ភ្នំពេញ ៖ រថយន្តធុនធំ ១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន ទាក់ខ្សែភ្លើង ធ្វើឱ្យបាក់បង្គោលភ្លើង ៨ដើម រួមទាំងសង្កត់លើរថយន្ត ២គ្រឿងផ្សេងទៀត ដែលចតចោល។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវចំហៀងស្ថានទូតរុស្សី សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។
តាមប្រភពសន្តិសុខ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញរថយន្តធុនធំ ១គ្រឿង ពាក់ស្លាកលេខ ព្រះសី ហនុ 3A-1677 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវចំហៀងស្ថានទូតរុស្ស៉ី ក្នុងទិសដៅពីលិច ទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើរេចង្កូតទៅកៀកបង្គោលភ្លើង ធ្វើឱ្យទាក់ខ្សែភ្លើង បណ្តាលឱ្យបាក់បង្គោលភ្លើងអស់ ៨ដើម សង្កត់លើរថយន្ត ចំនួន២គ្រឿង គឺរថយន្ត Lexus RX-330 មួយគ្រឿង និងរថយន្តតូយ៉ូតា ព្រូស មួយគ្រឿង បណ្តាលឱ្យរងការខូចខាតធ្ងន់ តែសំណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើការវាស់វែង យករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕




