Friday, May 2, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយកថ្នាំញៀនលក់ឱ្យម៉ូយ ជាប់ខ្នោះ

យកថ្នាំញៀនលក់ឱ្យម៉ូយ ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាជួញដូរ និងរក្សាទុកនូវសារធាតុញៀន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានចុះធ្វើស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ព្រមទាំងដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន ចំនួន១៤កញ្ចប់ ខណៈដែលជន សង្ស័យរូបនេះ បានយកថ្នាំញៀន បម្រុងទៅបោះឱ្យម៉ូយ។

ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះនួន សុភក្រ័ក្តី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការខាងលើ អនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មានតាម App No-drug កម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ប្រាប់។

ប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតវត្ថុតាង រួមមាន ក្រាមពណ៌សថ្លា ចំនួន១៤កញ្ចប់ ទូរស័ព្ទដៃ ចំនួន១គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន។

ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា គ្រឿងញៀនដែលខ្លួនមាន គឺបានយកពីបក្ខពួកដែលរស់នៅក្នុងភូមិចាម ដើម្បីយកចែកចាយលក់បន្ត។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសួររកបក្ខពួកបន្ត និងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕

RELATED ARTICLES