ប្រទេសថៃ ៖ រោងចក្រផលិតកាំជ្រួចការពារបក្សីមួយ នៅសង្កាត់សាលាខាវ ស្រុកមឿង ខេត្តសុផាន់បុរី ប្រទេសថៃ បានផ្ទុះខ្ទេចរាបដល់ដី បណ្តាលឲ្យមនុស្ស ១៧នាក់ ស្លាប់ ខ្ទេចសាកសពរាយប៉ាយពេញ កន្លែងកើតហេតុ ជាកន្លែងដដែល ដែលធ្លាប់បានផ្ទុះកាលពីឆ្នាំ២០២២ ។

តាមប្រភពបណ្តាញព័ត៌មានថៃ បានរាយការណ៍ថា នៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ មានករណីផ្ទុះរោងចក្រកាំជ្រួច មួយកន្លែង ស្ថិតក្នុងភូមិលេខ៣ ឃុំសាលាខាវ ស្រុកមឿង ខេត្តស៊ូផាន់ បុរី ខ្ទាតបំណែកចម្ងាយពី៥០ ទៅ១០០ម៉ែត្រ ដោយសាកសពមនុស្ស ខ្ទេចឆ្អឹងនិងសាច់ រាយប៉ាយពេញកន្លែង កើតហេតុ។

ការស៊ើបអង្កេតបឋម បានរកឃើញសាកសពមនុស្ស ១៧នាក់ បានស្លាប់ក្នុងហេតុការណ៍នេះ។

អ្នកភូមិ បាននិយាយថា នៅពេលព្រឹក មុនពេលកើតហេតុ កម្មករប្រមាណ ២០នាក់ បានចូលធ្វើការក្នុងរោង ចក្រកាំជ្រួច ខាងលើ ប៉ុន្តែមិនទាន់មានអ្នកណាចេញមកវិញទេ។

គួរបញ្ជាក់ថា រោងចក្រខាងលើនេះ ផលិតផាវ និងកាំជ្រួច សម្រាប់ដេញសត្វស្លាបស៊ីស្រូវ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ រោងចក្រនេះបានផ្ទុះឆេះម្តងរួចមកហើយ បណ្តាលឲ្យកម្មករម្នាក់ ត្រូវភ្លើងឆេះស្លាប់ និង៣នាក់ទៀត រងរបួសធ្ងន់ផងដែរ៕
