ខេត្តកណ្តាល ៖ ក្រោយកើតមានករណីមន្ត្រីនគរបាលចរាចរណ៍ ១ក្រុម ដាក់គោលដៅបាញ់ល្បឿនយានយន្ត លើកំណាត់ផ្លូវជាតិលេខ៣ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ (រថយន្តបុកតកន្ទុយគ្នា ២គ្រឿង) បែរជាកម្លាំងសមត្ថកិច្ចរើបារ៉ាស់ រត់បាត់អស់ ធ្វើឱ្យប្រជាពលរដ្ឋជាម្ចាស់រថយន្តដែលជួបហេតុការណ៍ខាងលើ ថតវីដេអូ បង្ហោះផ្អើលពេញបណ្តាញសង្គម កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ មក នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ មន្ត្រីចរាចរណ៍ ចំនួន៧រូប ត្រូវបានការិយាល័យបុគ្គលិកកោះហៅទៅបំភ្លឺ ហើយលទ្ធផល មន្ត្រីនគរបាលចរា ចរណ៍ ចំនួន៤រូប ត្រូវបានព្រមានជាលាយលក្ខណ៍អក្សរ លើកទី១ ខណៈ៣រូបទៀត ត្រូវបានដាក់ឱ្យអនុវត្តវិន័យ រយៈពេល៣ខែ (ដកបញ្ឈរជើង) នៅការិយាល័យបុគ្គលិក។

តាមប្រភពក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់នៅរសៀលថ្ងៃទី៣ ខែមសា ឆ្នាំ២០២៥ ថា បន្ទាប់ពីមានការផ្សាយក្នុងគណនីហ្វេសប៊ុក ឈ្មោះ Lay Kongkea ដែលបានបង្ហោះវីដេអូសកម្មភាពមន្ត្រីនគរបាលចរាចរណ៍ដាក់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅរសៀលម៉ោង ២រសៀល ថ្ងៃដដែល ក្រុមការងារថ្នាក់ស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវបឋម។

លុះព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានកោះ ហៅកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចំនួន៧នាក់ ឱ្យចូលខ្លួនមកបំភ្លឺ ពាក់ព័ន្ធហេតុការណ៍ដែលបានកើតឡើងខាងលើនេះ។
ក្រោយពីសាកសួរនិងឆ្លើយបំភ្លឺរួច មន្ត្រីនគរបាលចរាចរណ៍ដែលមានការពាក់ព័ន្ធក្នុងហេតុការណ៍ខាងលើ ត្រូវបានព្រមានជាលាយលក្ខណ៍អក្សរ លើកទី១ ចំនួន៤នាក់ និងអប់រំធ្វើកិច្ចសន្យា ចំនួន៣នាក់ ហើយដាក់ឱ្យអនុវត្តវិន័យ រយៈពេល៣ខែ នៅការិយាល័យបុគ្គលិក។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង នៅលើកំណាត់ ផ្លូវជាតិលេខ៣ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ដោយមន្ត្រីនគរបាលចរាចរណ៍ខេត្តកណ្តាល ១ក្រុម បានដាក់គោលដៅបាញ់ល្បឿនយានយន្តដែលធ្វើចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៣ លុះក្រោយមក បង្កឱ្យមានបញ្ហាជាមួយប្រជាពលរដ្ឋអ្នកដំណើរតាមដងផ្លូវ (បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកតកន្ទុយគ្នា ២គ្រឿង) ស្រាប់តែភ្លាមៗនោះ កម្លាំងសមត្ថកិច្ចប្រ ញាប់ ប្រញាល់រើបារ៉ាស់ រួចចាកចេញពីគោលដៅបាត់អស់ ធ្វើឱ្យប្រជាពលរដ្ឋជាម្ចាស់រថយន្តដែលជួបហេតុ ការណ៍ខាងលើ ថតវីដេអូបង្ហោះផ្អើល ពេញបណ្តាញសង្គម។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា មូលហេតុគឺបណ្តាលមកពីមន្ត្រីនគរបាលចរាចរណ៍ដែលឈរពួនស្ទាក់នៅផ្លូវជាតិលេខ៣ បានស្ទុះចេញមកឃាត់រថយន្ត FORD RANGER ១គ្រឿង ដែលកំពុងបើកបរត្រឹមត្រូវតាមល្បឿនកំណត់ ធ្វើឱ្យម្ចាស់រថយន្ត FORD បានជាន់ហ្វ្រាំងភ្លាមៗ ស្រាប់តែមានរថយន្ត ១គ្រឿងទៀត បើកមកបុករថយន្ត FORD ពីក្រោយ។ លុះក្រោយពេលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បែបនេះ មន្ត្រីចរាចរណ៍ដែលជាអ្នកបង្កហេតុ មិនបានចុះវាស់វែងដើម្បីរកដំណោះស្រាយឱ្យប្រជាពលរដ្ឋនោះទេ បែរជានាំគ្នារើបារ៉ាស់ និងបើករថយន្តគេចចេញពីគោលដៅអស់តែម្តង។

តាមរយៈទង្វើរបស់មន្ត្រីនគរបាលចរាចរណ៍ ដែលត្រូវបានថតបង្ហោះលើបណ្តាញសង្គមខាងលើនេះ ត្រូវបានមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំងថា មន្ត្រីទាំងនោះ មិនទទួលខុសត្រូវលើទង្វើរបស់ខ្លួនសោះ៕