Saturday, May 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម សុំលុយម៉ែមិនបាន កូនដុ.../តផ្ទះចោល

 សុំលុយម៉ែមិនបាន កូនដុ…/តផ្ទះចោល

ខេត្តកណ្តាល ៖ កូនប្រុសកំណាចម្នាក់ ទើបនឹងត្រឡប់មកពីជក់ថ្នាំញៀន ទាមទារយកម៉ូតូជិះ តែម្តាយមិនឱ្យ រួចក៏សុំលុយម៉ែ ២០ម៉ឺនរៀល លុះម្តាយប្រាប់ថាអត់មានលុយឱ្យ ស្រាប់តែកូនប្រុសផ្ទុះកំហឹង ស្ទុះទៅយកដែកកេះ ដុតផ្ទះចោល បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះទៅឃាត់ខ្លួនកូនប្រុសកំណាច យកទៅចាត់ការតាមច្បាប់។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលទ្បើង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិថ្មី០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ជនរងគ្រោះត្រូវជាម្តាយបង្កើតមានឈ្មោះហែម សូផាត ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ភូមិថ្មី០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ចំណែកជនសង្ស័យ មានឈ្មោះអ៊ុយ បូរី ភេទប្រុស អាយុ៣៦ឆ្នាំ (ត្រូវជាកូនបង្កើត) មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជាមួយគ្នា (មានសារធាតុញៀន)។ ចំពោះវត្ថុតាងដកហូត ដែកកេះ ចំនួន១។

តាមសម្តីរបស់ស្ត្រីរងគ្រោះជាម្តាយ បានរៀបរាប់ប្រាប់ថា ជនសង្ស័យត្រូវជាកូនបង្កើតរបស់គាត់ គឺជាមនុស្ស ញៀនថ្នាំ តែងប្រើប្រាស់ថ្នាំញៀន ជាប្រចាំ។ មុនពេលកើតហេតុ កូនប្រុសនេះ ទើបនឹងត្រឡប់មកពីជក់ថ្នាំ ញៀន មកដល់ផ្ទះ រករឿងសម្លុតគាត់ជាម្តាយ ចង់យកម៉ូតូទៅជិះ តែគាត់មិនព្រមឱ្យយកម៉ូតូទៅ ព្រោះខ្លាចកូនប្រុសនេះ យកទៅលក់ ឬបញ្ចាំបាត់។

ស្ត្រីជាម្តាយ បានបន្តថា លុះទាមទារយកម៉ូតូជិះអត់បាន កូនប្រុសនេះ បានសុំលុយគាត់ចំនួន២០ម៉ឺនរៀល តែគាត់បានប្រាប់ថា អត់មានលុយទេ ស្រាប់តែកូនប្រុសកំណាច ខឹងសម្បាយ៉ាងខ្លាំង ក៏ស្ទុះទៅប្រមូលខោអាវមួយចំនួន យកមកដុតចោលក្នុងបន្ទប់ បំណងដុតផ្ទះ ចោលតែម្តង បណ្តាលឱ្យឆេះយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗនោះគាត់បានស្រែកឆោឡោឡើងយ៉ាងខ្លាំង ដើម្បីឱ្យបងប្អូនជិតខាងជួយ ទើបកូនប្រុសនេះភ័យខ្លួន បានយកទឹកមកពន្លត់ភ្លើងនោះវិញទៅ។

ដោយទ្រាំទ្រនឹងទង្វើរបស់កូនប្រុសកំណាចរូបនេះតទៅទៀតលែងបាន ទើបស្ត្រីជាម្តាយ បានសម្រេចចិត្តមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់តាខ្មៅ ឲ្យសមត្ថកិច្ចចុះឃាត់ខ្លួនយកមកធ្វើការសាកសួរតាមនីតិវិធី។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយថា រូបគេពិតជាបានប្រើប្រាស់គ្រឿងញៀន ហើយខឹងសុំលុយម្តាយមិនបាន ក៏យកខោអាវដុតក្នុងផ្ទះ បណ្តាលឱ្យឆេះអស់ប្រាកដមែន។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES