ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តតាក់ស៊ី ទាំងស្ថានភាពងងុយដេក លុះងោក១ភាំង ធ្វើឱ្យរថយន្តរេចង្កូតទៅបុករះម៉ូតូកង់បី ចំនួន ២គ្រឿង ដែលកំពុងឈប់ចតលើចិញ្ចើមផ្លូវ បណ្តាលឱ្យខូចខាត សំណាងល្អមិនបង្កឱ្យមនុស្សរងរបួស ចំណែករថយន្តបង្កហេតុ ព្យាយាមបើករត់ តែត្រូវប្រជាពលរដ្ឋតាមឃាត់បាន។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវព្រះនរោត្តម ត្រង់ចំណុចទល់មុខអគារព្រីនផ្លាហ្សា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ វ័យប្រហែល៥០ឆ្នាំ បានបើករថយន្តប្រើប្រាស់ថាមពលអគ្គិសនី របស់ក្រុមហ៊ុនដឹកជញ្ជូន Wow Now ពណ៌កាម៉ៃ ពាក់ស្លាក លេខ ភ្នំពេញ 2CB-2551 ធ្វើដំណើរតាមបណ្តោយផ្លូវ ព្រះនរោត្តម ទិសដៅពីត្បូង ទៅជើង លុះមកចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅខាងស្តាំដៃ ជ្រុលទៅបុករះម៉ូតូកង់បី ចំនួន២គ្រឿង ដែលចតអែបចិញ្ចើមផ្លូវ ធ្វើឱ្យរុញផ្ទប់គ្នា រងការខូចខាតធ្ងន់។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ មិនព្រមឈប់ដើម្បីទទួលខុសត្រូវនោះទេ បែរជាព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ ទាំងរថយន្តខូចខាតផ្នែកខាងមុខ ចំហៀងខាងស្តាំ រហូត ដល់មុខស្ថានទូតម៉ាឡេស៊ី ទើបប្រជាពលរដ្ឋអ្នកដំណើរដែលឃើញហេតុការណ៍ ដេញតាមឃាត់រថយន្តនិងអ្នកបើកបរបាន។

ករណីនេះ ត្រូវបានអ្នកបើកបររថយន្ត អះអាងថា រូបគាត់ងងុយដេក ក៏ងោកមួយភាំង ទើបជ្រុលទៅបុកម៉ូតូកង់បីបែបនេះ។

ក្រោយកើតហេតុ មានតំណាងភាគីទាំងសងខាង បានសម្របសម្រួលគ្នា ដោយខាងរថយន្តសុខចិត្តចេញថ្លៃការជួសជុលកង់បី ទាំង២គ្រឿង ដើម្បីបញ្ចប់រឿង៕