ភ្នំពេញ ៖ បុរសជនជាតិចិន ម្នាក់ បានចូលទៅហូបចុកនៅក្នុងភោជនីយដ្ឋាន មួយកន្លែង បន្ទាប់មកបានដកបារីមកជក់ ស្រាប់តែត្រូវសន្តិសុខហាងម្នាក់ បានដើរមកឃាត់ ដោយប្រាប់ថា “នៅក្នុងហាង ហាមជក់បារី” ជា ហេតុធ្វើឱ្យជនជាតិចិន ផ្ទុះកំហឹង ដកកាំភ្លើងខ្លី ចេញពីចង្កេះ បាញ់គំរាមសន្តិសុខហាង ចំនួន២គ្រាប់ ផ្អើលដល់កម្លាំងសមត្ថកិច្ច ចុះចាប់វាយខ្នោះខ្មាន់កាំភ្លើងចិន នាំយកទៅចាត់ការតាមច្បាប់ភ្លាមៗ។

ករណីផ្ទុះអាវុធនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចមុខហាងចិន មួយកន្លែង យីហោ “ផ្ទះបាយ ជៀស៊ាំង” ស្ថិតនៅតាមផ្លូវ២៣២ កែង១១១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
ខ្មាន់កាំភ្លើង ជាជនជាតិចិន ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលី ជែម៉ុង ភេទប្រុស អាយុ៣៤ឆ្នាំ ជាបុគ្គលិកហួយវ័នផេ ស្នាក់នៅបន្ទប់លេខ៥០៤ ជាន់ទី៥ អគារហួយវ័នផេ។

តាមប្រភពព័ត៌មានពីបុគ្គលិកក្នុងហាងខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិន ខាងលើ បានចូលមកហូបចុក នៅក្នុងភោជនីយដ្ឋានខាងលើ លុះក្រោយមក ជនជាតិចិននេះ បានយកបារីចេញពីហោប៉ៅ មកកេះដែកកេះអុជជក់ ប៉ុន្តែស្របពេលនោះ សន្តិសុខហាង បានដើរទៅហាមឃាត់ មិនឱ្យជក់បារីនៅក្នុងភោជនីយដ្ឋានឡើយ ធ្វើឲ្យជនជាតិចិន ខាងលើខឹង ស្រាប់តែទាញកាំភ្លើងខ្លី ចេញពីចង្កេះ បាញ់ឡើង លើ ចំនួន២គ្រាប់ ជាការគំរាម ធ្វើឱ្យមានការភ្ញាក់ផ្អើល ស្របពេលនោះ បុគ្គលិកក្នុងហាងប្រញាប់រាយ ការណ៍ជូនសមត្ថកិច្ច ចុះមកអន្តគមន៍ ឃាត់ខ្លួនយកទៅសាកសួរភ្លាមៗតែម្តង។
ក្រោយឃាត់ខ្លួនជនជាតិចិន ជាខ្មាន់កាំភ្លើងខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន អាវុធខ្លី ១ដើម ម៉ាក GLOCK-19 គ្រាប់កាំភ្លើង ចំនួន៨គ្រាប់ សំបកគ្រាប់ ចំនួន២គ្រាប់ និងទូរស័ព្ទដៃ ចំនួន២គ្រឿង (ម៉ាក iPhone 7 ពណ៌ផ្កាឈូក និងទូរស័ព្ទដៃម៉ាក iPhone 15 Pro Max ពណ៌ខ្មៅ)។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