Wednesday, April 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងប្រុសផឹកគ្រឿងកំប៉ុងរាល់ថ្ងៃ កើតទឹកនោមប្រៃ ដើរលែងរួច

ក្មេងប្រុសផឹកគ្រឿងកំប៉ុងរាល់ថ្ងៃ កើតទឹកនោមប្រៃ ដើរលែងរួច

ខេត្តកំពត ៖ ក្មេងប្រុសម្នាក់ តែងផឹកគ្រឿងកំប៉ុង នៅពេលទៅរៀន ជាប្រចាំថ្ងៃ រហូតដល់កើតជំងឺទឹកនោមប្រៃ ដើរលែងរួច និងត្រូវបានក្រុមគ្រូពេទ្យទៅដឹកមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។

ក្មេងប្រុសដែលកើតជំងឺទឹកនោមប្រៃ មានឈ្មោះវី ឆៃយុត អាយុ១១ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៤ មានលំនៅក្នុងភូមិត្រពាំងជ្រៃ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ជាកូនច្បងក្នុងចំណោមបងប្អូន៤នាក់។

តាមប្រភពស្ត្រីជាម្តាយក្មេងប្រុសខាងលើ បានរៀបរាប់ប្រាប់ថា កូនរបស់គាត់ (ឆៃយុត) តែងលួចផឹកភេសជ្ជៈគ្រឿងកំប៉ុង ពេលទៅរៀនម្តងៗ រហូតហើមដៃហើមជើង។ កាលពីខែកុម្ភៈកន្លងទៅនេះ គាត់ជាម្តាយបានយកកូនប្រុសនេះ មកដេកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ប្រហែលកន្លះខែដែរ រហូតបានធូរស្បើយ រួចក៏បានបើកថ្នាំយកទៅលេបបន្តនៅផ្ទះ។ ប៉ុន្តែពេលលេបថ្នាំព្យាបាលនៅផ្ទះ ស្ថានភាពជំងឺរបស់ឆៃយុត ហាក់មិនថយសោះ ស្រាប់តែធ្វើទុក្ខ និងវិវត្តន៍ទៅជាដើរលែងរួចតែម្តង។

ដោយសារតែស្ត្រីជាម្តាយដែលជាកម្មការិនីកាត់ដេរ ហើយប្តីជាជាងសំណង់ មិនមានលទ្ធភាពគ្រប់គ្រាន់ និងម៉្យាងពិបាកដឹកកូនតាមឡានទៀតនោះ ក៏មិនបានបញ្ជូនកូនមកមន្ទីរពេទ្យគន្ធបុប្ផា តាមការណាត់របស់គ្រូពេទ្យ នៅថ្ងៃទី២៤ ខែមីនា នោះឡើយ។

ក្រោយព័ត៌មាននេះត្រូវបានចែកចាយតាមបណ្តាញសង្គម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខា ភិបាល តាមការណែនាំរបស់លោកសាស្ត្រចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រាប់ឱ្យមន្ទីរសុខា ភិបាលខេត្តកំពត និងគ្រូពេទ្យ យកឡានសង្គ្រោះបន្ទាន់ទៅដឹកក្មេងប្រុស ឆៃយុត កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ មកព្យាបាលបន្តនៅមន្ទីរពេទ្យគន្ធបុប្ផា។

ក្រោយមានការជួយអន្តរាគមន៍ភ្លាមៗនេះ ក្មេងប្រុស វី ឆៃយុត ត្រូវបានក្រុមគ្រូពេទ្យ ដឹកមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។ ពេលមកដល់មន្ទីរពេទ្យ ត្រូវបានគ្រូពេទ្យមើលថែ និងបានបញ្ចូលឈាមភ្លាមៗ ព្រោះតែ ឆៃយុត ស្លេកស្លាំង ខ្វះឈាម និងខ្វះអាហារូបត្ថម្ភយ៉ាងខ្លាំង។

តាមទិដ្ឋភាពជាក់ស្តែងពេលគ្រូពេទ្យទៅដឹក ឆៃយុត ដល់ផ្ទះ គេអាចមើលឃើញពីជីវភាពរបស់គាត់ក្រីក្រយ៉ាងខ្លាំង ដោយម្តាយដែលមានកូន៤នាក់ ជាកម្មការិនីកាត់ដេរ និងឪពុកជាជាងសំណង់។ ឃើញបែបនេះលោកស្រី យក់ សម្បត្តិ បានឧបត្ថម្ភថវិកាមួយចំនួន ជាបណ្តោះ អាសន្ន ដើម្បីទុកចាយវាយនិងបន្តយកចិត្តទុកដាក់បន្តទៀត។ នៅពេលនេះ ឆៃយុត កំពុងសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យគន្ធបុប្ផា។

សម្រាប់ស្ថានភាព ឆៃយុត បើមិនមានការជួយសង្គ្រោះទាន់ពេលវេលាទេ អាចប្រឈមដល់អាយុជីវិត ព្រោះតែឪពុកម្តាយមិនមានលទ្ធភាពមើលថែនិងព្យាបាលកូន៕

RELATED ARTICLES