Tuesday, May 6, 2025
Homeសង្គម និងជីវិតប្រពន្ធកូន ស្នើសុំអន្តរាគមន៍សភាអឺរ៉ុប រកយុត្តិធម៌ជូនលោកលិម គិមយ៉ា

ប្រពន្ធកូន ស្នើសុំអន្តរាគមន៍សភាអឺរ៉ុប រកយុត្តិធម៌ជូនលោកលិម គិមយ៉ា

ភ្នំពេញ ៖ ប្រពន្ធនិងកូនប្រុសលោកលិម គិមយ៉ា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវខ្មាន់កាំភ្លើងជនជាតិថៃ បាញ់សម្លាប់នៅកណ្ដាលទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នោះ បានសហការជាមួយចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ក្រុមប្រឹក្សាជាតិតស៊ូ និងក្រុមចលនាសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង ស្នើសុំអន្តរាគមន៍ពីសភាអឺរ៉ុប ឲ្យជួយរកយុត្តិធម៌ដល់ស្វាមីនិងឪពុករបស់ខ្លួន ព្រោះរយៈពេល ៤ខែ មកហើយ ដែលជនសង្ស័យ ជាជនជាតិខ្មែរ ពីរនាក់ មិនត្រូវបានចាប់ខ្លួនយកទៅឲ្យកាត់ទោសនៅក្នុងប្រទេសថៃ ដើម្បីបង្ហាញឲ្យឃើញថាអ្នកណាឲ្យពិតប្រាកដ ជាអ្នករៀបចំផែនការឃាតកម្មនេះ ។

សូមបញ្ជាក់ថា ប្រធានចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ លោកស្រី មូរ សុខហួរ ក្រុមការងារប្រឹក្សាជាតិតស៊ូ និងក្រុមចលនាសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានជួបសមាជិកសភាអឺរ៉ុប គណៈកម្មការអឺរ៉ុប និងអ្នកធ្វើការផ្នែកមូលនិធិសេរីភាព ដើម្បីជជែកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា និងស្វែងរកអន្តរាគមន៍ រកយុត្តិធម៌ជូនលោក លឹម គិមយ៉ា ដោយលោកស្រី អានី លិម ជាភរិយា និងលិម ថូម៉ាស់ ជាកូនបង្កើតរបស់លោកលិម គិមយ៉ា បានអញ្ជើញចូលរួមផងដែរ ។

 លោកលិម ថូម៉ាស កូនប្រុសបង្កើតរបស់លោកលិម គិមយ៉ា បានបញ្ជាក់តាមរយៈគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ថា “យើងបានទៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ដើម្បីជួបក្រុមមន្ត្រីជាន់ខ្ពស់ នៃគណៈកម្មការអឺរ៉ុប និងសមាជិកសភាអឺរ៉ុប ក្នុងគោលដៅពន្យល់ពីការធ្វើឃាតឪពុកខ្ញុំ គឺលោក លិម គិមយ៉ា អតីតសមាជិកសភាកម្ពុជា ដែលបានកើតឡើងកាលពីថ្ងៃទី៧ ខែមករា រយៈពេល ៤ខែមកហើយ ។ ភាគីកម្ពុជា នៅមិនទាន់ចាប់ខ្លួនជនសង្ស័យជាជនជាតិខ្មែរ ពីរនាក់ យកទៅឲ្យកាត់ ទោសនៅក្នុងប្រទេសថៃ នៅឡើយ ដើម្បីបង្ហាញឲ្យឃើញថា អ្នកណាឲ្យពិតប្រាកដ ជាអ្នករៀបចំឧបត្ថម្ភផែន ការឃាតកម្មនេះ ។ មាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា រួមនិងមាត្រា១ មាត្រា២ និង មាត្រា៣ នៃសន្ធិសញ្ញាស្ដីពីបត្យាប័នទ្វេភាគី រវាងកម្ពុជា និងថៃ មានកំណត់លក្ខខណ្ឌបើកផ្លូវឲ្យចាប់ខ្លួនជនសង្ស័យទាំងនេះ និងការធ្វើបត្យាប័នបញ្ជូនទៅប្រទេសថៃ ។ គឺនៅសល់តែការអនុវត្តច្បាប់ប៉ុណ្ណោះ ។ ច្បាប់នៅកម្ពុជា តែងតែត្រូវបានធ្វើវិសោធនកម្ម ដើម្បីជាប្រយោជន៍មនុស្សមួយក្រុមជាក់លាក់“ ។

