Tuesday, May 6, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចៅអធិការ នាំស្រីដេ.../កក្នុងកុដិ ពុទ្ធបរិស័ទឃើញ ថាញោមធម៌

ចៅអធិការ នាំស្រីដេ…/កក្នុងកុដិ ពុទ្ធបរិស័ទឃើញ ថាញោមធម៌

ខេត្តកំពត ៖ ព្រះចៅអធិការវត្ត មួយអង្គ ត្រូវបានពុទ្ធបរិស័ទ តាមដានឃើញថា បាននាំស្ត្រីវ័យកណ្តាលម្នាក់ ចូលទៅសម្រាកនៅក្នុងបន្ទប់កុដិជាមួយ ទើបមានការផ្អើលឆោឡោ រាយការណ៍សុំអន្តរាគមន៍សមត្ថកិច្ច ចុះគោះទ្វារហៅទាំងយប់ ប្រទះឃើញថា ពិតជាមានមនុស្សស្រីនៅក្នុងកុដិចៅអធិការវត្តមែន តែត្រូវបានព្រះចៅអធិការនិងស្ត្រីរូបនោះ អះអាងថា ពួកខ្លួន ត្រូវជាញោមនិងកូនធម៌ មិនមែនសង្សារទេ។

ព្រះចៅអធិការវត្ត ដែលរងការចោទប្រកាន់នាំស្រីមកដេកក្នុងកុដិ មានព្រះនាម នាក់ វីន ព្រះជន្ម ២៦វស្សា។ ចំណែកភាគីស្រី មានឈ្មោះម៉េង ស្រីពៅ អាយុ៤៦ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ម្តងថានៅក្រុងដូនកែវ ខេត្តតាកែវ ម្តងថា នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីវេលាម៉ោងជិត ១២អធ្រាត្រ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ មានប្រជា ពលរដ្ឋបានតាមដានឃើញថា ព្រះចៅអធិការវត្តអង្គ ព្រះនាម នាក់ វីន បានសឹងជាមួយស្ត្រីម្នាក់ ឈ្មោះម៉េង ស្រីពៅ នៅក្នុងកុដិ។ លុះពេលដឹងថា មានមនុស្សស្រីនៅ ក្នុងបន្ទប់កុដិចៅអធិការ ប្រជាពលរដ្ឋពុទ្ធបរិស័ទបានទូរស័ព្ទប្តឹងទៅនគរបាលប៉ុស្តិ៍ខ្ជាយខាងត្បូង ឱ្យមកពិនិត្យ និងបានគោះទ្វារហៅ ក៏ប្រទះឃើញថា ពិតជាមានស្ត្រីម្នាក់នៅក្នុងបន្ទប់ ជាមួយព្រះចៅអធិការវត្ត ប្រាកដមែន។

លោកប៉ាង សៀក នាយប៉ុស្តិ៍នគរបាលឃុំខ្ជាយខាងត្បូង បានឱ្យដឹងថា ក្រោយពីមានព័ត៌មានថា មានស្ត្រីម្នាក់មកនៅក្នុងកុដិចៅអធិការវត្ត លោកបាននាំកងកម្លាំង មកពិនិត្យ លុះមកដល់ឃើញថា ចៅអធិការវត្ត និងស្ត្រីរូបនោះ នៅក្នុងបន្ទប់កុដិ តែ២នាក់មែន  តែលោកមិនហ៊ានចោទប្រកាន់ទៅលើព្រះសង្ឃ និងស្ត្រីរូបនោះយ៉ាងម៉េចទេ គ្រាន់តែសាកសួរឱ្យដឹងមូលហេតុប៉ុណ្ណោះ។

លោកនាយប៉ុស្តិ៍ បានបន្តថា ចំពោះភិក្ខុសង្ឃ និងមនុស្សស្រីនោះ បើមានទំនាក់ទំនងយប់អធ្រាត្របែបនេះ មិនល្អទេ គឺខុសវិន័យសង្ឃ។

រហូតមកដល់ព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ មានការដោះស្រាយដោយមន្ត្រីសង្ឃ ខាងវិន័យធរនៅស្រុកដងទង់ ដោយឲ្យចៅអធិការ និងស្ត្រីដែលអះអាងជាញោមធម៌នោះ ចុះកិច្ចសន្យា មិនឱ្យចូលក្នុងបន្ទប់ព្រះសង្ឃ និងហាមដេកក្នុងបន្ទប់ព្រះសង្ឃ។

ចំណែកស្ត្រីឈ្មោះម៉េង ស្រីពៅ បានបំភ្លឺថា ខ្លួនមិនមានចេតនាអីជាមួយភិក្ខុសង្ឃនេះទេ ហើយកន្លងទៅ គាត់ចំណាយធនធានក្នុងការកសាងក្នុងវត្តនេះ អស់លុយច្រើនលានដែរ។ ព្រះវិន័យធរ បានដាក់កំហិតចៅអធិការវត្ត មិនឱ្យមានករណីបែបនេះកើតមានជាលើកទី២ ឡើយ។

លោកមេឃុំខ្ជាយខាងត្បូង ក៏បានលើកឡើងដែរថា វត្តនេះ មានការបែកបាក់សាមគ្គីផ្ទៃក្នុងរវាងគណៈកម្មការអាចារ្យវត្ត និងព្រះចៅអធិការវត្ត។ ប៉ុន្តែរឿងថា មានស្រី មកដេកក្នុងកុដិ ជារឿងមួយមិនអាចទទួលយកបាន ព្រោះអ្នកបួស ត្រូវស្គាល់តម្លៃព្រះសង្ឃ និងវិន័យសង្ឃ៕

RELATED ARTICLES