ខេត្តព្រះសីហនុ ៖ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ (ក.ប.ប) កាលពីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ចុះបង្ក្រាបនិងធ្វើកិច្ចសន្យាដល់អាជីវករលក់គ្រឿងសមុទ្រនៅផ្សារលើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយសារលក់បង្គាចាក់ចាហួយ ឱ្យភ្ញៀវមានសារធាតុគីមី។

លោកឃុន ស៊ីម៉ន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសី ហនុ ឱ្យដឹងថា ក្រោយទទួលបានព័ត៌មានពីការលក់បង្គា នៅផ្សារលើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានសារធាតុគីមី លោកបានណែនាំមន្ត្រីចុះពិនិត្យជាក់ស្តែង និង បានធ្វើកិច្ចសន្យា ចំពោះអាជីវករឈ្មោះអ៊ុយ ចន្ធូ ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់គ្រឿងសមុទ្រ មានលំនៅបច្ចុប្បន្ន ភូមិ០១ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជាមួយគ្នានេះ អាជីវករឈ្មោះអ៊ុយ ចន្ធូ បានធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរនិងសមត្ថកិច្ចជំនាញ បញ្ឈប់ជា បន្ទាន់នូវការលក់ដូរគ្រឿងសមុទ្រ (បង្គា) ដែលផ្ទុកសាធាតុគីមី ខូចគុណភាព ប៉ះពាល់សុខភាព ត្រូវបានសន្យាគោរពតាមការណែនាំរបស់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ មិនលក់ដូរម្ហូបអាហារគ្រឿងសមុទ្រគ្រប់ប្រភេទ ដែលមានសារធាតុគីមីខូចគុណភាពបន្តទៀត។ ប្រសិនបើមិនគោរពតាមកាសន្យាខាងលើ សុខចិត្តឱ្យអាជ្ញាធរមានសមត្ថកិច្ចបញ្ឈប់មុខរបរលក់ដូរគ្រឿងសមុទ្រ និងទទួលខុសត្រូវតាមច្បាប់ទាំងស្រុង។ ចំពោះមុខសមត្ថ កិច្ចជំនាញ បានដកហួតបង្គាមានសារធាតុគីមីដែលនៅសេសសល់ មានចំនួនជិត ៦គីឡូក្រាម ត្រូវបានមន្ត្រីជំនាញ ដកហូតយកទៅកម្ទេចចោល៕


