ភ្នំពេញ ៖ រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ គណៈនាយក និងគណៈកម្មការបោះពុម្ពផ្សាយនៃសមាគមអ្នកនិពន្ធខ្មែរ បានជួបសំណេះសំណាលជាមួយលោក នូ វិរម្ម កូនប្រុសរបស់ កវីនិពន្ធ នូ ហាច (ទាយាទគ្រប់គ្រងមរតក) នៅរាជធានីភ្នំពេញ។

កិច្ចជំនួបរយៈពេល ២ម៉ោង ភាគីទាំងពីរបានពិភាក្សាលើការរៀបរៀងលិខិតប្រគល់មរតកវណ្ណកម្មកវីនិពន្ធ នូ ហាច ទាំងអស់ ដល់សមាគមអ្នកនិពន្ធខ្មែរ ដែលធ្លាប់ទទួលសិទ្ធិបោះពុម្ពផ្សាយឡើងវិញ។
លោក នូ វិរម្ម បានទទួលយកសំណើនិងសម្រួលឱ្យសមាគមអ្នកនិពន្ធខ្មែរ បោះពុម្ពវណ្ណកម្មទាំងនោះ ក្នុងរូបភាពដើមទាំងស្រុង ដើម្បីតម្កល់ច្បាប់ដើម សម្រាប់ការសិក្សាផ្នែកអក្សរសាស្ត្រ អក្សរសិល្ប៍។ ក្នុងការប្រឹក្សាឆ្លងយោបល់ដោយសេចក្ដីយោគយល់និងកក់ក្ដៅនេះ លោក នូ វិរម្ម បានរំលឹកអនុស្សាវរីយ៍ជាច្រើនជាមួយឪពុក និងរៀបរាប់ពីផ្ទះលោកតា នៅខេត្តបាត់ដំបង ទៀតផង។ កិច្ចការបន្ទាប់ ភាគីទាំងពីររៀបចំប្រគល់-ទទួលលិខិតអនុញ្ញាត ចំពោះមុខមេធាវី។ សមាគមអ្នកនិពន្ធខ្មែរ បានជូនស្នាដៃបោះពុម្ពកន្លងមក មួយចំនួន ដល់លោក នូ វិរម្ម ជាអនុស្សាវរីយ៍ ក្នុងនោះមានរឿង «មាលាដួងចិត្ត» ច្បាប់ដើម អំណោយរបស់បណ្ឌិត ប៉ែន សេដ្ឋារិន ស្នាដៃដទៃទៀត ទទួលបានពីបណ្ណាល័យជាតិកម្ពុជា។

ចំពោះវណ្ណកម្មរបស់កវីនិពន្ធ នូ ហាច រួមមាន ៖
១. រឿង «ផ្កាស្រពោន» ឆ្នាំ ១៩៤៧, ១៩៤៨, ១៩៤៩
២. រឿង «មាលាដួងចិត្ត» ឆ្នាំ១៩៧២
៣. រឿង «ត្រួយជីវិត» ឆ្នាំ១៩៧៣
៤. «មធុរសជាតិ» សិក្សាអត្ថបទ ដកស្រង់ពីទស្សនាវដ្តីនារី លេខ១0 ទំព័រ៣៥៣ ដល់ ៣៥៦ ខែតុលា ឆ្នាំ១៩៥១
៥. រឿងខ្លី «កូនក្រក» ផ្សាយដោយទស្សនាវដ្តី រួមមិត្ត លេខ៨ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៥៣ ទំព័រ១៥ និង១៦
៦. «ដំណើរចេញទៅប្រទេសបារាំង» កាព្យបែបបារាំង ផ្សាយដោយទស្សនាវដ្តីនារី លេខ១៥ ឆ្នាំ ១៩៥២
៧. «ខ្ទីង» កាព្យបែបបារាំង ផ្សាយដោយទស្សនាវដ្តីនារី លេខ ១១ ខែវិច្ឆិកា ឆ្នាំ១៩៥១ ទំព័រ៣៩៦
៨. រឿង «នារីជាទីស្នេហា» ឆ្នាំ១៩៥៣
៩. «លាវ័ណ្យ និង រវិន្ទ» ឆ្នាំ១៩៥៣ បោះពុម្ពភាគ១ ឆ្នាំ១៩៥៥ បោះពុម្ពភាគ២
១០. រឿងខ្លី «ល្បាតគយក្នុងគ្រាមួយនៅទន្លេសាប» ដកស្រង់ពីទស្សនាវដ្តី រាត្រីថ្ងៃសៅរ៍ លេខ ១0 ថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ១៩៥២ ទំព័រ២៩ ដល់៣១
១១. «ថូបែក» កាព្យបែបបារាំង លោកនូ ហាច ដកស្រង់ពីទស្សនាវដ្តីនារី លេខ១៣ ខែមករា ឆ្នាំ ១៩៥២ ទំព័រ១១។

អ្នកស្រី ប៉ុល ពិសី អ្នកនិពន្ធ និងជាសមាជិកសមាគមអ្នកនិពន្ធខ្មែរ ដែលបានជួបផ្ទាល់ជាមួយលោក នូ វិរម្ម កូនប្រុសអ្នកនិពន្ធ នូ ហាច បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់អ្នកស្រី នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ថា «មិនដែលនឹកគិតថា បានជួបទាយាទនៃម្ចាស់វណ្ណកម្មដ៏ល្បីល្បាញ រឿង «ផ្កាស្រពោន» នោះទេ ។ ខ្ញុំមានជំនក់ចិត្តយ៉ាងខ្លាំងចំពោះស្នាដៃឯកគ្មានពីរ របស់រៀមច្បងកវីនិពន្ធ នូ ហាច រឿង «មាលាដួងចិត្ត» និងរឿងខ្លី «កូនក្រក» ។ ខ្ញុំបានសិក្សារៀនសូត្រដោយប្រយោល ពីស្នាដៃរបស់លោក ហើយទទួលបានចំណេះ ដឹងយ៉ាងច្រើន។ ខ្ញុំបានជូនសៀវភៅដែលជាស្នាដៃរបស់ខ្ញុំ ចំនួន ២ក្បាលដែរ ។ អរគុណច្រើនលោក នូ វិរម្ម ជាបុត្រកវីនិពន្ធរៀមច្បង នូ ហាច ដែលបានឆ្លៀតឱកាសមមាញឹក មកជួបជុំយ៉ាងស្និទ្ធស្នាលជាមួយគណៈនាយកនៃសមាគមអ្នកនិពន្ធខ្មែរ»៕ ខៀវទុំ
