Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិឥណ្ឌា ក្លាយជាមហាអំណាចអវកាសកំពូលមួយ របស់ពិភពលោក

ឥណ្ឌា ក្លាយជាមហាអំណាចអវកាសកំពូលមួយ របស់ពិភពលោក

ឥណ្ឌា ៖ ប្រទេសឥណ្ឌា ក្លាយជាមហាអំណាចអវកាសកំពូលមួយ របស់ពិភពលោក បន្ទាប់ពីក្លាយជា ប្រទេសដំបូងគេដែលបាញ់បង្ហោះយានអវកាស ដោយជោគជ័យ ទៅប៉ូលខាងត្បូងនៃភពព្រះចន្ទ ហើយ នៅដើមឆ្នាំនេះ យានអវកាស “Aditya-L1”  របស់ឥណ្ឌា ត្រូវបានបញ្ជូនទៅធ្វើបេសកកម្មដើម្បីសង្កេត មើលព្រះអាទិត្យ យ៉ាងជិតស្និទ្ធបំផុត ធ្វើឱ្យប្រទេសមហាអំណាចពិភពលោក បើកភ្នែកមើលឥណ្ឌា គ្រប់គ្នា។

តាមប្រភពបណ្តាញព័ត៌មានថៃ ថៃរ៉ាត់ បានរាយការណ៍នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ថា បេសកកម្មផ្លាស់ ប្តូរពិភពលោក របស់ឥណ្ឌា ធ្វើឱ្យប្រជាជាតិជាច្រើន ងាកមកមើល ចាប់តាំងពីឆ្នាំមុន ដែលឥណ្ឌា បានបញ្ជូន យានអវកាស “Chandrayaan-3” បង្កើតជំពូកថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយការចុះចត នៅលើប៉ូលខាងត្បូងនៃភពព្រះចន្ទ ជាលើកទីមួយ ហើយនៅដើមឆ្នាំនេះ យានស៊ើបអង្កេត “Aditya-L1” ត្រូវបានបញ្ជូនទៅរុករកនៅភពព្រះអាទិត្យ ជាលើកដំបូង នៅក្នុងប្រទេសឥណ្ឌា ដើម្បីសិក្សាពីឥទ្ធិពល នៃ ព្យុះព្រះអាទិត្យ រួមទាំងបាតុភូតព្រះអាទិត្យ មានឥទ្ធិពលលើពិភពលោក។

កាលពីមុន ប្រទេសឥណ្ឌា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអប់រំផ្នែកអវកាស ដោយអាចបញ្ជូន យានអវកាសទៅកាន់ភពព្រះអង្គារ និងព្រះចន្ទ។ ប្រទេសឥណ្ឌា បានរៀបចំផែនការតាំងពីទសវត្សរ៍ឆ្នាំ១៩៦០ ដែលជាលទ្ធផលក្នុងរយៈពេលជាង ៦០ឆ្នាំ នៃការអភិវឌ្ឍជាបន្តបន្ទាប់នៅក្នុងបច្ចេកវិទ្យាអវកាស ។ អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) រាយការណ៍ដោយផ្ទាល់ទៅនាយករដ្ឋមន្ត្រី ជាមួយនឹងគោល នយោ បាយច្បាស់លាស់ជាបន្តបន្ទាប់ បានចាប់ផ្តើមផលិតផ្កាយរណបដោយខ្លួនឯង ជាលើកដំបូង នៅក្នុងឆ្នាំ១៩៧៥ បន្ទាប់មកបានបង្កើតរ៉ុក្កែតផ្ទាល់ខ្លួន ដើម្បីបញ្ជូនទៅកាន់ទីអវកាស ៥ឆ្នាំក្រោយ។ ឥណ្ឌា ជាប្រទេសទី៧ ដែល បង្កើតគ្រាប់រ៉ុក្កែត ដោយខ្លួនឯង។

អ្នកជំនាញ បានលើកឡើងថា គោលដៅអវកាសរបស់ឥណ្ឌា មិនខុសពីប្រទេសមហាអំណាចផ្សេងទៀតទេ គឺចាប់ផ្តើមជាមួយនឹងការបញ្ជូនយានអវកាស ទៅភពព្រះចន្ទ ជាមុនសិន។ ជំហានទីពីរ គឺទៅភពព្រះអង្គារ។ ជំហានទីបី គឺទៅភពពុធ (Venus) និងជំហានចុងក្រោយ គឺត្រូវទៅភពព្រះអាទិត្យ។ ចាប់ផ្តើមពីភពដែលនៅជិតផែនដីបំផុត ជាមុនសិន។ ថ្មីៗនេះ ឥណ្ឌាគឺជាប្រទេសទីបួន អាចចុះចតយានអវ កាស នៅឋានព្រះចន្ទ ដោយជោគជ័យ។

