Friday, May 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសំណុំរឿងប្តឹងម្ចាស់បំណុលដាក់គុ.../ក សាលាឧទ្ធរណ៍តម្កល់សាលក្រមសាលាដំបូង

សំណុំរឿងប្តឹងម្ចាស់បំណុលដាក់គុ…/ក សាលាឧទ្ធរណ៍តម្កល់សាលក្រមសាលាដំបូង

ភ្នំពេញ ៖ សាលាឧទ្ធរណ៍បាត់ដំបង នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានសម្រេចតម្កល់ការសម្រេចរបស់សាលាដំបូងខេត្តសៀមរាប ទុកជាបានការដដែល ក្នុងសំណុំរឿងប្តឹងផ្តល់គ្នារវាងឈ្មោះសម្បត្តិ កុសល និងឈ្មោះ ចិន ស្រីដា។ ការសម្រេចនេះ ធ្វើឡើងក្រោយឈ្មោះ សម្បត្តិ កុសល ប្តឹងជំទាស់ចំពោះការសម្រេចរបស់សាលាដំបូងខេត្តសៀមរាប ដែលព្យួរទោសឈ្មោះចិន ស្រីដា។

ក្នុងសាលដីកាដែលប្រកាសជាសាធារណៈ សាលាឧទ្ធរណ៍បាត់ដំបង បានវិនិច្ឆ័យថា តម្កល់សាលក្រមព្រហ្មទណ្ឌលេខ ១៥ “ឃ”/១៦១ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តសៀមរាប ទុកជាបានការលើកលែងតែសេចក្តីសម្រេចត្រង់ ចំណុចទី១ ត្រូវកែប្រែ ដូចតទៅ ៖ “ផ្តន្ទាទោសជនជាប់ចោទ ឈ្មោះចិន ស្រីដា ដាក់ពន្ធនាគារកំណត់រយៈពេល ២ (ពីរ)ឆ្នាំ ប៉ុន្តែទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារត្រឹមរយៈពេលឃុំខ្លួនបណ្តោះអាសន្ន ទោសសល់ពីនេះ ត្រូវអនុវត្តការព្យួរទោសធម្មតា ពីបទ “គំរាមកំហែងហែកកេរ្តិ៍” ប្រព្រឹត្តនៅលើបណ្តាញសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ និងអំឡុងខែមីនា ឆ្នាំ២០២៤ បទល្មើសព្រហ្ម ទណ្ឌដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ និងមាត្រា ១០៧ និងមាត្រា ១០៨ នៃក្រមព្រហ្មទណ្ឌ”។

សូមរំលឹកថា សំណុំរឿងប្តឹងផ្តល់គ្នារវាងឈ្មោះ សម្បត្តិ កុសល និងស្ត្រីឈ្មោះ ចិន ស្រីដា ត្រូវបានគេចែកចាយផ្អើលនៅតាមបណ្តាញសង្គម កាលពីពេលកន្លងទៅនេះ ដោយស្ត្រីឈ្មោះ ចិន ស្រីដា ប្តឹងឈ្មោះ សម្បត្តិ កុសល ពាក់ព័ន្ធករណីជំពាក់លុយ។ ខណៈឈ្មោះ សម្បត្តិ កុសល ដែលជានាយនគរបាលជាន់ខ្ពស់ ថ្នាក់ឧត្តមសេ នីយ៍ បានប្តឹងឈ្មោះចិន ស្រីដា ពីបទគំរាមកំហែងហែកកេរ្តិ៍ទៅវិញ។

បន្ទាប់មក ស្ត្រីឈ្មោះចិន ស្រីដា ត្រូវបានសាលាដំបូងខេត្តសៀមរាប សម្រេចឱ្យចាប់ខ្លួនដាក់ពន្ធនាគារបណ្តោះ អាសន្ន ប៉ុន្តែក្រោយមកសាលាឧទ្ធរណ៍បាត់ដំបង បានសម្រេចឱ្យនៅក្រៅឃុំបណ្តោះអាសន្នវិញ៕

RELATED ARTICLES