព្រៀងនេះ ពន្ធរបស់សហរដ្ឋអាមេរិក ពន្ធលើទំនិញចិន នឹងត្រូវកាត់បន្ថយពី១៤៥% មកត្រឹម ៣០% នាពេលបច្ចុប្បន្ន ចាប់ផ្តើមពីថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ ខណៈដែលពន្ធរបស់ចិន លើការនាំចេញរបស់អាមេរិក ត្រូវបានកាត់បន្ថយមកត្រឹម ១២៥% មកត្រឹម១០% ។
លោកបេសសានថ៍ បាននិយាយថា «ក្នុងអំឡុងកិច្ចចរចារវាងសហរដ្ឋអាមេរិក និងចិន យន្តការទីក្រុងហ្សឺណែវ ត្រូវបានបង្កើតឡើង ដើម្បីការពារការយល់ច្រឡំរវាងមហាអំណាចទាំងពីរ។ ដូច្នេះខ្ញុំគិតថា រឿងសំខាន់ គឺបន្ទាប់ពីចុងសប្តាហ៍នេះ យើងមានយន្តការដើម្បីបញ្ចៀសអំពើហិង្សាដែលកាន់តែកើនឡើងដូចពេលកន្លងមក»។
លោកក៏បានសង្កត់ធ្ងន់ថា «សហរដ្ឋអាមេរិក ចង់បានឯករាជភាពពីប្រទេសចិន (ឧស្សាហកម្មយុទ្ធសាស្ត្រ) ហើយភាគីទាំងពីរ បានយល់ស្របថា យើងមិនចង់ឲ្យមានការបំបែកខ្លួនទៅផ្សេងគ្នារវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ ក្នុងពិភពលោកនោះទេ។ អ្វីដែលយើងត្រូវការ គឺសហរដ្ឋអាមេរិក នឹងបានបំបែកទៅជាឧស្សាហកម្មយុទ្ធសាស្រ្ត ដែលយើងបានឃើញក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ។
ក្នុងការធ្វើការជាមួយសហភាពអឺរ៉ុប លោកបេសសានថ៍ បានចង្អុលបង្ហាញនូវអ្វីដែលលោកហៅថា បញ្ហានេះជាសកម្មភាពរួម។
លោកបេសសានថ៍ បានថ្លែងបន្តទៀតថា “ប្រជាជនអ៊ីតាលី ចង់បានអ្វីដែលខុសពីជនជាតិបារាំង ប៉ុន្តែខ្ញុំប្រាកដថា នៅទីបញ្ចប់ យើងនឹងឈានដល់ការសន្និដ្ឋានគួរឱ្យពេញចិត្ត”។
គួរបញ្ជាក់ថា ជុំវិញបញ្ហាចរចារឿងពន្ធបដិការរបស់សហរដ្ឋអាមេរិក លើទំនិញកម្ពុជា ដែលលោកដូណាល់ ត្រាំ បានកំណត់ពន្ធ ៤៩% នោះ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ឧប នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាមេរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូ ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រី សារ៉ាហ៍ អេលឡឺរម៉ែន (Sarah Ellerman) អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអារមេរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។ កិច្ចប្រជុំពិភាក្សានេះ ផ្តោតសំខាន់លើវឌ្ឍនភាពការងារ និងការត្រៀមសម្រាប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់ នៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ នារដ្ឋធានីវ៉ាស៊ីងតោន។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះ ដោយយកចិត្តទុកដាក់បំផុត។

បន្ថែមពីលើនេះ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយទៀត បញ្ជាក់ថា នាថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីងតោន សហ រដ្ឋអាមេរិក លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ចូលរួមកិច្ចប្រជុំចរចា ជុំទី១ លើកិច្ចព្រមព្រៀងពាណិ ជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាមួយភាគីសហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រី សារ៉ាហ៍ អេលឡឺរម៉ែន (Sarah Ellerman) អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។
ក្នុងកិច្ចប្រជុំចរចា ជុំទី១នេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មក ក្នុងបរិយាកាសយោគ យល់គ្នា លើការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅលើអត្ថបទរសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។ ភាគីទាំងពីរ បានឯកភាពគ្នារៀបចំកិច្ចប្រជុំចរចា ជុំទី២ នៅសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីងតោន៕