លោកលិម ថូម៉ាស បន្តថា “ពេលយើងទៅជួបក្រុមមន្ត្រីជាន់ខ្ពស់នៃគណៈកម្មការអឺរ៉ុប សមាជិកសភាអឺរ៉ុប សមាជិកសភាបារាំង និងអង្គការសហប្រជាជាតិ យើងទាមទារយុត្តិធម៌ឲ្យឪពុកខ្ញុំ ប៉ុន្តែក៏ការពារតម្លៃរបស់គាត់ដែរ ។ គាត់ត្រូវបានគេសម្លាប់ជីវិត ប៉ុន្តែតម្លៃរបស់គាត់នៅតែមានក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ដែលប្រាថ្នាលទ្ធិប្រជាធិបតេយ្យ សមភាព សិទ្ធិមនុស្ស យុត្តិធម៌ … ។ តើអ្នកពន្យល់យ៉ាងដូចម្តេច ខណៈនៅកម្ពុជា មានអ្នកប្រឆាំង និងអ្នកសារព័ត៌មានច្រើនណាស់ ត្រូវបានចាប់ដាក់គុក និរទេស ឬសម្លាប់ ដូចករណីលោក កឹម សុខា លោក រ៉ុង ឈុន លោក គឹម សុខ លោក ស៊ន តារា លោក ឆាំ ឆានី សកម្មជនមាតាធម្មជាតិ លោក កែម ឡី … បញ្ជីឈ្មោះជនរងគ្រោះដ៏វែង? ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ប្រទេសកម្ពុជា នឹងមានប្រជាធិបតេយ្យ ។ នៅពេលថ្ងៃនោះមកដល់ ខ្ញុំនឹងអាចចំណាយពេលមួយរយៈពេលខ្លី នៅមុខផ្នូរគ្រួសាររបស់យើង នៅខេត្ត បាត់ដំបង ហើយនៅទីបំផុត ឪពុកខ្ញុំ នឹងបាននៅទីសន្តិភាព“ ។

 ជាមួយគ្នានោះដែរ លោកគឹម សុខ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ បានលើកឡើងថា នៅក្នុងជំនួបនោះ ក្រុមរបស់លោក បានប្រាប់ទៅភាគីសហភាពអឺរ៉ុប ថានៅពេលនេះ ពលរដ្ឋខ្មែរ មិនអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនបានពេញឡើយ  ហើយលោកថា ទាល់តែសហភាពអឺរ៉ុបដាក់គំនាបខ្លាំងទៅលើរដ្ឋាភិបាលកម្ពុជា ទើបរដ្ឋាភិបាលកម្ពុជា ងាកទៅគោរពសិទ្ធិមនុស្ស ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ។

 លោកគឹម សុខ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ថា “បេសកកម្មការទូត ២ថ្ងៃ របស់យើង នៅសហគមន៍អឺរ៉ុប ចប់នៅរសៀលនេះ ។ យើងហាក់មិនបានដើរតួនាទីជាអ្នកការទូតឡើយ តែទៅតវ៉ាជាមួយអឺរ៉ុប ដែលមិនទាន់មានវិធានការឲ្យមានប្រសិទ្ធភាព សង្កត់របបផ្ដាច់ការត្រកូលហ៊ុន នៅកម្ពុជា ។ សមាជិកសភាអឹរ៉ុប បង្ហាញជំហរជំរុញឲ្យរដ្ឋសមាជិកអឺរ៉ុប ដាក់ទណ្ឌកម្មបន្តែមទៀត លើរដ្ឋាភិបាលគ្រួសារហ៊ុន ។ រីឯមន្ត្រីជាន់ខ្ពស់គណៈកម្មការអឺរ៉ុប បញ្ជាក់ជំហរសង្គ្រោះប្រជាធិបតេយ្យកម្ពុជា ។ ខ្ញុំស្ញប់ស្ញែងនឹងសកម្មភាពរបស់អ្នកស្រី លិម អានី និងលោក លិម ថូម៉ាស ក្នុងការខិតខំស្វែងរកយុត្តិធម៌ជូនលោក លិម គិមយ៉ា ហើយបានការឆ្លើយតបជាវិជ្ជមានរបស់អឺរ៉ុប ក្នុងការពិនិត្យគោលការណ៍ចូលរួមជំរុញចលនាយុត្តិធម៌“ ។