ទន្ទឹមនឹងនេះដែរ នាពេលថ្មីៗនេះ យាន “Aditya-L 1” ត្រូវបានបញ្ជូនទៅរុករកនៅជិតព្រះអាទិត្យ ធ្វើឲ្យឥណ្ឌា ក្លាយជាប្រទេសមួយ ក្នុងចំណោមប្រជាជាតិមួយចំនួន ដែលអាចធ្វើបែបនេះ។ ដោយសារតែព្រះអាទិត្យក្តៅ ប្រទេសជាច្រើន បានព្យាយាមបញ្ជូនយានអវកាសទៅជិតបំផុត តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនបានជោគ ជ័យ។

ឥណ្ឌា អាចបញ្ជូនយាន “Aditya-L 1” ទៅគន្លងនៅជិតព្រះអាទិត្យ វាគឺជាជំហានដ៏សំខាន់មួយទៀត នៅក្នុង ឧស្សាហកម្មអវកាសពិភពលោក ដោយសារតែនៅខាងក្រៅ ត្រូវតែប្រើសម្ភារៈធន់នឹងកម្តៅខ្ពស់ និងប្រព័ន្ធគ្រប់ គ្រងដែលមានភាពធន់នឹងរលកម៉ាញេទិកដែលមកពីព្រះអាទិត្យ។ វានឹងអនុញ្ញាតឱ្យប្រមូលទិន្នន័យអំពីខ្យល់ព្រះអាទិត្យ ដែលមានឥទ្ធិពលកាន់តែច្បាស់ លើពិភពលោក ព្រោះ កាលពីអតីតកាល នៅពេលដែលបាតុភូតខ្យល់ព្រះអាទិត្យ បានកើតឡើង ដែលប៉ះពាល់ដល់ពិភពលោក វានឹង មិនមានការបញ្ជូនព័ត៌មានគ្រប់គ្រាន់ដើម្បីព្រមានជាមុនទេ។

ការអភិវឌ្ឍបច្ចេកវិទ្យាអវកាសឥណ្ឌា វាក៏ល្អសម្រាប់ស្ថិរភាពផងដែរ ព្រោះបើនៅអនាគត មានជម្លោះក្នុងចំ ណោមមហាអំណាច ដល់ចំណុចមិនបញ្ជូនព័ត៌មានអវកាសទៅប្រទេសដទៃ វាមានឥទ្ធិពលយ៉ាងខ្លាំង ទៅលើ ប្រទេសមហាអំណាច។ វានឹងមានផ្កាយរណប GPS ផ្ទាល់ខ្លួន។

គោលដៅបន្ទាប់របស់ឥណ្ឌា បន្ទាប់ពីជោគជ័យក្នុងការបញ្ជូនយាន “Aditya-L 1” ទៅគន្លងនៅជិតព្រះអាទិត្យ គឺចាប់ផ្តើមអភិវឌ្ឍយានអវកាសជាមួយមនុស្សនៅខាងក្នុង ដែលមិនធ្លាប់ធ្វើបានជោគជ័យកន្លងមក។ ដំបូងនឹងយកអវកាសយានិក មកគោចរជុំវិញផែនដី ជាមុនសិន ហើយមានគម្រោងបន្តរុករកនៅភពសុក្រ នៅប៉ុន្មានទសវត្សរ៍ខាងមុខ។ គោលដៅអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាសរបស់ឥណ្ឌា សម័យកាលដំបូង គឺការអភិ វឌ្ឍន៍បច្ចេកវិទ្យា និងសេដ្ឋកិច្ច។ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ ចាប់ផ្ដើមមានបញ្ហាស្ថិរភាព ដោយសារតែប្រ ទេសចិន ដែលជាប្រទេសជិតខាង មានបច្ចេកវិទ្យាអវកាសជឿនលឿន ដូច្នេះហើយទើបឥណ្ឌា ត្រូវពន្លឿន សមត្ថភាពរបស់ខ្លួន ព្រោះរឿងមិននឹកស្មានដល់ អាចនឹងកើតឡើងនៅពេលអនាគត។ វាជារឿងសំខាន់ដែលប្រទេសមហាអំណាច ពន្លឿនការសិក្សាអំពីបច្ចេកវិទ្យាអវកាស ព្រោះវាជាបច្ចេកវិទ្យា ដែលមិនមានលក់ក្នុងពិភពលោក ហើយមិនត្រូវបានគេចាក់ផ្សាយទៅប្រទេសផ្សេងទៀតដោយលម្អិត ដូច្នេះ ហើយទើបធ្វើឲ្យប្រទេសជាច្រើនជុំវិញពិភពលោក ពន្លឿនការអភិវឌ្ឍន៍សមត្ថភាពអវកាសរបស់ខ្លួន៕

RELATED ARTICLES