Sunday, June 22, 2025
Homeព័ត៌មានអន្តរជាតិផឹកស្រវឹង កាប់គ្នាដណ្តើមស្រី ជាប់ខ្នោះ៤

ផឹកស្រវឹង កាប់គ្នាដណ្តើមស្រី ជាប់ខ្នោះ៤

ភ្នំពេញ ៖ បុរស ចំនួន២ក្រុម បានចូលទៅផឹកស៊ីនៅក្នុងហាងស្រាក្រឡុក ១កន្លែង លុះក្រោយពីផឹកស្រវឹងធ្លាក់ភ្នែក កើតមានជម្លោះនឹងគ្នាពីរឿងដណ្តើមនារីបម្រើការនៅក្នុងហាងស្រាក្រឡុក មកអង្គុយកំដរ រហូតឈានដល់អំពើហិង្សា ទាញកាំបិតនិងដំបង វាយកាប់ចាក់គ្នា បណ្តាលឱ្យរងរបួសទាំងសងខាង ធ្វើឱ្យផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍ឃាត់ខ្លួនភាគីទាំងសងខាង ចំនួន៤នាក់ (ម្ខាង២នាក់) ចំណែកនារីបម្រើការងារក្នុងហាងស្រាក្រឡុក ចំនួន៣នាក់ ក៏ត្រូវបានសមត្ថកិច្ចហៅទៅសាកសួរផងដែរ។

ករណីអំពើហិង្សា កាប់ចាក់គ្នាដណ្តើមស្រីនេះ បានកើតឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចហាងស្រាក្រឡុក មួយកន្លែង ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ (ផ្លូវអូដឹម កប់ស្រូវ) ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ បុរសទាំង២ក្រុមខាងលើ បានចូលទៅផឹកស៊ីនៅក្នុងហាងស្រាក្រឡុក (ទីតាំងកើតហេតុ) តាំងពីវេលាយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤មកម៉្លេះ ដោយភាគីម្ខាងមានគ្នា២នាក់ ជិះរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ចំណែកឯភាគីម្ខាងទៀត មានគ្នា២នាក់ដូចគ្នា ជិះម៉ូតូ ១គ្រឿង។ រហូតមកដល់វេលាទៀបភ្លឺ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ទៅហើយ ក៏នៅមិនទាន់ឈប់ផឹកទៀត នៅសម្លក់សម្លឹងនារីបម្រើនៅក្នុងហាងស្រាក្រឡុកនោះដូចគ្នា និងថែមទាំងបានដណ្តើមពួកនាងយកមកអង្គុយកំដរផ្តាច់មុខរៀងៗខ្លួន ទើបធ្វើឱ្យក្លាយទៅជាទំនាស់យ៉ាងតឹងសសៃកដាក់គ្នា។

ប្រភពដដែល បន្តថា លុះក្រោយមក ជម្លោះពាក្យសម្តី ក៏ឈានដល់អំពើហិង្សា ដោយភាគីទាំងសងខាង ទាញដំបង កាំបិត រៀងខ្លួន ដេញវាយកាប់ចាក់គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួស ខ្លះបែកក្បាល ខ្លះរយះដៃ ធ្វើឱ្យផ្អើលដល់កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ចុះអន្តរាគមន៍។

អ្វីដែលគួរឱ្យកត់សម្គាល់ គឺក្រោយពេលឃើញមានសមត្ថកិច្ចចុះអន្តរាគមន៍ ស្រាប់តែបុរសទាំង២ក្រុមដែលកំពុងកាប់ចាក់គ្នាដណ្តើមស្រីនោះ បែរជាសម្លុតនិងគំរាមកំហែងសមត្ថកិច្ចថែមទៀត ប៉ុន្តែប៉ះចំសមត្ថកិច្ចមិនខ្លាច  ក៏ចាប់វាយខ្នោះភាគីទាំងសងខាង សរុប៤នាក់ នាំយកទៅសាកសួរ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។

ជុំវិញករណីខាងលើនេះ ក្រៅពីឃាត់ខ្លួនបុរសទាំង៤នាក់ខាងលើ សមត្ថកិច្ចក៏បានកោះហៅនារីចំនួន ៣នាក់ ដែលបម្រើការនៅក្នុងហាងស្រាក្រឡុកខាងលើ ទៅសាកសួរបំភ្លឺផងដែរ ពាក់ព័ន្ធជម្លោះនៅកន្លែងកើតហេតុ៕

RELATED ARTICLES