ខេត្តក្រចេះ ៖ គណៈបញ្ជាការឯកភាពស្រុកសម្បូណ៌ សហការជាមួយមន្ត្រីជំនាញ នៃមន្ទីរ៉ែ និងថាមពលខេត្ត បានចុះអប់រំណែនាំប្រជាពលរដ្ឋចំនួន៣០គ្រួសារ ដែលកំពុងធ្វើអាជីវកម្មរ៉ែមាស អនាធិបតេយ្យ ធ្វើកិច្ចសន្យាឱ្យពួកគាត់បញ្ឈប់សកម្មភាព និងរុះរើសម្ភារៈចេញ ក្នុងរយៈពេល១ថ្ងៃ។

ការចុះអប់រំណែនាំប្រជាពលរដ្ឋនេះ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រឃុំសម្បូណ៌ និងឃុំកោះខ្ញែរ ស្រុកសម្បូណ៌។

លោកគង់ មេត្តា អភិបាលស្រុកសម្បូណ៌ បានបញ្ជាក់ថា កម្លាំងរបស់គណៈបញ្ជាការឯកភាពស្រុក សហការជាមួយមន្ទីររ៉ែ បានចុះត្រួតពិនិត្យការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យ ៣០គ្រួសារ នៅចំណុច៣ទីតាំងផ្សេងគ្នា រួមមាន ៖

ទី១-នៅក្បាលកោះរាល ស្ថិតក្នុងភូមិកោះរាល ឃុំសម្បូណ៌ គឺមាន ៣គ្រួសារ ស្នើនឹង១២នាក
ទី២-ក្បាលកោះពោត ភូមិជើងពាត ឃុំកោះខ្ញែរ មាន ៥គ្រួសារ ស្មើនឹង១០នាក់
ទី៣-នៅក្បាលកោះព្រែង ភូមិជើងពាត ឃុំកោះខ្ញែរ មាន ២២គ្រួសារ ស្មើនឹង៥០នាក់។

អភិបាលស្រុក បញ្ជាក់ថា តាមការពិនិត្យជាក់ស្តែង គឺពួកគាត់ប្រើប្រាស់កម្លាំងមនុស្សលើកចាក់ចូលទបូមទឹក ដោយពុំមានការប្រើថ្នាំ ឬម៉ាស៊ីនបូមខ្នាតធំនោះទេ។ ដូច្នេះក្រុមការងារ បានអប់រំណែនាំ ធ្វើកិច្ចសន្យាឱ្យពួកគាត់បញ្ឈប់សកម្មភាព និងរុះរើយកសម្ភារៈចេញ ក្នុងរយៈ ពេល១ថ្ងៃ៕




