Monday, June 23, 2025
Homeព័ត៌មានអន្តរជាតិអ៊ីស្រាអែល ទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា ១ថ្ងៃ សម្លាប់មនុស្ស ១២៦នាក់

អ៊ីស្រាអែល ទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា ១ថ្ងៃ សម្លាប់មនុស្ស ១២៦នាក់

អ៊ីស្រាអែល ៖ កងទ័ពអ៊ីស្រាអែល បានបន្តវាយប្រហារតំបន់ហ្គាហ្សា ដោយការទម្លាក់គ្រាប់បែក បណ្តាល ឲ្យមានមនុស្សស្លាប់ ចំនួន ១២៦នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ខណៈ ពេលដែលលោកអែនថូនី ប្លីនខេន (Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អំពាវនាវឱ្យ អ៊ីស្រាអែល កាត់បន្ថយការបាត់បង់ប្រជាជនរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍ងថា អ៊ីស្រាអែល បានបន្តធ្វើការវាយប្រហារតាមផ្លូវអាកាស ក្នុងតំបន់ផ្សេងៗ នៅហ្គាហ្សាស្ទ្រីប ជាបន្តបន្ទាប់ នៅថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០២៤ ។ ក្រសួងសុខាភិបាល នៅហ្គាហ្សា ក្រុមដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានប្រកាសថា មនុស្សចំនួន ១២៦នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ រយៈពេល ២៤ ម៉ោងកន្លងមកនេះ។

តួលេខចុងក្រោយនេះ នាំឱ្យចំនួនជនរងគ្រោះដែលបាត់បង់ជីវិត ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ កើនដល់យ៉ាងហោចណាស់ ២៣ ២១០នាក់ និងអ្នករងរបួស សរុបចំនួន ៥៩ ១៦៧នាក់ ។អ៊ីស្រាអែល អះអាងថា ការវាយប្រហាររបស់ពួកគេ ទៅលើតំបន់ខាន់យូនី (Khan Yunis) ភាគខាងត្បូង ហ្គាហ្សា បានសម្លាប់ភេរវករ ៤០នាក់ ដោយភ្នាក់ងាររបស់ពួកគេ ក៏បានរកឃើញអាវុធ និងផ្លូវរូងក្រោមដី ដែលប្រើដោយក្រុមហាម៉ាស់ ផងដែរ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកអែនថូនី ប្លីនខេន (Antony Blinken) បានទៅ បំពេញបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ដើម្បីពិភាក្សាអំពីស្ថានភាពនៅហ្គាហ្សាជាមួយ មន្ត្រីជាន់ខ្ពស់ អ៊ីស្រាអែល។ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ដោយការ សង្កត់ធ្ងន់លើការកាត់បន្ថយចំនួនមនុស្សស្លាប់ក្នុងការវាយប្រហារ។

លោក Blinken បញ្ជាក់ថា អ៊ីស្រាអែល ត្រូវធ្វើបន្ថែមទៀត ដើម្បីបើកលំហូរជំនួយទៅកាន់តំបន់ហ្គាហ្សា និងធានាឱ្យមានការចែកចាយការផ្គត់ផ្គង់ដោយរលូន នេះក៏ព្រោះតែអ្នកស្រុកហ្គាហ្សា ជាង ៩០% បច្ចុប្បន្នកំពុងប្រឈមនឹងអសន្តិសុខស្បៀង ហើយចំនួនជនស៊ីវិលស្លាប់នៅហ្គាហ្សា ជាពិសេសកុមារ មានកម្រិតខ្ពស់។

ទោះបីជាយ៉ាងណា លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានការពារអ៊ីស្រាអែល ជុំវិញការប្តឹង របស់ អាហ្វ្រិកខាងត្បូង ពីបទប្រល័យពូជសាសន៍ប្រឆាំងនឹងរដ្ឋាភិបាលជ្វីហ្វ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ពួកគេថា វាគ្មានប្រយោជន៍ និងរំខានដល់ពីបញ្ហាសន្តិភាព។

រដ្ឋមន្ត្រីការបរទេសអាមេរិក បានសង្កត់ធ្ងន់ថា បញ្ហារដ្ឋប៉ាឡេស្ទីន គឺជាផ្នែកសំខាន់នៃផែនការសន្តិភាព ហើយ កិច្ចសហប្រតិបត្តិការក្នុងតំបន់ គឺត្រូវការជាចាំបាច់ដើម្បីឈានទៅដល់គោលដៅនោះ។ ពលរដ្ឋហ្គាហ្សា ត្រូវតែ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

លោក Blinken បាននិយាយថា សហរដ្ឋអាមេរិក នឹងឈរជាមួយអ៊ីស្រាអែល ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម ហេសបូលឡាហ៍ នៅតំបន់ព្រំដែនលីបង់ ហើយសហរដ្ឋអាមេរិក នឹងគាំទ្រអ៊ីស្រាអែល ក្នុងការស្វែងរកដំ ណោះស្រាយការទូតចំពោះជម្លោះនេះ៕

RELATED ARTICLES