ខេត្តកណ្តាល ៖ ក្រុមក្មេងស្ទាវប្រុសស្រី ចំនួន១២នាក់ (ស្រី៥) បាននាំគ្នាចាកចេញពីផ្ទះ ប្រមូលផ្តុំគ្នាចូលទៅ ស្នាក់នៅយ៉ាងពពាក់ពពូនក្នុងផ្ទះសំណាក់ ១កន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ គណៈបញ្ជាការឯកភាពស្រុកកោះធំ ចុះធ្វើរដ្ឋបាលប្រមូលយកមកធ្វើកិច្ចសន្យាអប់រំ។

ការចុះធ្វើរដ្ឋបាលនេះ ធ្វើឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្ទះសំណាក់ លីលី មានទីតាំងស្ថិតនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ។

តាមប្រភសមត្ថកិច្ច បានឱ្យដឹងថា ក្រុមក្មេងទំនើងដែលប្រមូលផ្តុំគ្នាដេកផ្ទះសំណាក់ខាងលើ មានចំនួន១២នាក់ (ប្រុស៧នាក់ ស្រី៥នាក់) ដែលមានអាយុចន្លោះពី១៥ឆ្នាំ ទៅ២០ឆ្នាំ និងបានធ្វើតេស្តទឹកនោម រកសារធាតុញៀន ជាលទ្ធផល (អវិជ្ជមានចំនួន១១នាក់)។

ប្រភពដដែល បន្តថា មុនកើតហេតុ មានប្រជាពលរដ្ឋ បានរាយការណ៍មកកាន់សមត្ថកិច្ចនគរបាលស្រុកកោះធំ ថាមានក្រុមស្ទាវជាច្រើននាក់ បានប្រមូលផ្តុំគ្នាដេកនៅតាមបន្ទប់ផ្ទះសំណាក់ និងផ្ទះជួលដូចបានរៀបរាប់ខាងលើ។ ក្រោយពេលទទួលបានព័ត៌មានរួច កម្លាំងគណៈបញ្ជាការឯកភាពស្រុកកោះធំ ដឹកនាំដោយលោកច្រឹក ស៊្រង អភិបាលរងស្រុក ជាតំណាងលោកឆែ វណ្ណឌី អភិបាលស្រុកកោះធំ និងលោកវរសេនីយ៍ទោ ខាន់ ចាន់ថា អធិការរង ទទួលផែននគរបាលយុត្តិធម៌ រួមនឹងកងកម្លាំងចម្រុះ បានចុះធ្វើរដ្ឋបាលនៅតាមបន្ទប់ផ្ទះសំណាក់ និងបន្ទប់ផ្ទះជួល ចំនួន២គោលដៅ គឺផ្ទះសំណាក់លីលី ស្ថិតនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ និងផ្ទះជួល “ចាន់ ណារី” ស្ថិតនៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ដោយបានរកឃើញមានក្រុមក្មេងស្ទាវ ប្រុសស្រី ចំនួន១២នាក់ ដែលបានមកជួលបន្ទប់ ដេកស្នាក់នៅប្រមូលផ្តុំគ្នាអត់ចូលផ្ទះ បង្កជាភាពអនាធិបតេយ្យ នៅក្នុងមូលដ្ឋាន។

ក្រោយពេលត្រួតពិនិត្យ នៅតាមបន្ទប់ជួល និងផ្ទះសំណាក់រួចមក សមត្ថកិច្ចបាននាំខ្លួនមុខសញ្ញាក្រុមក្មេងទំនើងខាងលើនេះ យកមកកាន់អធិការរដ្ឋាននគរបាលស្រុកកោះធំ ដើម្បីអប់រំណែនាំ និងធ្វើរបាយការណ៍សុំគោលការណ៍ពីថ្នាក់លើ ដោយឱ្យអាណាព្យាបាលរបស់ពួកគេ មកធ្វើលិខិតធានា យកកូនៗទៅអប់រំបន្តនៅលំនៅឋានវិញ៕


