យេម៉ែន ៖ កងទ័ពអាមេរិក បានបើកការវាយប្រហារជុំទី៤ លើក្រុមឧទ្ទាមហ៊ូធី (Houthi) ក្នុងប្រទេសយេម៉ែន បន្ទាប់ពីបានចូលរួមកម្លាំងជាមួយសម្ព័ន្ធមិត្ត ដើម្បីបើកការវាយប្រហារកាលពីសប្តាហ៍មុន។
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីក្រសួង ការពារជាតិអាមេរិក ថាយោធាអាមេរិក បានវាយប្រហារគោលដៅក្រុមឧទ្ទាមហ៊ូធី ក្នុងប្រទេសយេម៉ែន ជាលើក ទី៤ នៅយប់ថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ ម៉ោងក្នុងស្រុក។ ដោយកងទ័ពអាមេរិក អាចស្ទាក់ចាប់គ្រាប់រ៉ុក្កែត ឬកាំជ្រួចរបស់ក្រុមហ៊ូធី ប្រមាណ ១៤គ្រាប់ ដែលប្រហែលជាមានគោលដៅបញ្ជូនវាយប្រហារនាវានៅសមុទ្រ ក្រហម។

ខណៈពេលដែលបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានប្រកាសថា យោធាអាមេរិក បាន បាញ់មីសស៊ីល Tomahawk ពីនាវាចម្បាំង ដើម្បីវាយប្រហារគោលដៅក្រុមឧទ្ទាមហ៊ូធី ដែលអ៊ីរ៉ង់ គាំទ្រ នៅតំបន់កាន់កាប់ក្នុងប្រទេសយេម៉ែន នេះជាការវាយប្រហារលើកទីបួន លើក្រុមឧទ្ទាមហ៊ូធី ចាប់តាំងពី សហរដ្ឋអាមេរិក រួមជាមួយអង់គ្លេស និងប្រទេសសម្ព័ន្ធមិត្តជាច្រើន បានបើកការវាយប្រហារលើក្រុមឧទ្ទាម ហ៊ូធី នៅយេម៉ែន ជាការឆ្លើយតបទៅនឹងក្រុមឧទ្ទាមហ៊ូធី ដែលប្រកាសគាំទ្រក្រុមហាម៉ាស់ ដែលត្រូវបានវាយ ប្រហារយ៉ាងខ្លាំងពីសំណាក់អ៊ីស្រាអែល ហើយក្រុមឧទ្ទាមនេះ បានបន្តវាយប្រហារលើកប៉ាល់ដឹកជញ្ជូន នៅសមុទ្រក្រហម។

ការវាយប្រហារលើកទីបួន លើក្រុមឧទ្ទាមហ៊ូធី ដោយសហរដ្ឋអាមេរិក កើតឡើងស្របពេលដែលអាជ្ញាធរ អាមេរិក បានចាត់ទុកក្រុមឧទ្ទាមហ៊ូធី ជាក្រុមភេរវកម្មពិភពលោក ដែលបានបញ្ជូនយន្តហោះគ្មានមនុស្សបើក ប្រដាប់អាវុធ ទៅវាយប្រហារកប៉ាល់ដឹកទំនិញ Genco Picardy នៅឈូងសមុទ្រ Aden ដែលបណ្តាល ឱ្យខូចខាតខ្លះដល់កប៉ាល់ដឹកទំនិញ។ ប៉ុន្តែមិនមានសមាជិកនាវិកណាម្នាក់រងរបួសទេ ហើយត្រូវបានចាត់ ទុកថាជាការវាយប្រហារលើកប៉ាល់ដឹកទំនិញ ដែលមានក្រុមហ៊ុននៅសហរដ្ឋអាមេរិក ជាម្ចាស់ និងដំណើរ ការជាលើកទីពីរ ក្នុងសប្តាហ៍នេះ៕