មីយ៉ាន់ម៉ា ៖ តុលាការមីយ៉ាន់ម៉ា (ភូមា) បានបញ្ជាឱ្យដាក់ដេញថ្លៃលក់ ផ្ទះវីឡារបស់លោកស្រី អោងសាន ស៊ូជី អតីតមេបក្សប្រឆាំងនៅភូមា នៅទីក្រុងយ៉ាំងហ្គោន ដោយកំណត់តម្លៃចាប់ផ្តើមពី ៩៥០លានដុល្លារអាមេរិក បន្ទាប់ពីបងប្រុសរបស់លោកស្រី បានប្តឹងឱ្យបែងចែកមរតក ផ្ទះបុរាណ ដែលជាកម្មសិទ្ធិរបស់ម្តាយនេះ។

នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ តាមការលើកឡើងរបស់ប្រភពព័ត៌មានមួយថា តុលាការមីយ៉ាន់ម៉ា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា ដឹកនាំដោយលោកមីន អោងហ្លាំងំ (Min Aung Hlaing) បានឲ្យដឹងថា តុលាការមីយ៉ាន់ម៉ា បញ្ជាឱ្យបើកការដេញថ្លៃលក់ផ្ទះលោកស្រីអោងសាន ស៊ូជី (Aung San Suu Kyi) នៅលើបឹងអ៊ីនយ៉ា (Inya) ទីក្រុងយ៉ាំង ហ្គោន ខណ:ដែលលោកស្រីអោងសាន ស៊ូជី ត្រូវបានឃុំខ្លួនក្នុងផ្ទះ ក្រោយមានរដ្ឋប្រហារយោធា ទម្លាក់លោកស្រីពីអំណាច។

គួរបញ្ជាក់ថា លោកស្រី អោងសាន ស៊ូជី អតីតមេបក្សប្រឆាំងដ៏ស្វិតស្វាញនៅមីយ៉ាន់ម៉ា (ភូមា) បានប្រើ រយៈពេល ១៥ឆ្នាំ នៃការតស៊ូទាមទារលទ្ធិប្រជាធិបតេយ្យ នៅមីយ៉ាន់ម៉ា មុនពេលត្រូវបានដោះលែង និងបានឈ្នះ ឆ្នោត បានដឹកនាំប្រទេសមីយ៉ាន់ម៉ា ក្នុងតួនាទីជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស តែត្រូវបានទម្លាក់ចេញពីអំណាច ដោយរដ្ឋប្រហារយោធា ដឹកនាំដោយឧត្តមសេនីយ៍ មីន អោងហ្លាំង (Min Aung Hlaing) ក្នុងខែកុម្ភៈ ឆ្នាំ២០២១ហើយលោកស្រីត្រូវបានឃុំខ្លួនក្នុងផ្ទះរហូតមកដល់ពេលនេះ។

តាមប្រភពព័ត៌មានបរទេស បានបង្ហើបថា តុលាការមីយ៉ាន់ម៉ា បានកំណត់តម្លៃលក់ដេញថ្លៃផ្ទះវីឡារបស់លោកស្រីអោងសាន ស៊ូជី នៅទីក្រុងយ៉ាំងហ្គោន (Yangon) ក្នុងតម្លៃចាប់ពី ៣១៥ ០០០លាន គីយ៉ាត (kyat) ឬប្រហែល ៩៥០លានដុល្លារអាមេរិក ដោយចាប់ផ្តើមពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីលោក អោងសាន អូ ដែលជាបងប្រុសរបស់លោកស្រីអោងសាន ស៊ូជី បានដាក់ពាក្យប្តឹងនៅឆ្នាំ២០០០ ដើម្បីស្នើសុំចំណែកនៃមរតកផ្ទះបុរាណដែលសល់តាំងពីសម័យអាណានិគមនេះ ដែលវាជាកម្មសិទ្ធិរបស់ម្តាយគាត់ (លោកកស្រី ឃិន ជឺ) ដែលបានទទួលមរណភាព។

លោកស្រី ស៊ូជី ធ្លាប់បានផ្លាស់ចេញពីផ្ទះនៅទីក្រុងយ៉ាំងហ្គោន របស់លោកស្រី ក្នុងឆ្នាំ២០១២ ទៅរស់នៅក្នុងរដ្ឋធានីថ្មី ណៃពិដោ។ បន្ទាប់ពីការដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនោះ លោកស្រីអោងសាន ស៊ូជី ដែលបច្ចុប្បន្នមានអាយុ ៧៨ឆ្នាំ ត្រូវបានរដ្ឋាភិបាលយោធារបស់លោកមីន អោងហ្លាំង ចាប់ឃុំខ្លួន។ ប៉ុន្តែគេមិនដឹងថាគាត់ត្រូវគេយកទៅដាក់គុកនៅទីណាទេ បន្ទាប់ពីយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារ ក្នុងខែកុម្ភៈ ឆ្នាំ២០២១ ហើយក្រោយមក តុលាការបានកាត់ទោសលោកស្រីអោងសាន ស៊ូជី ឱ្យជាប់គុក ២៧ឆ្នាំ ពីបទឧក្រិដ្ឋកម្មទាក់ទងនឹងការក្បត់ជាតិ និងការទទួលសំណូក៕

