មីយ៉ាន់ម៉ា ៖ ក្រុមប្រឆាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា បានចោទរដ្ឋាភិបាលយោធា ថាជាអ្នកបាញ់កាំភ្លើងទៅលើភូមិនានាដែលពួកគេព្យាយាមដណ្តើមយក បណ្តាលឲ្យប្រជាជនអ្នកភូមិ ចំនួន ៣២នាក់ បានស្លាប់។
ទីភ្នាក់ងារព័ត៌មាន Irrawaddy របស់មីយ៉ាន់ម៉ា បានរាយការណ៍នៅថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ ថាក្រុម “Myingyan Black Panthers” ដែលជាក្រុមប្រឆាំងប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅក្នុងស្រុកមីអ៊ីងយ៉ាន់ (Myingyan) បានចោទប្រកាន់កងទ័ពរដ្ឋាភិបាលថា បានតម្រង់កាណុងបាញ់រះចូលទៅក្នុងភូមិមួយ ដែ លត្រូវបានវាយប្រហារ និងកាន់កាប់ដោយកងកម្លាំងប្រជាជន (PDF) កាលពីសប្តាហ៍មុន រហូតដល់បណ្ដាល ឲ្យប្រជាជនអ្នកភូមិ ចំនួន ៣២នាក់ បានស្លាប់ ក្នុងនោះមានបុរស ១៧នាក់ និងស្ត្រី ១៥នាក់។

បើតាមការលាតត្រដាងរបស់ PDF កងកម្លាំងរបស់ពួកគេ នៅមីអ៊ីងយ៉ាន់ បានប្រមូលផ្តុំគ្នាវាយលុកភូមិសុន (Son) ដែលជាបន្ទាយរឹងមាំរបស់ក្រុមគាំទ្ររបបយោធា មុនពេលកងទ័ពដែលកំពុងដើរល្បាតតាមដងទន្លេអ៊ីរ៉ាវ៉ាឌី តម្រង់កាណុងកាំភ្លើង បាញ់រះចូលក្នុងភូមិ បណ្តាលឲ្យមនុស្ស ៣២នាក់ បានស្លាប់។ កងកម្លាំង PDF បានអះអាងថា ពួកគេកំពុងព្យាយាមជួយប្រជាជនភូមិសុន ឱ្យរួចផុតពីគ្រាប់កាំភ្លើង និងកាំភ្លើងធំ ។
គួរបញ្ជាក់ថា ភូមិសុន ស្ថិតនៅចន្លោះទីក្រុងមីអ៊ីងចាន់ (Myingtjan) និង ង៉ាស៊ុន (Ngazun) ហើយជាបន្ទាយដ៏ធំបំផុតនៃក្រុមភ្យូសវធី (Pyu Zawthi) នៅក្នុងស្រុកមីអ៊ីងចាន់។ កងកម្លាំងប្រឆាំង បានវាយប្រហារភូមិនេះ នៅម៉ោងប្រហែល ៥ព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ហើយដណ្តើមបាន នៅ៤ម៉ោងក្រោយមក ដោយភ្យូសវ ធី ៥នាក់ ត្រូវបានសម្លាប់។

អ្នកភូមិសុន តែងតែជាអ្នកគាំទ្រយ៉ាងខ្លាំងដល់កងទ័ព ជាមួយនឹងប្រជាជនភាគច្រើនបោះឆ្នោតឱ្យគណបក្សសាមគ្គីភាពនិងអភិវឌ្ឍន៍ (USDP) របស់យោធា និងសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី អោងសាន ស៊ូជី ក៏បានចាញ់ការបោះឆ្នោតនៅក្នុងភូមិនេះរហូតមក មុនពេលក្រុមភ្យូសវធី ចូលកាន់កាប់ភូមិនព បន្ទាប់ពីរដ្ឋប្រហារយោធា ឆ្នាំ២០២១៕