បាងកក (ថៃ) ៖ នៅវេលាម៉ោង ១:៣០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ មានករណីគ្រោះរញ្ជួយដី បានកើតឡើងនៅទីក្រុងបាងកក ប្រទេសថៃ ដែលបណ្តាលឱ្យមានការបាក់រលំអគារ និងការដ្ឋានសំណង់មួយចំនួន ហើយតាមព័ត៌មានបឋម គិតត្រឹមម៉ោង ៥:០០នាទីល្ងាច ថ្ងៃដដែល មានអ្នករងរបួស ចំនួន ៥០នាក់ អ្នកស្លាប់ ចំនួន ៣នាក់ និងបាត់ខ្លួន ច្រើននាក់ ។ ក្រោយកើតមានករណីនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរថៃ និងនិយោជក។

សេចក្តីជូនដំណឹង របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៥ មានខ្លឹមសារថា «ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ ទាំងអស់ ជ្រាបថា យោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃ នៅវេលាម៉ោង ១: ៣០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះ មានគ្រោះរញ្ជួយដី បានកើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញនៃប្រទេសថៃ ដែលបណ្តាលឱ្យមានការបាក់រលំអគារ និងការដ្ឋានសាងសង់មួយចំនួន។ តាមព័ត៌មានបឋម គិតត្រឹមម៉ោង ៥:០០នាទីល្ងាចនេះ មានអ្នករងរបួស ចំនួន ៥០នាក់ អ្នកស្លាប់ ចំនួន ៣នាក់ (មិនទាន់មានការបញ្ជាក់សញ្ជាតិ) ដោយឡែក មិនទាន់ទទួលបានព័ត៌មានអំពីការរងគ្រោះរបស់បងប្អូនពលករខ្មែរ ដោយសារករណីរញ្ជួយដីនេះទេ»។

សេចក្តីជូនដំណឹងដដែល បន្តថា «ក្រសួង បាននិងកំពុងយកចិត្តទុកដាក់តាមដានស្ថានការណ៍វិវត្តន៍នៃគ្រោះរញ្ជួយដីនេះ ដោយសហការជាមួយអាជ្ញាធរថៃ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរា ជា ណាចក្រថៃឡង់ដ៍ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ទីភ្នាក់ងារជ្រើសរើសឯកជន និងសហគមន៍ខ្មែរ នៅប្រទេសថៃ ទាំងអស់ ដើម្បីត្រៀមលក្ខណៈផ្តល់ការគាំពារឱ្យបានទាន់ពេលវេលា ដល់បងប្អូនពលករខ្មែរ ក្នុងករណីរងផលប៉ះពាល់។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពរបស់ខ្លួន និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរថៃ និងនិយោជក»។

សេចក្តីជូនដំណឹងរបស់ក្រសួងការងារ បន្តទៀតថា «ក្នុងករណីទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានអំពីបងប្អូនពលករខ្មែរ ដែលរងផលប៉ះពាល់ សូមទំនាក់ទំនងស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ឬអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជា ណាចក្រថៃឡង់ដ៍ ដើម្បីសុំជំនួយ តាមរយៈទូរសព្ទលេខ ៖ – លេខ+៦៦ ៩២ ៨០៥០ ៥៦១. ៦៦ ៩៤ ០៩២ ៥៩០៥, ៦៦ ៩៤ ៤១៦ ៥៥១៨ – លេខ +៦៦ ៨៣ ៥៤៥ ៧៧៨៨ (លោក ឈឹម វិបុល), +៦៦ ៦២ ០៨៩ ៨៩១៨ (លោក ជុំ សម្ផស្ស) និង+៦៦ ៩២ ២៩៩ ០១៣៣ (លោកស្រី ឡាយ ចន្ថា)។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេសបងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ ជ្រាបជាព័ត៌មាន»។

សូមបញ្ជាក់ថា អគារដែលបាក់រលំ ដោយសាររញ្ជួយដី នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ជាអគារកម្ពស់ ៣០ជាន់ ជាអគារការិយាល័យអគ្គសវនកម្មថៃ (OAG) សាងសង់បានប្រមាណ ៣០% ស្ថិតនៅតំបន់ចតុចក្រ ក្រុងបាងកក ប្រទេសថៃ ដែលចំណាយថវិកាសាងសង់ ប្រមាណ ២១៣៦លានបាត។

ករណីរញ្ជួយដីនៅប្រទេសថៃ នេះ កើតឡើងបន្ទាប់ពីមានករណីរញ្ជួយដី នៅជិតទីក្រុង ម៉ានដាឡាយ (Mandalay) ប្រទេសមីយ៉ាន់ម៉ា ចម្ងាយពីស្រុកផាងម៉ាផា ខេត្តម៉ែហងសន ដែលមានចម្ងាយ ៣២០គីឡូម៉ែត្រ បណ្តាលឲ្យបាក់អគារជាច្រើន និងប៉ះពាល់ដល់ខេត្តជាច្រើន ក្នុងប្រទេសថៃ រួមទាំងទីក្រុងបាងកក ដែលបានបណ្តាលឲ្យអគារសំណង់មួយ កម្ពស់ ៣០ជាន់ ទើបតែសាងសង់បានប្រមាន ៣០% បានបាត់រលំ ខូចខាតទាំងស្រុង។

ក្រោយកើតឧបទ្ទវហេតុរញ្ជួយដីនេះ នៅតាមអគារខ្ពស់ៗនានានៅជុំវិញតំបន់នោះ ត្រូវបានឲ្យមនុស្សដែលស្នាក់នៅ ជម្លៀសចេញ និងហាមឃាត់មិនឲ្យឡើងទៅស្នាក់នៅជាបណ្តោះអាសន្ន ផ្អើលដល់ទាំងនៅអគារខ្ពស់នៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅរសៀលថ្ងៃដដែលនោះ បានចេញសេចក្តីជូនដំណឹងឲ្យភ្ញៀវនិងបុគ្គលិកនៅក្នុងអគារទាំងអស់ ជម្លៀសខ្លួនចុះចេញពីអគារ និងហាមឃាត់ការឡើងចុះជាបណ្តោះអាសន្នមួយរយៈខ្លីផងដែរ ដើម្បីធានាសុវត្ថិភាព៕ ខៀវទុំ
