Friday, May 2, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកំពុងដេកលក់ ភ្លើងឆេះផ្ទះ

កំពុងដេកលក់ ភ្លើងឆេះផ្ទះ

ភ្នំពេញ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះទាំងវេលាទៀបភ្លឺ ខណៈដែលម្ចាស់ផ្ទះកំពុងដេកលង់លក់ បង្កឱ្យមានការភ្ញាក់ផ្អើល និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះជួយបាញ់ទឹកពន្លត់ភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង២០នាទីទៀបភ្លឹ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិសាមគ្គិ១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍ សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលមនុស្សម្នាកំពុងដេកលក់ ស្រាប់តែលាន់ឮសម្រែកថា “ភ្លើងឆេះផ្ទះ!ៗ” បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងស្ទុះចេញទៅមើល ក៏ឃើញមានអណ្តាតភ្លើងកំពុងឆាបឆេះផ្ទះខាងលើ ក្រហាមច្រាលទៅហើយ ភ្លាមនោះពលរដ្ឋខ្លះបានព្យាយាមជួយយកទឹកជះពន្លត់ តែទប់ទល់មិនឈ្នះ ទើបប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗតែម្តង។

ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងបន្តទៅកម្លាំងជំនាញអគ្គិភ័យ បញ្ជូនរថ យន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ចុះមកជួយអន្តរាគមន៍ភ្លាមៗ ដោយក្នុងនោះ មានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន២គ្រឿង ប្រើប្រាស់ ទឹកអស់ចំនួន ២ឡាន ស្មើនឹង ១២ម៉ែត្រគូប និងមានរថយន្តជំនួយរបស់អង្គភាព ៩១១ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រ គូប និងបានបាញ់ទឹកពន្លត់ទាំងស្រុង នៅវេលាម៉ោង៤និង៥៥នាទីទៀបភ្លឺ ថ្ងៃដដែល។

ជុំវិញហេតុការណ៍អគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយអគ្គិភ័យនេះ បានបង្កឱ្យខូចខាត រួមមាន ផ្ទះ ១ខ្នងទាំងស្រុង ខូចខាតម៉ូតូ ចំនួន២គ្រឿង កង់អាគុយ ចំនួន១គ្រឿង ម៉ាស៊ីនភ្លើង ចំនួន២គ្រឿង ទូទឹកកក ចំនួន៣គ្រឿង ម៉ាស៊ីនបោកគក់ខោអាវ ចំនួន៥គ្រឿង តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ហើយក៏មិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ដែរ៕

RELATED ARTICLES