 លោក គឹម សុខ បានសរសេរបន្ថែម នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ថា “កូនប្រុសរបស់លោក លិម គិមយ៉ា គឺលោក លិម ថូម៉ាស សរសេរថា “អ្វីជាការជាប់ទាក់ទងគ្នារវាងបុរស [(រងគ្រោះ) ក្នុងរូបភាពខាងក្រោម] ទាំង អស់នេះ? ពួកគាត់ស្រឡាញ់ប្រទេសកម្ពុជា ប៉ុន្តែរដ្ឋាភិបាល សម្រេចខ្ទប់ពួកគាត់ មិនឲ្យនិយាយ។ រដ្ឋាភិបាល មិនចូលចិត្តអ្នកទាំងឡាយណាដែលនិយាយការពិត អំពីប្រធានបទជាក់លាក់ ជាពិសេសសកម្មភាពរបស់គ្រួសារហ៊ុន” ។ នៅគ្រប់ជំនួបជាមួយមន្ត្រីជាន់ខ្ពស់នៃគណៈកម្មការអឺរ៉ុប និងសមាជិកសភាអឺរ៉ុប ថ្ងៃទី២៩-៣០ ខែមេសា លោក លិម ថូម៉ាស បានលើកឡើងអំពីតម្រូវការចាប់ជនសង្ស័យជាជនជាតិខ្មែរ ពីរនាក់ បញ្ជូនឲ្យតុលាការថៃ កាត់សេចក្ដី ។ ចំណែកឯភរិយាលោក លិម គិមយ៉ា គឺអ្នកស្រី លិម អានី យំក្នុងគ្រប់កិច្ចប្រជុំ ពេលរៀបរាប់ពីអយុត្តិធម៌ចំពោះសពស្វាមី“ ។

ចំណែកលោក សម រង្ស៉ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) និងជាប្រធានក្រុមប្រឹក្សាជាតិតស៊ូ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ថា «ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ក្រុមការងារប្រឹក្សាជាតិតស៊ូ និងក្រុមចលនាសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង បានជួបសមាជិកសភាអឺរ៉ុប គណៈកម្មការអឺរ៉ុប និងអ្នកធ្វើការផ្នែកមូលនិធិសេរីភាព កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមេសា ដើម្បីជជែកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា និងស្វែងរកអន្តរាគមន៍រកយុត្តិធម៌ជូនលោក លិម គិមយ៉ា ។ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ លោក គឹម សុខ បានប្រាប់វិទ្យុអាស៊ីសេរី ថាក្រុមរបស់លោក បានប្រាប់ទៅភាគីសហភាពអឺរ៉ុប ថានៅពេលនេះ ពលរដ្ឋខ្មែរ មិនអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនបានពេញលេញឡើយ។ លោកបន្តថា ទាល់តែសហភាពអឺរ៉ុប ដាក់គំនាបខ្លាំងទៅលើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទើបរដ្ឋាភិបាល ងាកមកគោរពសិទ្ធិមនុស្ស ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ»។

 គួររំលឹកថា លោក លិម គិមយ៉ា ត្រូវបានឃាតករបាញ់សម្លាប់នៅកណ្តាលទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ។ ក្រោយកើតហេតុ ក្រៅពីចាប់ខ្លួនខ្មាន់កាំភ្លើង ជនជាតិថៃ ឈ្មោះឯកលក្ខណ៍ ផែណយ ហៅចាអេម សមត្ថកិច្ចថៃ បានស្រាជ្រាវឃើញថា ជនសង្ស័យ ជាជនជាតិខ្មែរ ២នាក់ ឈ្មោះ លី រតនៈរស្មី និងឈ្មោះ ពេជ្រ គឹមស្រ៊ិនបានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះ។ ជនសង្ស័យឈ្មោះ លី រតនៈរស្មី ត្រូវសមត្ថកិច្ចថៃ អះអាងថា ជាអ្នករៀបចំផែនការនិងផ្តល់លុយជួលឃាតករ ឲ្យបាញ់សម្លាប់លោក លិម គិមយ៉ា។ ចំណែកជនសង្ស័យឈ្មោះ ពេជ្រ គឹមស្រ៊ិន ត្រូវបានរកឃើញថា ជាអ្នកចង្អុលបង្ហាញឱ្យឃាតករបាញ់សម្លាប់ជនរងគ្រោះ។ ជាមួយគ្នានេះ តុលាការថៃ បានចេញដីកាចាប់ខ្លួនជនសង្ស័យទាំង២នាក់ ប៉ុន្តែរហូត មកដល់ពេលនេះ ជនសង្ស័យឈ្មោះ លី រតនៈរស្មី និងឈ្មោះ ពេជ្រ គឹមស្រ៊ិន មិនទាន់ត្រូវបានចាប់ខ្លួននៅ ឡើយ ៕  កុលបុត្រ

RELATED ARTICLES