ភ្នំពេញ ៖ បុរស ៥នាក់ ជាមិត្តភក្តិ (ក្លើ) និងអ្នកស្គាល់គ្នា បានលួចលាក់ប្រពន្ធ នាំគ្នាចូលទៅផឹកស៊ី ច្រៀងខារ៉ាអូខេ ឱបស្រីម្នាក់មួយ តាំងពីព្រលប់ រហូតដល់កណ្តាលអធ្រាត្រ លុះក្រោយពីផឹកស៊ី ច្រៀងសប្បាយអស់ចិត្ត គិតលុយ អស់ជាង១០០ដុល្លារ ស្រាប់តែក្លើ ៣នាក់ បានគេចខ្លួនបាត់ នៅសល់២នាក់ គ្មានប្រាក់គ្រប់ ដើម្បីទូទាត់ឱ្យម្ចាស់ហាង សូម្បីតែលុយធីបស្រី ក៏មិនមាន ថែមទាំងប្រើសម្តីខ្លាំងៗ រកវាយទាំងនារីកំដរផង ទើបម្ចាស់ហាងខារ៉ាអូខេ សម្រេចរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណជាង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចហាងខារ៉ាអូខេ យីហោ «KTV 7777» ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ មានបុរស ចំនួន៥នាក់ បាននាំគ្នាចូលទៅផឹកស៊ី ច្រៀងខារ៉ាអូខេ នៅក្នុងហាង «KTV 7777» ដោយបាននាំគ្នាកុម្មង់ស្រាបៀរ និងគ្រឿងក្លែម ផឹកស៊ីច្រៀងរាំយ៉ាងសប្បាយ ថែមទាំងបានយកស្រីស្អាតមកកំដរ ឱបថើបម្នាក់មួយ រៀងៗខ្លួនទៀតផង។

ប្រភពដដែល បន្តថា បន្ទាប់ពីបុរសទាំង៥នាក់ ផឹកស៊ីឱបស្រី ដល់ម៉ោងប្រមាណជាង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ក៏ហៅម្ចាស់ហាង ឱ្យគិតលុយ។ បន្ទាប់មក ម្ចាស់ហាងបានចេញបុង (វិក្កយបត្រ) គិតប្រាក់អស់ចំនួន ១៣៥ដុល្លារ ស្រាប់តែគ្នីគ្នាចំនួន៣នាក់ បានលួចគេចខ្លួនចេញពីហាងអស់ ចោលបុរស២នាក់ជាក្លើ ។ ចំណែកបុរសទាំង២នាក់ក្រោយពីក្លើ ៣នាក់ រត់ចោលអស់ ក៏លូកស្ទាបហៅប៉ៅមើលរៀងខ្លួន ឃើញថា គ្មានប្រាក់ទូទាត់ថ្លៃផឹកស៊ី ឱ្យម្ចាស់ហាងនោះទេ សូម្បីតែលុយធីប ឱ្យនារីដែលខ្លួនហៅមកអង្គុយកំដរ ស្ទាប ឱបថើបកន្លះយប់នោះ ក៏គ្មានឱ្យផង ទើបធ្វើឱ្យនារីកំដរខឹងសម្បា ហើយម្ចាស់ហាងសម្រេចឃាត់ខ្លួនបុរសទាំង២នាក់ទុក ដើម្បីដោះស្រាយគ្នាតែម្តង។

តាមប្រភពនារីដែលបម្រើការងារក្នុងហាងខារ៉ាអូខេកើតហេតុខាងលើ បានរៀបរាប់ប្រាប់ថា មុនកើតហេតុ បុ រសទាំង៥នាក់ខាងលើ បានចូលមកផឹកស៊ី នៅហាងរបស់នាង ធ្វើឫកដូចសេដ្ឋី ដោយខ្លះហៅស្រាបៀរ ខ្លះកុម្មង់បទចម្រៀងច្រៀង ព្រមទាំងហៅពួកនាង ចំនួន ៥នាក់ ឱ្យអង្គុយកំដរពួកគាត់ច្រៀង និងថែមទាំងបានឱបថើប ស្ទាបច្របាច់ពួកនាង ហើយដើម្បីលុយធីប ទើបពួកនាងទ្រាំឲ្យភ្ញៀវប្រុសទាំង៥នាក់ ឱបថើប ស្ទាបតាមតែចិត្ត ដឹងអីស្រាប់តែចុងក្រោយ គិតលុយ អស់ជាង១០០ដុល្លារ បែរជាគ្នីគ្នាភ្ញៀវមួយក្រុមនេះ មាន៣នាក់ បានរត់ គេចខ្លួនបាត់ ទុកឱ្យបុរស ២នាក់ នៅដោះស្រាយ តែគ្មានលុយគ្រប់គ្រាន់ សូម្បីតែលុយធីបពួកនាង ក៏មិនទាន់ឱ្យ ហើយថែមទាំងប្រើសម្តីក្អេងក្អាង គំរាមវាយពួកនាងទៀត ទើបថៅកែនាង ទ្រាំមិនបាន ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យុចុះមកអន្តរាគមន៍តែម្តង។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ និងព្យាយាមជួយសម្របសម្រួល ដើម្បីចៀសវាងអំពើហិង្សាកើតឡើង ផ្អើលទាំងអ្នកសារព័ត៌មាន ចុះមកព្រោងព្រាត។

ក្រោយពេលសមត្ថកិច្ចចុះទៅដល់ បុរស ២នាក់នោះ បានសុំទូទាត់ត្រឹម ៣០ម៉ឺនរៀល ហើយដោយសារបើមិនយក មានតែអត់ និងខ្ជិលមានរឿងវែងឆ្ងាយតទៅទៀតផង ទើបម្ចាស់ហាង KTV ព្រមទទួលយក ដើម្បីបញ្ចប់រឿង ចាត់ទុកថាជួបស៊យទៅចុះ។ បន្ទាប់មក បុរស២នាក់នោះ ត្រូវបានម្ចាស់ហាង និងសមត្ថកិច្ច អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញបាត់ទៅ៕